ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅកូរ៉េប្រារព្វពិធីទិវាជ័យជម្នះ ៧មករាខួបលើកទី៤០នៅប្រទេសកូរ៉េ
ប្រទេសកូរ៉េ៖ ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅកូរ៉េបានប្រារព្វពិធីទិវាជ័យជម្នះ ៧មករាខួបលើកទី៤០នៅប្រទេសកូរ៉េនៅថ្ងៃអាទិត្យទី២៧ មករា ២០១៩នេះ ក្រោមវត្តមានលោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ។
មន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានអោយដឹងថា ការប្រារព្វទិវាជ័យជម្នះ ៧មករា ខួបលើកទី៤០ ដែលជាថ្ងៃកំណើតលើកទី២របស់ប្រជាជាតិកម្ពុជាទាំងមូល ត្រូវបានបញ្ចប់ក្នុងប្រទេសកូរ៉េ ដោយពួកយើងបានប្រារព្ធធ្វើក្នុងពេញមួយខែមករានេះ ជារៀងរាល់ថ្ងៃអាទិត្យតាមតំបន់ផ្សេងៗ រួមជាមួយនឹងក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។
គួរបញ្ជាក់ថា ការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករានេះឡើង គឺដើម្បីរម្លឹកដល់ថ្ងៃកំណើតទីពីរនៃការរស់មានជីវិតឡើងវិញ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះខ្លួន ចេញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត។
កាលពី៤០ ឆ្នាំមុន ទឹកដីកម្ពុជាត្រូវបាន ពួកប៉ុល ពត ឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផល សិទ្ធិសេរីភាព និងជីវិតប្រជាជនកម្ពុជា ដ៏ឃោរឃៅយង់ឃ្នងបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូល ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតជោគជាំដោយឈាម និងទឹកភ្នែក ហើយប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធម និងអយុត្តិធម៌បំផុត។ ប៉ុន្តែក្រោយមករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត រួមនិងកម្លាំងសាមគ្គីពីប្រជាជនកម្ពុជា ទាំងមូលបានធ្វើការប្រឆាំងតស៊ូពីរបបប្រល័យពូជសាសន៍ ព្រមទាំងទទួលបានការជួយ ឧបត្ថម្ភគាំទ្រដ៏ស្មោះសរទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រ ចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព យុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍សម្រេចបានមហាជ័យជម្នះ ដ៏ត្រចះត្រចង់ជាប្រវត្តិ សាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕