ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន នឹងធ្វើឱ្យទំនាក់ទំនង កាន់តែស៊ីជម្រៅ

225

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន នាឆ្នាំ២០១៩នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន កាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀតនាពេលអនាគត ចាប់ពីពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រលប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា កម្ពុជា-ចិន នៅសណ្ឋាគារសុខាភ្នំពេញ ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ឆ្នាំវប្បធម៌-ទេសចរណ៍ កម្ពុជា-ចិន នាឆ្នាំ២០១៩នេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន កាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀតនាពេលអនាគត ចាប់ពីពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជានិងចិន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០នៃការ បង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានសកម្មភាពវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ។ នៅក្នុងរយៈពេល៦០ឆ្នាំនេះ ប្រទេសយើងទាំងពីរ បានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់រូបភាព ដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ ក៏ដូចជាការរួមចំណែកកសាងសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់។ កន្លងមក កម្ពុជានិងចិនបានធ្វើការផ្លាស់ប្តូរ គណៈប្រតិភូថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំផ្សេងទៀតជាច្រើន ដើម្បីពង្រីកពង្រឹងមិត្តភាពដ៏យូរលង់ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន និងប្រទេសយើងទាំងពីរ។

ជាក់ស្តែង ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃមុននេះនៅប្រទេសចិន បានទទួលលទ្ធផលដ៏ធំធេង ក្នុងការពង្រីក ពង្រឹងមិត្តភាពយ៉ាងកក់ក្ដៅ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផ្លែផ្កា រវាងប្រទេសយើងទាំងពីរ ហើយ ឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០១៩នេះ ក៏ជាលទ្ធផលនៃការឯកភាពរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត ចិន។ ដោយនៅក្នុងឱកាសទស្សនកិច្ចនេះដែរលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិនបានប្រកាសផ្ដល់ជំនួយដល់កម្ពុជា ចំនួន៤.០០០លានយ័ន និងទិញអង្ករពីកម្ពុជា ចំនួន៤០ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ រួមទាំងការប្ដេជ្ញាការពារមិនឲ្យមានបដិវត្ដន៍ពណ៌ និងការការពារសុខសន្ដិភាពនៅក្នុងតំបន់។

ទន្ទឹមនឹងនេះដែរ វិស័យទេសចរណ៍កម្ពុជាមានសក្ដានុពលធំធេងណាស់ ដែលមានប្រាសាទជាង១០០០សមនឹងកិត្តិនាមជា ព្រះរាជាណាចក្រអច្ឆរិយៈ រួមទាំងសម្បត្តិវប្បធម៌អរូបីយ និងតំបន់អេកូ-ទេសចរណ៍សម្បូរបែប។ រដ្ឋាភិបាលចិនក៏បានរួមចំណែកយ៉ាងធំធេង ជួយជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ជាអាទិ៍ ជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ និងបន្ដជួយជួសជុលប្រាសាទបុរាណផ្សេងៗ ទៀត ជាពិសេសប្រាសាទព្រះវិហារ។ សម្បត្តិវប្បធម៌ទាំងអស់នេះរបស់កម្ពុជាជាប្រភពកាត់មិនដាច់ពីការ រីកចម្រើនអត់ឈប់ឈរនៃទេសចរណ៍កម្ពុជា។
ជាក់ស្តែងកាលពីឆ្នាំ២០១៨កន្លងមក យើងទទួលបានទេសចរអន្តរជាតិប្រមាណ៦,២លាននាក់ ដែលក្នុងនោះទេសចរចិនប្រមាណ១,៩លាននាក់ ស្ថិតក្នុងលំដាប់លេខ១ ទាំងក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរចិនប្រមាណ៣លាននាក់ នៅឆ្នាំ២០២០ ហើយនឹងកើន ដល់៥លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ៨លាននាក់នៅឆ្នាំ២០៣០។ ការកើនឡើងនៃទេសចរចិនមកទស្សនាកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដោយសារមានការហោះហើរត្រង់ពីចិនមកកម្ពុជា ដោយក្រុមហ៊ុនអាកាសចរចិនចំនួន១២ ដែលក្នុងមួយអាទិត្យមានការហោះហើរមកកម្ពុជាចំនួន២០៧ជើង សរុបក្នុងមួយឆ្នាំមាន១៥០៤ជើង ព្រមទាំងថ្មីៗនេះមានការហោះហើរត្រង់ពីប៉េកាំងមកភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង