ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ៖ ថ្នាក់ដឹកនាំអង្គភាពត្រូវតែឈប់ប្រកាន់ទស្សនៈដែលថា ការបញ្ជូនមន្រ្តីទៅទទួលការបណ្ដុះបណ្ដាលគឺជាការដាក់ពិន័យ

93


កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង បាន មើលឃើញថា ប្រធានអង្គភាពមួយចំនួនតែងតែបញ្ជូនមន្ដ្រីដែលមិនសូវគោរពវិន័យឲ្យមកសិក្សា ជាហេតុធ្វើឲ្យខាងស្ថាប័នបណ្ដុះបណ្ដាលពិបាកក្នុងការគ្រប់គ្រង។

មន្រ្តីនគរបាលទទួលបានការសិក្សារៀនសូត្រ មានចំណេះ មានជំនាញ ត្រូវបានសម្ដេចក្រឡាហោម បានណែនាំឲ្យអនុត្តន៍ និង បំពេញការងារឲ្យបានល្អ បើមិនដូច្នេះទេវាប្រៀបបានការធ្វើឲ្យខាតថវិកាជាតិ និងពេលវេលាឥតប្រយោជន៍។ ថ្នាក់ដឹកនាំអង្គភាពវិញ ក៏ត្រូវតែឈប់ប្រកាន់ទស្សនៈដែលថា ការបញ្ជូនមន្រ្តីទៅទទួលការបណ្ដុះបណ្ដាលគឺជាការដាក់ពិន័យ និងត្រូវកត់សំគាល់មន្រ្តីមានសមត្ថភាព ដើម្បីលើកទឹកចិត្តឲ្យបំពេញការងារត្រូវជំនាញ និងចំណេះដឹង។

នៅព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅកម្ពស់៥ជាន់ និងសមិទ្ធផលនានានៃបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

សមិទ្ធផល ដែលត្រូវបានសម្ពោធនៅថ្ងៃនេះ រួមមាន អគារស្នាក់នៅ អគារក្បាច់គុណ ទីលានហាត់បាញ់គ្រាប់ពិត ទីលានហ្វឹកហាត់ឆ្លងការឧបសគ្គ ទីលានហាត់បង្រ្កាបបទល្មើសសិប្បនិមិត្ត អាងហ្វឹកហាត់ហែលទឹក និងផ្លូវបេតុង។

បន្ទាប់ពីអង្គពិធីបានស្ដាប់របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលសម្ពោធនៅថ្ងៃនេះរបស់បណ្ឌិតសហភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ទៅកាន់អ្នកចូលរួម ពាក់ព័ន្ធនិងការងារអប់រំបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ នៅបណ្ឌិតសភានគរបាលកម្ពុជា។

សម្ដេចក្រឡាហោម​ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីបណ្ឌិតសភានគរបាលកម្ពុជាគ្រប់ផ្នែក ដែលបំពេញការងារលើកម្ពស់គុណភាពអប់រំ និងបណ្ដុះបណ្ដាលសិក្ខាកាមជាមន្រ្តីនគរបាល ពិសេសពង្រឹងគុណភាពបណ្ឌិតសភានគរបាលកម្ពុជាឲ្យកាន់តែសមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

សម្ដេចក៏បានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណសប្បុរសជនជាតិ និងអន្តរជាតិ ដែលបានគាំទ្រការកសាងសមិទ្ធផលនៅថ្ងៃនេះ ហើយសម្ដេចមានជំនឿថាសប្បុរសជនទាំងនោះ នឹងបន្តជួយឧបត្ថម្ភក្នុងកិច្ចការនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ ពិសេសរួមចំណែកពង្រឹងសមត្ថភាព និងចំណេះដឹងមន្រ្តីនគរបាលដែលជាអ្នកការពារសុខ សន្តិភាព និងសណ្ដាប់ធ្នាប់សារណៈ។

សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍មួយចំនួនជូនអង្គពិធីទាំងមូល ដែលក្នុងនោះសម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាសម័យនីតិរដ្ឋដូចបច្ចុប្បន្ន មន្រ្តីគរបាលត្រូវតែទទួលការបណ្ដុះបណ្ដាល បើមិនបណ្ដុះបណ្ដាលមិនមែនជាមន្រ្តីនគរបាលឡើយ ខុសពីសម័យមុនដែលតម្រូវការពេលនោះគឺធ្វើយ៉ាងណាឲ្យតែមានអ្នកមកចូលធ្វើនគរបាល។

ដោយឡែកមន្រ្តីនគរបាលទទួលបានការសិក្សារៀនសូត្រ មានចំណេះ មានជំនាញ ត្រូវបានសម្ដេចណែនាំឲ្យអនុត្តន៍ និង បំពេញការងារឲ្យបានល្អ បើមិនដូច្នេះទេវាប្រៀបបានការធ្វើឲ្យខាតថវិកាជាតិ និងពេលវេលាឥតប្រយោជន៍។ ថ្នាក់ដឹកនាំអង្គភាពវិញ ក៏ត្រូវតែឈប់ប្រកាន់ទស្សនៈដែលថា ការបញ្ជូនមន្រ្តីទៅទទួលការបណ្ដុះបណ្ដាលគឺជាការដាក់ពិន័យ និងត្រូវកត់សំគាល់មន្រ្តីមានសមត្ថភាព ដើម្បីលើកទឹកចិត្តឲ្យបំពេញការងារត្រូវជំនាញ និងចំណេះដឹង។

ចំពោះមន្រ្តីមិនគោរពវិន័យវិញ សម្ដេចបានផ្ដល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំអង្គភាព បង្កើនការប្រឹងប្រែងជួយអប់រំ និងណែនាំបន្ថែមទៀត ដើម្បីឲ្យពួកគេក្លាយជាមន្រ្តីល្អ ដោយមិនត្រូវបោះបង់ពួកគេនោះទេ ប៉ុន្តែត្រូវបញ្ជូនមកអប់រំ។ ពាក់ព័ន្ធនឹងការចាត់ចែងមន្រ្តីគរបាលមកអប់រំ សម្ដេចក៏បានផ្ដាំផ្ញើដែរថាមិនត្រូវបញ្ជូនតែមនុស្សដដែលៗនោះទេ។

ពាក់ព័ន្ធនឹងអង្គភាពមិនសូវផ្ដល់តម្លៃមន្រ្តីវ័យក្មេង មានសមត្ថភាព សក្ដានុពល និងបានបញ្ចប់ការសិក្សានៅបណ្ឌិតសភានគរបាល សម្ដេចក្រឡាហោម បានទទូចឲ្យបញ្ឈប់បញ្ហានេះ ពីព្រោះវាធ្វើឲ្យមន្ត្រីប្រឹងប្រែងរៀនសូត្របាក់ទឹកចិត្ត ធ្វើឲ្យគ្រូគ្មានកម្លាំងចិត្តអប់រំសិស្ស ពិសេសវាអាចធ្វើឲ្យមានទស្សនៈរៀនក៏មិនបានអ្វីមកវិញជាដើម។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីជឿជាក់ថាថ្នាក់ដឹកនាំបណ្ឌិតសភានគរបាលកម្ពុជា ថ្នាក់ដឹកនាំអង្គភាពនគរបាល សាស្រ្តាចារ្យនគរបាល សិក្ខាកាម និងភាគីពាក់ព័ន្ធ នឹងបន្តរួមគ្នាធ្វើយ៉ាងណាឲ្យបណ្ឌិតសភានគរបាលកម្ពុជា ក្លាយជាធនាគារចំណេះដឹងនៃនគរបាលទូទាំងប្រទេស ដោយសម្ដេច និងរាជរដ្ឋាភិបាល នឹងបន្តផ្ដល់ការគាំទ្រជានិច្ច។

សម្ដេចក្រឡាហោម ស ខេង បាន មើលឃើញថា ប្រធានអង្គភាពមួយចំនួនតែងតែបញ្ជូនមន្ដ្រីដែលមិនសូវគោរពវិន័យឲ្យមកសិក្សា ជាហេតុធ្វើឲ្យខាងស្ថាប័នបណ្ដុះបណ្ដាលពិបាកក្នុងការគ្រប់គ្រង។ អង្គភាពសាម៊ីមួយចំនួននៅតែគិតថា ការចាត់មន្ដ្រីទៅបណ្ដុះបណ្ដាល គឺជារូបភាពនៃការដាក់ទណ្ឌ គឺមិនមែនមកទទួលយកចំណេះដឹង និងជំនាញថ្មីៗពីសាលាដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងារ និងអភិវឌ្ឍន៍អង្គភាពនោះទេ ដូច្នេះហើយទើបប្រធានអង្គភាពសាម៊ីមួយចំនួននៅតែបញ្ជូនមន្ដ្រីដែលមិនគោរពវិន័យ ឬមន្ដ្រីអសកម្មឲ្យទៅសិក្សាដែលជាហេតុធ្វើឲ្យខុសនឹងលក្ខខណ្ឌ និងបង្កការលំបាកដល់សាលាក្នុងការគ្រប់គ្រង។ ទាក់ទងការចាត់បញ្ជូនមន្ដ្រីមកសិក្សារៀនសូត្រនេះ តែក៏នៅមានកន្លែងខ្លះ អង្គភាពមួយចំនួនដែលនៅតែមិនទាន់យល់ច្បាស់នៅឡើយ។ ដូច្នេះសម្ដេចក្រឡាហោម អំពាវនាវដល់អ្នកទទួលខុសត្រូវ និងអង្គភាពសាម៊ីចាប់អារម្មណ៍ហើយយកចិត្តទុកដាក់ដោយជ្រើសរើសមន្ដ្រីដែលមានអនាគតល្អសម្រាប់បណ្ដុះបណ្ដាល ហើយមន្ដ្រីដែលឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារ ក៏ដូចជាក្នុងការសិក្សារៀនសូត្រ ចំពោះអ្នកដែលមិនគោរពវិន័យអសកម្មក៏មិនបោះបង់ពួកគេចោលដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បាណែនាំ ដល់ប្រធានអង្គភាពទាំងអស់ ពេលផ្ដល់តួនាទីឲ្យដល់មន្ដ្រី ត្រូវគិតអ្វីដែលគេបានសិក្សា មិនមែនយកមន្ដ្រីរត់ការមិនបានរៀនឡើងកាន់តំណែងនោះទេ ព្រោះមន្ដ្រីទាំងនោះមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលឡើយ ដូច្នេះការងារក៏មិនរីកចម្រើនដូចគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង