ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរជើងចាស់ចូលគុកជាលើកទី៣

79

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣០មករានេះ បានប្រកាសថា
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីយប់ មានករណីចោរកម្មលួចចូលផ្ទះគាស់ទម្លុះទម្លាយយក សម្ភារៈមានតម្លៃ ព្រមទាំងប្រាក់ដុល្លារអាមេរិក មួយចំនួនធំ និងរថយន្តទំនើបម៉ាក ឡិចស៊ីស៥៧០ មួយគ្រឿង នៅចំណុចផ្ទះលេខ២៨ ផ្លូវD០១ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ រួមជាមួយ ការិយាល័យបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌមានជ័យ បានសហការគ្នាបើកការ ស្រាវជ្រាវជាបន្តបន្ទាប់រហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួន ជនសង្ស័យ ២នាក់ ឈ្មោះ អាត រដ្ឋា និងឈ្មោះ ពូន សុខគន្ធ ព្រមទាំងដកហូតរថយន្ត ១គ្រឿង ម៉ាកRav4 ក៏ប៉ុន្តែជនសង្ស័យមិនព្រមសារភាព និងសហការផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចឡើយ។

ដោយវិធានការណ៍ជំនាញ នៅវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ធ្វើការកំណត់គោលដៅ និងរកឃើញរថយន្តមួយគ្រឿងទៀត ម៉ាក Lexus ៥៧០ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងផ្ទះគ្មានលេខ ផ្លូវ៤៨BT ភូមិក្បាលទំនប់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រលប់មកវិញប្រគល់ជូនជនរងគ្រោះ ។

វិធានការជំនាញបន្ត អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃើញថា ឈ្មោះ អាត រដ្ឋា គឺជាជនដៃដល់ ដែលបានចូលលួច ទ្រព្យសម្បត្តិ និងរថយន្តផ្ទាល់ ជាមួយដៃគូរម្នាក់ផ្សេងទៀត ឈ្មោះ សុខ វណ្ណា។ ហើយឈ្មោះ អាត រដ្ឋា នេះ ធ្លាប់ជាប់គុក ២ដងរួចមកហើយ ពាក់ព័ន្ធករណីលួចរថយន្តទំនើបៗយ៉ាងសកម្មនៅតាមបុរី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើកទី១ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ហើយត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ និង ឃាត់ខ្លួនលើកទី២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ហើយត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ ក្នុងដើមឆ្នាំ២០១៩ នេះ ឈ្មោះ អាត រដ្ឋា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារជាលើកទី៣ រីឯដៃគូរឈ្មោះ សុខ វណ្ណា ដែលបានចូលរួមលួចជាមួយគ្នា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ គឺទើបចេញពីគុកជាមួយគ្នាកាលពី ៤ខែមុន បច្ចុប្បន្នបានគេចខ្លួនរួច។ រាល់ពេលសមត្ថកិច្ចឃាត់ខ្លួនម្តងៗ ឈ្មោះ អាត រដ្ឋា បានប្រើឈ្មោះផ្សេងៗគ្នា រួមមាន ឈ្មោះអាត រដ្ឋា ឬ គង់មាន ឬ រុំ រដ្ឋា ហៅមាន ឬប៉ូយ។

ឈ្មោះ អាត រដ្ឋា បានសារភាពបន្ថែមថា ក្នុងអំឡុងពេលជាប់ពន្ធនាគារ រូបគេជាមួយឈ្មោះ សុខ វណ្ណា តែងតែពិភាក្សា គ្នាអំពីវិធីសាស្រ្តក្នុងការលួច វិធីសាស្រ្តគេចពីសមត្ថកិច្ច វិធីសាស្រ្តឆ្លើយដោះបន្ទុកពេលសមត្ថកិច្ចចាប់បាន និងវិធីសាស្រ្តឆ្លើយសម្រាលទោសនៅចំពោះមុខតុលាការ។ លុះពេលរូបគេនិងឈ្មោះ សុខ វណ្ណា ចេញពីពន្ធនាគារ ក៏ចាប់ដៃគ្នា អនុវត្តន៍ផែនការលួចនិងវិធីសាស្រ្តទាំងឡាយ ដែលបានពិភាក្សា គ្នាក្នុងពន្ធនាគារ រហូតចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាលើកទី៣ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដោយចោទពីបទលួចមានស្ថានទម្ងន់ទោសមិនរាងចាល ៕

អត្ថបទដែលជាប់ទាក់ទង