ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលានៅបាងកកត្រូវបិទទ្វារ ដោយសារផ្សែងបំពុល

143

ផ្សែងឈ្លក់ បានបង្ខំឱ្យសាលារៀននៅទីក្រុងបាងកកត្រូវបិទទ្វារឈប់សម្រាក ហើយប្រជាជនដែលនឹងប្រារព្វពិធីចូលឆ្នាំចិនខាងមុខនេះ ត្រូវហាមមិនឱ្យដុតធូប និងកាំជ្រួចឡើយ។ គុណភាពខ្យល់នៅទីក្រុងបាងកកកំពុងស្ថិតក្នុងស្ថានភាពបំពុល ដោយសារតែភាគល្អិតគ្រោះថ្នាក់ PM2.5 បានកើនលើសកម្រិត នៅតំបន់ចំនួន ៤១កន្លែង ជុំវិញទីក្រុងបាងកក។ នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងការបំពុល។

សន្ទស្សន៍គុណភាពខ្យល់ (AQI) កាលពីថ្ងៃពុធ បានបង្ហាញថា PM2.5 ស្មើនឹង ១៧៥ នៅពេលថ្ងៃត្រង់ ដែលកម្រិតនេះបានធ្វើឱ្យទីក្រុងបាងកកក្លាយជាទីក្រុងដែលទទួលរងការបំពុលខ្យល់លំដាប់ទី៥ នៅលើពិភពលោក ខណៈដែលទីក្រុងញ៉ូវ ដេលី ស្ថិតនៅលំដាប់ទី១ ដែលមាន PM2.5 ស្មើនឹង ២៥៧។ លោក Pittiphon Punnakan មន្ត្រីនាំពាក្យរដ្ឋាភិបាល បានប្រាប់អ្នកយកសារព័ត៌មានថា ថ្នាក់រៀននៅក្នុងសាលារដ្ឋចំនួនជាង ៤00សាលា ត្រូវបានផ្អាកនៅរសៀលថ្ងៃពុធ ខណៈដែលសាលារដ្ឋ និងឯកជនផ្សេងៗទៀតនៅទីក្រុងបាងកក និងតំបន់ក្បែរៗនោះ បានបិទនៅថ្ងៃព្រហស្បតិ៍ និងសុក្រ។
លោកបានលើកឡើងថា «យើងនឹងវាយតម្លៃស្ថានការណ៍នៅថ្ងៃសៅរ៍ និងអាទិត្យ ដើម្បីឱ្យដឹងថា តើសាលាទាំងនោះនឹងបន្តបិទទ្វាររហូតដល់សប្តាហ៍ក្រោយទៀតដែរឬយ៉ាងណា។
ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលក៏បានចាត់វិធានការដែរ ដូចជា ការបង្កើតពពកភ្លៀងសិប្បនិមិត្ត ត្រួតពិនិត្យចរាចរណ៍រថយន្តធំៗ និងការចុះត្រួតពិនិត្យតាមផ្លុវជាដើម ប៉ុន្តែវិធានការទាំងមិនមានប្រសិទ្ធភាពក្នុងការសម្អាតការបំពុលខ្យល់បានឡើយ។

អត្ថបទដែលជាប់ទាក់ទង