អភិបាលខណ្ឌទួលគោកជម្រុញអោយមន្ត្រីនិងអាជ្ញាធរសង្កាត់ទាំងអស់ផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋទុកដាក់សម្រាមអោយបានត្រឹមត្រូវមុននឹងឈានដល់ការផាកពិន័យ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន បានធ្វើការជម្រុញអោយមន្ត្រីនិងអាជ្ញាធរសង្កាត់ទាំង១០ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអោយបានយល់ច្បាស់ពីការទុកដាក់សម្រាមអោយបានត្រឹមត្រូវ មុននឹងឈានដល់ការផាកពិន័យពួកគាត់ បើពួកគាត់នូវតែល្មើសបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ទៀតនោះ។
ការជម្រុញបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ២០១៩ ក្នុងសកម្មភាពដើររើសសំរាម តាមសួនច្បារនិងនៅតាមដងផ្លូវសាធារណៈ ដើម្បីអបអរសាទេទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ«ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ»នៅសួនច្បារចេន ឡា សង្កាត់ផ្សារដើមគរខណ្ឌទួលគោក។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា កន្លងមកនេះ មន្ត្រី និងអាជ្ញាធរសង្កាត់ទាំង១០របស់យើងពិតជាបានរួមគ្នា សំអាតបរិស្ថាន ធ្វើអោយមូលដ្ឋានខណ្ឌទួលគោកទាំងមូល ទទួលបានបរិស្ថានល្អ រហូតទទួលបានផ្ការំដួល ២ទង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កិច្ចការងារនេះយើងត្រូវរួមគ្នាបន្តទៀត លើការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអោយបានយល់ច្បាស់ពីការទុកដាក់សម្រាមអោយបានត្រឹមត្រូវ មុននឹងឈានដល់ការផាកពិន័យពួកគាត់ បើសិនជាពួកគាត់ នៅតែល្មើសបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ទៀតនោះ។ ក្រៅពីនេះ លោកឯក ឃុនដឿនក៏បានស្នើអោយកម្មករ កម្មការិនី ក្រុមហ៊ុន ស៊ិន ទ្រីរៀបចំខ្លួនអោយបានស្អាត និងដឹកជញ្ជូន ប្រមូលសំរាមអោយបានទាន់ពេលវេលា។
លោកឯក ឃុនដឿនក៏បានបញ្ជាក់ផងដែរ អ្វីដែលយើងត្រូវធ្វើនោះ គឺការចុះអនុវត្តដោយផ្ទាល់ ការអប់រំ ផ្សព្វផ្សាយដដែលៗ អោយអស់លទ្ធភាព បើពួកគាត់នៅតែមិនព្រមអនុវត្តតាមទេ ពោលគឺនៅតែបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ទៀតនោះ នៅក្នុងឆ្នាំ២០១៩នេះ យើងចាប់ផាក់ពិន័យតែម្តង។
គួរបញ្ជាក់ផងដែរថា កម្មវិធីដើររើសសំរាម ដើម្បីអបអរសាទេទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ«ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ»នៅសួនច្បារចេន ឡានេះ ក្រុមការងារ ពិសេសលោកឯក ឃុនដឿន បានដើររើស បោសនិងកើបសំរាមនៅសួនច្បារចេន ឡា រួច បន្តមករើសនៅតាមដងផ្លូវសាធារណៈនានានៅក្នុងមូលដ្ឋានខណ្ឌ ទើបបញ្ចប់សកម្មភាពរបស់ខ្លួន ដើម្បីធ្វើការដាស់សតិអារម្មណ៍ប្រជាពលរដ្ឋអោយចូលរួមសំអាត អនាម័យ បរិស្ថានទាំងអស់គ្នា ៕