កម្ពុជាត្រូវការថវិកាប្រមាណ៤០៦លានដុល្លារទៀត ដើម្បីបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥
ភ្នំពេញ៖ តាមការស្រាវជ្រាវចម្ការមីនមូលដ្ឋានបានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថា មានមីន សំណល់ជាតិផ្ទុះ ពីសង្រ្គាម និងគ្រាប់បែកចង្កោម ប្រមាណជាង ១៩៧០គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ៤០៦លានដុល្លារ។
សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីន លើកទី២០ បានលើកឡើងថា ថ្ងៃទី២៤ខែកុម្ភៈ ជាខួបលើកទី២០ ទិវាជាតិយល់ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនជនរួមជាតិ ដែលរស់នៅតំបន់រងផលប៉ះពាល់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា គ្រាប់មីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្រ្គាម ឥណ្ឌូចិន និងជម្លោះផ្ទៃក្នុងកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍ មិនត្រឹមតែបង្កសោកនាដកម្ម ដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិត សុខភាព ប្រជាពលរដ្ឋរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាឧបសគ្គ សម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិទៀតផង។ ដើម្បីដោះស្រាយបញ្ហារាំងស្ទះនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីនជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានបញ្ចូលវិស័យនេះ ជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន។ ក្រោមនយោបាយ ឈ្នះឈ្នះ នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ចាត់ចែងការងារវិស័យសកម្មភាពមីន នៅគ្រប់តំបន់ដែលរងការគំរាមកំហែង ដោយសារគ្រាប់ទាំងនោះ ប្រកបដោយប្រសិទ្ធភាព។ គិតមកដល់ឆ្នាំ២០១៩ សកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាលក្ខណៈមនុស្សធម៌នៅកម្ពុជាមានរយៈពេល២៧ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់ខែធ្នូ ឆ្នាំ២០១៨ បានសម្រេចរំដោះដីមីនបានជាង ១.៨០២ គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋសម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា និងបានរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.០៦២.៦៦១គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៤.៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២.៧៦៧.០២០គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះពី៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅ។ ទន្ទឹងនឹងនេះ គ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ក៏នៅតែបង្កឲ្យប្រជាពលរដ្ឋយើងធ្លាក់ខ្លួនពិការ ស្លាប់បាត់បង់ជីវិត មនុស្ស សត្វពាហនៈ និងខូតខាតទ្រព្យសម្បត្តិអស់ជាច្រើន។
សម្តេចតេជោ បានមានប្រសាសន៍ថា ដើម្បីបន្តដោះស្រាយនូវបញ្ហាគំរាមកំហែងទាំងឡាយ ដែលបន្សល់ទុកដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម រាជរដ្ឋាភិបាលកម្ពុជា ទើបតែអនុម័តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ក្នុងគោលបំណងបំផ្លាញចោលគ្រាប់លាក់មុខទាំងនោះ ឲ្យរួចរាល់នៅត្រឹមឆ្នាំ២០១៥។ ផ្អែកតាមលទ្ធផលពីការស្រាវជ្រាវចម្ការមីនមូលដ្ឋានបានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន សំណល់ជាតិផ្ទុះពីសង្រ្គាមនិងគ្រាប់បែកចង្កោម ប្រមាណជាង ១៩៧០គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ៤០៦លានដុល្លារសហរដ្ឋអាមេរិក។
សម្តេចតេជនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំណោះប្រទេសជាមិត្ត ដែគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ អន្តរជាតិ និងប្រតិបត្តិការសកម្មភាពមីន ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតិមីននៅកម្ពុជា ដើម្បីសង្រ្គោះជីវិត កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយើង ឲ្យបានប្រសើរជាលំដាប់ រួមចំណែកស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យបានកាន់តែរុងរឿងឆាប់រហ័សថែមទៀត៕