ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរថៃ ផ្តល់ទិដ្ឋាការឥតគិតថ្លៃ ដល់ពលករខ្មែរ ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

99

ភ្នំពេញ៖​ អាជ្ញាធរ
ថៃ បានជួយសម្រួលដល់ពលករស្របច្បាប់ អាចធ្វើដំណើរត្រឡប់ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយពុំចាំបាច់ចំណាយថវិកាក្នុងស្នើសុំរក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa) ដោយចាប់អនុវត្តត្រឹមថ្ងៃទី០៥ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ

ដែលបានប្រកាសប្រាប់ដល់សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ឲ្យបានជ្រាបថា ដើម្បីចូលរួមអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ រាជរដ្ឋាភិបាលថៃ បានឯកភាពជួយសម្រួលដល់បងប្អូនពលករកម្ពុជា ដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែន ទៅស្រុកកំណើតនៅប្រទេសកម្ពុជាដោយអនុគ្រោះមិនគិតថ្លៃការរក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa) ចាប់ពីថ្ងៃទី០៥-៣០ ខែមេសា ឆ្នាំ២០១៩ ។

កន្លងមកពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅប្រទេសថៃ ដែលមានបំណងឆ្លងកាត់ព្រំដែនទៅ​កម្ពុជា និងត្រឡប់ចូលមកធ្វើការនៅក្នុង​ថៃវិញ ត្រូវស្នើសុំរក្សាសិទ្ធិទិដ្ឋាការ មុននឹងធ្វើដំណើរទៅ​កម្ពុជា ដើម្បីរក្សាសិទ្ធិទិដ្ឋាការក្នុងការត្រឡប់ចូលមកធ្វើការនៅក្នុង​ថៃវិញ​។ យោងតាមច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ ការស្នើសុំរក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa) ប្រភេទចេញ-ចូលមួយលើក (Single) ត្រូវមានតម្លៃ១,០០០បាត (ប្រមាណ៣០ដុល្លារអាមេរិក) និងប្រភេទចេញ-ចូលច្រើនលើក (Multiple) មានតម្លៃ​៣៨០០បាត (ប្រមាណជាង១០០ដុល្លារអាមេរិក)។

បើតាមស្ថានទូតកម្ពុជា ការអនុគ្រោះលើកលែងថ្លៃរក្សាសិទ្ធិទិដ្ឋាការ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០៥-៣០ ខែមេសា ឆ្នាំ​២០១៩ ដូច្នេះពលករទាំងអស់ត្រូវធ្វើដំណើរ ត្រឡប់ចូលមកក្នុងព្រះរាជាណាចក្រថៃវិញ យ៉ាងយូរត្រឹម​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

បើតាមផេកហ្វេសប៊ុកទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ បានឲ្យដឹងថា ដោយយោងតាមសំណើររបស់ប្រទេសបញ្ជូនពលករ កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ គណៈអនុកម្មការគ្រប់គ្រងពលករបរទេស និងបញ្ហាជួញដូរមនុស្សរបស់ប្រទេសថៃ បានសម្រេចអនុញ្ញាតឳ្យពលករ និងអ្នកនៅក្នុងបន្ទុក សញ្ជាតិកម្ពុជា ឡាវ និងភូមា អាចធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី៥-៣០ ខែមេសា ឆ្នាំ២០១៩ ដោយពុំចាំបាច់ចំណាយថវិកា ក្នុងការស្នើសុំរក្សាសិទ្ធិទិដ្ឋាការ(Re-Entry Visa) ដែលកន្លងមកពលករត្រូវ ចំណាយក្នុងម្នាក់១០០០បាត សម្រាប់ការចេញ-ចូលមួយលើក និងប្រភេទចេញ-ចូលច្រើនលើក (Multiple) មានតម្លៃ ៣៨០០បាត៕

អត្ថបទដែលជាប់ទាក់ទង