ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកជម្រុញឱ្យមន្រ្តីរបស់ខ្លួនដាក់ចិត្តដាក់កាយដើម្បីដណ្ដើមយកផ្ការំដួលឱ្យបាន ៣ដង

179

ភ្នំពេញ៖ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់ខណ្ឌទួលគោក នាពេលកន្លងមកនេះទទួលបានផ្ការំដួល ២ទង។  ទន្ទឹមនឹងនេះ អភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿនបានជំរុញឲ្យមន្ត្រីទាំងអស់ដាក់ចិត្តដាក់កាយធ្វើយ៉ាងណា ដណ្ដើមយកឲ្យបានការផ្ការំដួល៣ ទងនាពេលខាងមុខនេះ ។

   ការជំរុញបែបនេះរបស់លោកអភិបាលខណ្ឌទួលគោកបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៣ កុម្ភៈឆ្នាំ២០១៩ នៅក្រោមស្ពានអាកាស ១ មករា សង្កាត់ទឹកល្អក់ទី ១ខណ្ឌទួលគោកក្នុងពិធីរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ដែលនឹងប្រព្រឹតទៅនាថ្ងៃទី២៧កុម្ភះខាងមុខនេះ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។
  លោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងថា ការដណ្ដើមយកផ្ការំដួល ៣ទងមិនមែនជារឿងសាមញ្ញនោះទេ ដែលទាមទារឲ្យមន្ត្រីរបស់យើងទាំងអស់ ទាំងសង្កាត់ ខណ្ឌនិងផ្សារត្រូវរួមគ្នា ដាក់ចិត្តដាក់កាយដណ្តើមយក ពិសេសលើការរៀបចំសណ្ដាប់ធ្នាប់ ការរំដោះចិញ្ចើមផ្លូវសាធារណៈ ការសម្អាតបរិស្ថាន ការសាងសង់បង្គន់អនាម័យនៅទីសាធារណៈ និងការផ្តល់សេវាជូនប្រជាពល ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
   ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មធិការជាតិ វាយតំលៃទីក្រុងស្អាតបញ្ជាក់ថា ទិវាជាតិទីក្រុងស្អាត លើកទី៧ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ
ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រកុលធីតាខ្មែរឲ្យិ បន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកំពស់ការអភិវឌ្ឍន៏បៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៏វិស័យទេសចរណ៏ និងការរីកចំរើននៃសង្គមជាតិយើង។ ឆ្នាំនេះជាឆ្នាំទី៧ហើយ ដែលយើងប្រារព្វទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។តាមរយះប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមានភាពស្អាត និងបៃតង យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អមានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អពោលគឺជាទីកន្លែងដែលអាចផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដសំរាប់ការរស់នៅពួកគាត់។ដូចគ្នានេះដែរ ភ្ញៀវទេសចរណ៏ក៏រីករាយទស្សនា និងចង់បានទីក្រុងដែលជាផ្នែកមួយនៃគោលដៅទេសចរណ៏របស់គេ ជាទីក្រុងដ៏ល្អស្អាតមានការយកចិត្តទុកដាក់អំពីភាពស្អាត និងបៃតង អនាម័យល្អមានហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសុវត្ថិភាពពេញលេញ សណ្តាប់ធ្នាប់ល្អ មានការផ្តល់បដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល និងសេវាទេសចរណ៏ប្រកបដោយគុណភាព។

   សារលិខិតរបស់សម្តេចតេជោបានអំពាវនាវឲ្យមានការបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អឲ្យបានផុលផុសដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៏ប្រកបដោយគុណភាព ចីរភាពនិងទាក់ទាញសំរាប់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម៖កម្ពុជា ព្រះរាជាណចក្រអច្ឆរិយះផ្តល់ភាពកក់ក្តៅ៕

 

អត្ថបទដែលជាប់ទាក់ទង