ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រមាវែងជាងគេនៅលើពិភពលោករបស់កម្ពុជាត្រូវបានប្រកាសជាWORLD GUINESS RECORD

182

ភ្នំពេញ៖ ក្រមាខ្មែរដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា GOGO Cambodia ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន»ដែលរួមគ្នាត្បាញអស់រយៈពេលជាង៥ខែកន្លងមកនេះ ត្រូវបានប្រកាសជាប់ជាឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក WORLD GUINESS RECORD ។
ការប្រកាសជាផ្លូវការនូវក្រមាវែងជាងគេ នៅលើពិភពលោករបស់កម្ពុជា WORLD GUINESS RECORDនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួម ពីមហាជនប្រមាណ៣ម៉ឺននាក់ ។


សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ ការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ហើយក្នុងនោះនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមត្បាញក្រមានេះផងដែរ។


បន្ទាប់ពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការមួយនេះ បានសម្រេចឲ្យក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេជាមួយ
នឹងសម្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងយ៉ាងកងរំពង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ចំពោះសមិទ្ធផលថ្មីមួយដែលពលរដ្ឋខ្មែររួមគ្នាសម្រេចបាននេះ ដែលនេះជាមោទនភាព ជាកិត្តិយសជាតិថ្មីមួយទៀត​ ដែលពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើង។
សូមជម្រាប​ថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖
១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។
២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ ។
៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕

    

អត្ថបទដែលជាប់ទាក់ទង