ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះក្លឹបកម្សាន្ដ ១៦៩ នៅក្រុងដូនកែវ ខេត្តតាកែវ បំផ្លាញសម្ភារខូចខាតអស់ជាង២ម៉ឺនដុល្លារ

75

តាកែវ៖ ទីតាំងក្លឹបកម្សាន្ត១៦៨ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានអគ្គិភ័យវាយប្រហារទាំងកណ្ដាលរាត្រី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បណ្ដាលពីការឆ្លងចរន្ដអគ្គិសនីចេញពីម៉ាស៊ីនត្រជាក់ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសរុបគិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ។

ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងនគរបាលខេត្ត​ ស្រុក-ក្រុង សហការជា​មួយ​អាជ្ញាធរពាក់ព័ន្ធ ចុះអន្តរាគមន៍​ជួយពន្លត់​អគ្គិភ័យ ដោយប្រើប្រាស់រថយន្ត​ពន្លត់​អគ្គិភ័យចំនួន​៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន​១០​រថយន្ត ទើប​ពន្លត់បាន​ជាស្ថាពរ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា ក្លឹបកម្សាន្ត ដែលត្រូវអគ្គិភ័យវាយប្រហារនេះ ​​ទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី ដែលការខូចខាតសម្ភាររួមមាន៖ ម៉ាស៊ីនត្រជាក់​៤គ្រឿង, ឧបករណ៍តន្ត្រីសម័យ (អកកាដង់) ១ឈុត, សាឡុងចំនួន១០, ​កៅអីជ័រ-កៅអីឈើមួយចំនួន, ស្រាបៀ​ចម្រុះ​មួយចំនួន និងទូរស័ព្ទដៃមួយចំនួនទៀត គិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ។​ ហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង