ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្តាយ មានសតិមិនប្រក្រតី បានវាយសម្លាប់កូនបង្កើតរបស់ខ្លួនក្នុងបន្ទប់ទឹក

79

ភ្នំពេញ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ មានជម្ងៃសរសៃប្រសាទ ត្រូវបានម្តាយ ដែលមានសតិមិនប្រក្រតី បានវាយឲ្យស្លាប់ក្នុងបន្ទប់ទឹក។ ទាំងម្តាយទាំងកូនរងគ្រោះ មានជម្ងឺដូចគ្នា ក្រោយពីសម្លាប់កូនខ្លួនឯងហើយ ដើរទៅប្តឹងប៉ូលីសទៀត រកតែសឹងមិនជឿ ។

កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ២៣ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីម្នាក់ ត្រូវជាសាច់ញាតិគ្រួសារ បានឲ្យដឹងដា ទាំងម្តាយ ទាំងកូនប្រុសនេះ មានជម្ងឺប្រព័ន្ធប្រសាទដូចគ្នា សុទ្ធតែក្រុមគ្រួសារ ធ្លាប់យកទៅព្យាបាល នៅមន្ទីរពេទ្យ សឹងរាល់ថ្ងៃ ជួនកូន រករឿងវាយម្តាយ ជួនម្តាយរករឿងវាយកូន ។ ហើយជម្ងឺ របស់កូនប្រុសខាងលើ កើតមានច្រើនឆ្នាំមកហើយ ចំណែកម្តាយ ទើបតែរយៈពេល២ទៅ៣ឆ្នាំនេះ កើតមានសតិមិនប្រក្រតីដែរ តែព្យាបាលមិនជា។

ស្ត្រីជាម្តាយ វាយសម្លាប់កូនខ្លួនឯង មានឈ្មោះ ស អ៊ាង អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ មានជំងឺ ផ្លូវចិត្ត និងប្រព័ន្ធប្រសាទ មាន ប្តីឈ្មោះ វ័ន្ត រួន អាយុ ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ ក្នុងបន្ទុក កូនដែលស្លាប់ មានឈ្មោះ វ័ន្ត ភារុណ ភេទប្រុស អាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទ ជាកូនទី១ រស់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើត ភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីប្តីចេញទៅធ្វើការបាត់ ហើយកូនប្រុសម្នាក់ទៀត ចេញទៅសាលារៀនដែរ នៅក្នុងបន្ទប់ គ្រួសារខាងលើ ឮសូរមាត់ កូនប្រុសរងគ្រោះ ឈ្លោះ ជេរម្តាយ ហើយម្តាយជេរវិញ រួចក៏ស្ងាត់មាត់ទៅ មួយសន្ធុះក្រោយមក ស្ត្រីជាម្តាយ ចាក់សោរបន្ទប់ពីក្រៅ ដើរចេញមក យកកូនសោផ្ញើរ ផ្ទះក្បែរនោះ ហើយប្រាប់គេឯងថា គាត់វាយកូនស្លាប់បាត់ហើយ ជួយមើលបន្ទប់ផង គាត់ទៅប្តឹងប៉ូលីសសិន ដោយគ្មានអ្នកណាជឿថាមានរឿងបែបនេះកើតឡើង រហូតដល់ កម្លាំងសមត្ថកិច្ច អាជ្ញាធរចុះទៅ ចាក់សោទ្វារ ប់កមើល ស្រាប់តែប្រទះឃើញ កូនប្រុសស្លាប់មែនក្នុងបន្ទប់ទឹក។

បើតាមស្ត្រីជាម្តាយ និយាយរៀបរាប់ ថា គាត់ខឹងនឹងកូនប្រុសខាងលើ វាយគាត់ ទើបគាត់យកអង្រែ វៃវិញ និងយកកាំបិតទៅកាប់ នៅក្នុងបន្ទប់ទឹកស្លាប់បាត់ ហើយចាក់សោពីក្រៅទ្វារ ដើរទៅប្តឹងប៉ូលីសតែម្តង។ ស្ត្រីជាម្តាយ បានឲ្យដឹងថា មកពីកូនគាត់ម្នាក់នឹង វាយគាត់ ទើបគាត់វាយវិញទៅ កុំឲ្យវាខ្លាំងពេក។

ប្រជាពលរដ្ឋ រកសឹងមិនជឿថា ម្តាយសម្លាប់កូនខ្លួនឯងហើយ ដើរទៅប្តឹងប៉ូលីសទៀត ហើយអ្វីដែលមិននឹកស្មានដល់ ស្ត្រីខាងលើជាមនុស្សមានបញ្ហាផ្លូវចិត្ត ប្រព័ន្ធប្រសាទ វាយសម្លាប់កូនហើយ ដើរទៅប្តឹងប៉ូលីស មិនតែប៉ុណ្ណោះ សុំប៉ូលីស ដើម្បីយកកូនទៅស្រុក ធ្វើបុណ្យ ។

តែទោះជាយ៉ាងណាក្តី ស្ត្រីជាម្តាយ ក្លាយជាឃាតករសម្លាប់កូនខ្លួនឯង ថ្វីបើ ពលរដ្ឋ សាច់ញាតិ បានឲ្យដឹងថា ជាមនុស្ស មានបញ្ហាសតិមិនប្រក្រតីបែបណាក្តី សមត្ថកិច្ចឃាត់នាំខ្លួន យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ។ សមត្ថកិច្ច កំពុងចុះទៅពិនិត្យធ្វើការងារ ដល់កន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង