ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកស្រាវជ្រាវរកឃើញថង់ប្លាស្ទិកប្រមាណ៤០គីឡូក្រាមនៅក្នុងពោះត្រីបាឡែនងាប់មួយក្បាលនៅឆ្នេរសមុទ្រហ្វីលីពីន

94

ហ្វីលីពីន៖ ត្រីបាឡែនមួយក្បាលត្រូវបានគេប្រទះឃើញងាប់ និងបានស្រង់ចេញពីទឹកសមុទ្រនៅហ្វីលីពីន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយជាមួយគ្នានេះ អ្នកស្រាវជ្រាវពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថង់ប្លាស្ទិកប្រមាណ៤០គីឡូក្រាមក្នុងពោះរបស់វា ។
បើតាមក្រុមអ្នកស្រាវជ្រាវផ្នែកសមុទ្រមកពីសារមន្ទីរ The D’ Bone Collector ក្នុងទីក្រុង Davao កោះ Mindanao បន្ទាប់ពីពិនិត្យសាកសពត្រីបាឡែននេះរួច ពួកគេបានរកឃើញថង់ប្លាស្ទិកប្រមាណ៤០គីឡូក្រាម រួមមានបាវអង្ករចំនួន១៦ ថង់ច្រកផ្លែចេកចំនួន៤ និងថង់ទំនិញជាច្រើនប្រភេទទៀត នៅក្នុងពោះរបស់សត្វត្រីបាឡែននេះ ។ យោងតាមរបាយការណ៍ឆ្នាំ២០១៧របស់អង្គការ Ocean Conservancy បានបង្ហាញថា ចិន ឥណ្ឌូណេស៊ី ថៃ និងវៀតណាមកំពុងបោះចោលផ្លាស្ទិកចូលទៅក្នុងមហាសមុទ្រ ច្រើនជាងប្រទេសនៅទូទាំងពិភពលោក បូកបញ្ចូលគ្នាទៅទៀត ។
បើតាមអ្នកជីវវិទូផ្នែកសមុទ្រឈ្មោះថា Darrell Blatchley ដែលជាម្ចាស់នៃសារមន្ទីរ D’Bone Collector បាននិយាយថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រោយពិនិត្យលើសត្វផ្សោតសមុទ្រ និងត្រីបាឡែនប្រមាណ៥៧ក្បាល ក្នុងចំណោមសត្វត្រីទាំងនោះ ត្រូវបានរកឃើញថា ស្លាប់ដោយសារតែសំរាម និងប្លាស្ទិកនៅក្នុងពោះ ៕

អត្ថបទដែលជាប់ទាក់ទង