ដាក់ផែនការ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤
ភ្នំពេញ៖ដោយនិន្នាការនាំការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់ និងលើពិភពលោក នៅតែមានកំណើន និងនៅជះឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ដល់កម្ពុជា ជាពិសេសការលេចចេញនូវរូបភាព និងទ្រង់ទ្រាយថ្មីៗ នៃការលួចនាំចូលសារធាតុញៀនមកកម្ពុជា ដូចជាកំណើននាំការនាំចូលតាមព្រលានយន្តហោះ និងតាមបញ្ញើប្រៃសណីយ៍ ដែលសកម្មភាពនេះទាមទារ ឲ្យមានវិធានការទប់ស្កាត់ បង្ការ និងបង្រ្កាបឲ្យកាន់តែសកម្ម និងក្រៅគគុកបន្ថែមទៀត ។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
បើតាមសារលិខិតកំណត់ផែនការរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ សម្ដេចេតជោ ហ៊ុន សែន បានបែងចែកចាត់ការងារអនុវត្តផងដែរ រួមមាន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធនាការ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធានយុទ្ធនាការ។
វិធានការគន្លឹះទាំង 5 ដែលជាផែនទីបង្ហាញផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានដំណើរការយ៉ាងសកម្ម ជាពិសេសការអនុវត្តវិធានការច្បាប់ ទទួលបានលទ្ធផលខ្ពស់ ដោយសមត្ថកិច្ចពាក់ព័ន្ធ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក បង្ក្រាបការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន 8002 ករណី ឃាត់ខ្លួនជនសង្ស័យចំនួន 16216 នាក់ និងសារធាតុញៀនចាប់យកគ្រប់ប្រភេទសរុប 536,36 គីឡូក្រាម រួមទាំងមធ្យោបាយសម្ភារៈ វត្ថុតាងមួយចំនួន ក្នុងនោះសមត្ថកិច្ច បានបង្ក្រាបចាប់ខ្លួនមេខ្លោង និងកាត់ផ្តាច់ខ្សែរយៈបណ្តាញជូញដូរគ្រឿងញៀនធំៗ ចំនួន 47 ករណី ដោយបានចាប់ខ្លួនមនុស្សចំនួន 83នាក់ យកមកផ្ដន្ទាទោសតាមច្បាប់ ។ ដោយឡែកតាមរយៈកិច្ចប្រតិបត្តិការ វាយឆ្មក់ដកពិសោធន៍ ការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ តាមទីតាំងសប្បាយដ្ឋាន នៅគោលដៅអាទិភាពមួយចំនួន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បានផ្ដល់ពិសោធន៍ដ៏ល្អ ក្នុងប្រតិបត្តិការបង្រួមទីផ្សារជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេស ហើយក៏ជាសក្ខីកម្ម ឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងអនុវត្តច្បាប់ ក្នុងការលើកកម្ពស់ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ នៅមូលដ្ឋានភូមិឃុំ ឲ្យកាន់តែល្អប្រសើរជាងមុន។ លទ្ធផលនៃការបង្ក្រាបខាងលើ បានធ្វើឲ្យបទល្មើសឧក្រិដ្ឋមួយចំនួន មានការថយចុះ ដូចជាអំពើប្លន់ និងឃាតកម្ម ដែលស្ថានភាពបែបនេះ បានជះឥទ្ធិពលជាវិជ្ជមាន ដល់បរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅ ជាពិសេសការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងការបន្សាបព្យាបាល អ្នកប្រើប្រាស់សារធាតុញៀន បានកាត់បន្ថយក្តីបារម្ភរបស់ប្រជាពលរដ្ឋ អំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋាន ក៏ដូចជាជួយស្រោចស្រង់ អនាគតយុវជន និងបង្កើនភាពកក់ក្តៅ ដល់អាណាព្យាបាល ឬក្រុមគ្រួសាររបស់ពួកគេផងដែរ។
សូមអានខ្លឹមសារលម្អិត នៃលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖