ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីផ្គត់ផ្គង់ភ្លើ ឲ្យបានគ្រប់គ្រាន់ កម្ពុជាត្រូវទិញភ្លើងពីថៃ និងឡាវប្រមាណ ជាង៥០០ មេហ្គាវ៉ាត់បន្ថែមទៀត

112

ភ្នំពេញ៖ ស្របពេលដែលបច្ចុប្បន្ននេះភ្លើងកំពុងតែមានការខ្វះ យ៉ាងច្រើនត្រូវបាន លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅពេលនេះអាជ្ញាធរអគ្គិសនីក៏ដូចជាក្រសួងរ៉ែនិងថាមពល កំពុងស្វះស្វែងរកភ្លើង ពីប្រទេសឡាវ និងប្រទេសថៃ ដើម្បីមកផ្គត់ផ្គង់ នៅប្រទេសកម្ពុជា ជាពិសេសអគ្គិសនីកម្ពុជា បាននិងកំពុងចរចាជាមួយតួកគី ដើម្បីនាំយកនាវាម៉ាស៊ីនភ្លើងដែលមានទំហំ 200 មេហ្គាវ៉ាត់ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការជាក់ស្ដែង។

លោករដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានបន្ថែមទៀតថាដើម្បីដោះស្រាយបញ្ហាដូចនេះ នៅឆ្នាំ២០២០ ខាងមុខនេះ បញ្ហាកង្វះខាតថាមពលអគ្គិសនីនៅកម្ពុជា នឹងមិនចោទជាបញ្ហាទៀតទេ ដោយសារតែកម្ពុជា ចាប់ផ្តើមដំណើរការម៉ាស៊ីនប្រើថាមពលសូឡា និងទិញអគ្គិសនីពីប្រទេសថៃ និងប្រទេសឡាវ ដែលមានថាមពលអគ្គិសនី សរុប៥៤០មេហ្គាវ៉ាត់។

ការបញ្ជាក់បែបនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានធ្វើឡើងក្នុងសន្និសីទព័ត៌មានស្តីពី បញ្ហាថាមពលអគ្គិសនីនៅកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

លោកបានថ្លែងថា ក្នុងនាមក្រសួងរ៉ែ និងថាមពល ខ្ញុំបានសន្យានៅទីនេះហើយថា នៅឆ្នាំ២០២០ ហើយបន្តទៀត (បញ្ហាអគ្គិសនី) មិនកើតមានទេ ព្រោះយើងរៀនសូត្រពីបទពិសោធន៍នៅថ្ងៃនេះ គ្រោះរាំងស្ងួតជាបញ្ហាមួយ។ យើងដឹងហើយថាវារីអគ្គិសនី នៅខែវស្សាវារត់ក្នុងល្បឿនប្រហែលជា 7 ប៉ុន្តែដល់ខែប្រាំងវារត់លឿនត្រឹមតែបីប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យខ្វះភ្លើង ហើយនៅឆ្នាំ 2020 ឬឆ្នាំ 2021 មិនអាចមានបញ្ហាដូច្នេះកើតឡើងទៀតនោះទេួ ព្រោះដោយសារយើងត្រៀមផែនការយ៉ាងល្អិតល្អន់រចរាល់អស់ហើយ។

លោករដ្ឋលេខាធិការបានលើកឡើងទៀតថា នៅចុងឆ្នាំ២០១៩នេះ នឹងមានម៉ាស៊ីនថ្មីៗ ដែលកម្ពុជាបានត្រៀម នឹងចាប់ផ្តើមដំណើរការ ជាមួយនឹងថាមពលអគ្គិសនី១៥០មេហ្គាវ៉ាត់ បញ្ចេញសូឡាថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ដែលដំឡើងនៅថ្មាតពង ទិញពីថៃ ២៥០ មេហ្គាវ៉ាត់ និងទិញពីឡាវជាង២០០មេហ្គាវ៉ាត់។ លោកបានបន្ថែមថា ភ្លើងដែលត្រូវទិញពី
ឡាវនិងពីថៃប្រមាណជា 540 មេហ្គាវ៉ាត់ ដែលនឹងអាចផ្គត់ផ្គង់គ្រប់នៅឆ្នាំ 2020 ហើយយើងនឹងត្រៀមបម្រុងចំពោះផែនការគិតទៅមុខបន្ថែមទៀត ថាតើយើងត្រូវធ្វើយ៉ាងម៉េច ដើម្បីជៀសវាងកុំឲមានបញ្ហា ហើយយើងសង្ឃឹមថានៅឆ្នាំ 2020 ឬ 2021និង 2022 នឹងមិនមានបញ្ហាកើតឡើងដូច្នេះទៀតនោះទេ។ យើងនឹងចៀសឱ្យផុតពីការខ្វះ ភ្លើងដូចពេលនេះ។

សូមបញ្ជាក់ថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា ខាងមុខ ដែលកម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យវារីអគ្គិសនី មិនអាចផលិតថាមពលបានគ្រប់គ្រាន់។ កម្ពុជាកំពុងខ្វះថាមពលអគ្គិសនី ប្រមាណ៤០០មេហ្គាវ៉ាត់ ហើយកម្ពុជាក៏កំពុងចរចារទិញអគ្គិសនី ពីប្រទេសតួកគី ចំនួន២០០មេហ្គាវ៉ាត់ ផងដែរ។

ចំពោះកង្វះខាតអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងយោគយល់អធ្យាស្រ័យ។ សម្តេចបានបញ្ជាក់ថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនី រហូតដល់ជាង ១០០០ មេហ្គាវ៉ាត់ទៀត៕

អត្ថបទដែលជាប់ទាក់ទង