ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញការប្រើប្រាស់ផលិតផលកសិកម្ម ក្នុងស្រុក នៅក្នុងឧស្សាហកម្ម​ទេសចរណ៍

101


ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងទីភ្នាក់ងារអភិវឌ្ឍបារាំង AFD និងអង្គការអភិវឌ្ឍឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ UNIDO ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត រៀបចំសិក្ខាសាលា ស្តីពីខ្សែសង្វាក់តម្លៃផលិតកម្ម និងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងវិសយ័ទេសចរណ៍ នៅសណ្ឋារគារហ្គ្រីនភែលេស ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

ក្នុងឱកាសនៃអង្គសិក្ខាសាលា ដើម្បីលើកស្ទួយ “វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង” ស្របតាម​គោលនយោបាយ របស់រាជរដ្ឋាភិបាល លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់ចេញនូវអនុសាសន៍គន្លឹះ មួយ​ចំនួន​ ដូចខាងក្រោម៖ ទី១.) ការជំរុញការប្រើប្រាស់ផលិតផលកសិកម្ម ក្នុងស្រុក នៅក្នុងឧស្សាហកម្ម​ទេសចរណ៍បញ្ហាចម្បង គឺការមិនទាន់ឯកភាពគ្នារវាងផ្នែកផ្គត់ផ្គង់ (Supply) និង​ផ្នែក​តម្រូវការ (Demand) ដោយខាងផ្នែកតម្រូវការចង់ឲ្យមាន​ការធានា​ការផ្គត់​ផ្គង់ ​ឲ្យបានទាន់ពេលវេលា ធានាបរិមាណ និងគុណភាព និងធានា​ស្ថិរភាព​នៃតម្លៃ​ផងដែរ រីឯខាងផ្គត់ផ្គង់ ដែលជាប្រជាកសិករ ឬផលិតករ ក្នុង​ស្រុក​ចង់បាន ​ការធានា​ការទទួលទិញ ពីផ្នែកតម្រូវការផងដែរ ដែលនឹងអាចឲ្យ​ពួកគាត់មានលទ្ធភាព​បង្កើន​ផលិតភាព និងគុណភាពផលិតផលខ្មែរ។

គួរមានការជម្រុញបង្កើត​តំបន់​កសិ-ឧស្សាហកម្មកែច្នៃឲ្យបាន​ច្រើន ដែលនឹងឤចជួយដោះស្រាយបញ្ហា​ទីផ្សារ​កសិករ និងការបើកច្រកពង្រីក​យន្តការអនុវត្ត “ផលិតកម្មកសិកម្ម​តាមកិច្ច​សន្យា”(Contract Farming) ដែលគំរូ​អនុវត្តនៃកសិកម្មតាមកិច្ចសន្យា អាចត្រូវបានប្រើប្រាស់ដោយតម្រូវឲ្យមានកិច្ច​សន្យា​ ផ្គត់ផ្គង់​រវាង​ភាគី​ទាំង២ ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ។ ជាមួយគ្នានេះ ការរៀបចំចងក្រងប្រមូលផ្តុំ ជាសហករណ៍​កសិកម្ម (agricultural cooperatives) ក៏មានសារសំខាន់ក្នុងការបង្កើនសំឡេង ទុនផលិត និងលទ្ធភាពរបស់​កសិករ ​ក្នុង​ការផលិត​​ និងការចរចាជាមួយផ្នែកតម្រូវការ។
លើសពីនេះទៀត គួរមានការបង្កើតជា “អន្តរការី” (Intermediary) ដែល​អាច​ដើរតួជាទីផ្សារចែកចាយ លក់ដុំកសិផល (wholesale) ដើរតួជាអ្នកផ្គូរផ្គងភ្ជាប់ទំនាក់ ទំនងរវាងផ្នែកតម្រូវការដែលជាទូទៅ​មានការរារែកក្នុងការចុះកិច្ចសន្យា ជាមួយ​កសិករ/ផលិតករ និងផ្នែកផ្គត់ផ្គង់ ដែលជាទូទៅមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការ​ផ្គត់ផ្គង់​តាមតម្រូវការ។ អន្តរការី ដែលមានការត្រួតពិនិត្យ និងទទួលស្គាល់ច្បាស់​លាស់ ​ពីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម នឹងជួយដោះស្រាយបញ្ហា​ទាំងនេះ ​ដោយធ្វើជាអ្នកធានា ចំពោះភាគីទាំងសងខាង។ ទី២.) ការជំរុញការប្រើប្រាស់វត្ថុអនុស្សាវរីយ៍ វត្ថុសិប្បកម្ម និងរបស់របរ​ប្រើប្រាស់ ផលិតក្នុងស្រុក នៅក្នុងឧស្សាហកម្មទេសចរណ៍
ចំពោះចំណុចនេះ កត្តាសំខាន់គឺការធានាគុណភាព និងភាពទាក់ទាញ​តាមរយៈ​​​ការវេចខ្ចប់។ ដើម្បីជំរុញការប្រើប្រាស់ និងការទិញវត្ថុអនុស្សាវរីយ៍ វត្ថុ​សិប្បកម្ម និង​របស់​របរ​ប្រើប្រាស់ផ្សេងៗ ពីសំណាក់​សណ្ឋាគារ ភោជនីយដ្ឋាន រមណីយ​ដ្ឋាន និងភ្ញៀវ​​ទេសចរផ្ទាល់ គួរមានការរៀប​ចំជាកន្លែង ទទួលទិញ​ពី​សិប្បករ/​ផលិតករ​តូចៗ ដោយមានការបញ្ជាក់គុណភាពច្បាស់លាស់ និង​ការ​ធ្វើ​​ branding ប្រកប​ដោយភាពទាក់ទាញ។ ការចងក្រងជាសមាគមសិប្បករ/ផលិតករក្នុងស្រុក តាម​ប្រភេទ​ផលិតផលនីមួយៗ និងការបង្កើតជាអន្តរការី ក៏គួរត្រូវបានលើកទឹកចិត្ត​ផងដែរ។ ទី៣.) យន្តការអនុវត្ត និងទ្រទ្រង់ គួរមានយន្តការរួមកម្រិតអន្តរក្រសួង-ស្ថាប័ន និងរវាងថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ ក្នុងការជំរុញការផលិត និង​​​​ការ​ប្រើ​ប្រាស់ផលិតផលខ្មែរ នៅក្នុងវិស័យ​ទេសចរណ៍ ហើយអាចស្វែងរកកិច្ច​សហការ ​ជាមួយដៃគូ​អភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ។
ជម្រុញការរៀបចំខ្សែ​ក្រវ៉ាត់​បៃតង​ នៅជុំវិញតំបន់គោលដៅ​ទេសចរណ៍ ​ និងទីក្រុងទេសចរណ៍សំខាន់ៗ តាមរយៈការដាំ​ដំណាំ ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការជម្រុញសកម្មភាពសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម។
ជម្រុញបង្កើតអន្តរការី ដែលដើរតួជាអ្នកសម្របសម្រួលភ្ជាប់​ទំនាក់​ទំនងរវាងផ្នែកផ្គត់ផ្គង់/ផលិត និងផ្នែកតម្រូវការ/ចែកចាយ ដោយអន្តរការី​ជាអ្នកធានា​ប្រភពទុន និងជំនួយបច្ចេកទេស ចាំបាច់ដល់ផ្នែកផ្គត់ផ្គង់/ផ្នែកផលិត ហើយនិងធានា​ការផ្គត់ផ្គង់ទាន់ពេលវេលា តាមបរិមាណ គុណភាព និងតម្លៃ​សម្រាប់​ផ្នែកតម្រូវការ​/​ផ្នែកចែកចាយ៕

អត្ថបទដែលជាប់ទាក់ទង