ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ

86


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UNESCAP) លើកទី ៧៥ នាថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

សន្និបាតប្រចាំឆ្នាំនេះ នឹងមានការចូលរួមពីរដ្ឋជាសមាជិក និងរដ្ឋសង្កេតការណ៍ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចំនួន ៦២ ប្រទេស តំណាងស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។

សម្តេចតេជោ នឹងថ្លែងសុន្ទរកថាគន្លឹះ ដោយចែករំលែកនូវភាពជោគជ័យរបស់កម្ពុជា ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងការធ្វើបរិយាប័ន្នតាមរយៈគោលនយោបាយ “ឈ្នះ-ឈ្នះ” សម្រាប់ប្រជាជនកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ។ ដោយសារគោលនយោបាយ “ឈ្នះ-ឈ្នះ” នេះ សង្គ្រាមនិងជម្លោះប្រដាប់អាវុធ ដែលបានអូសបន្លាយរយៈពេលជាង ៣០ឆ្នាំ ត្រូវបានបញ្ចប់ទាំងស្រុង។ គោលនយោបាយ “ឈ្នះ-ឈ្នះ” បានផ្តល់ឲ្យកម្ពុជានូវសុខសន្តិភាពដែលជាកត្តាដំបូងបំផុតសម្រាប់ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ កម្ពុជាបានកសាងសេដ្ឋកិច្ចពិបាតដៃទទេ ពីពំនូកផេះ រហូតក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០១៨ ហើយកំណើននេះបានធ្វើឲ្យប្រជាជនជាច្រើនលាននាក់ចាកផុតពីភាពក្រីក្រ៕

អត្ថបទដែលជាប់ទាក់ទង