ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាបនាផ្លូវបេតុងថ្មី១ខ្សែ និងស្តារប្រឡាយបង្ហូរទឹក ជូនពលរដ្ឋនៅភូមិក្រាំងក្រូច សង្កាត់ទៀន

102

ភ្នំពេញ ៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ ជាច្រើនរូបបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ នៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ។

មន្ត្រីជំនាញបានឱ្យដឹងថា៖ ផ្លូវបេតុង ១ខ្សែ ឆ្អឹងដែក ០,១៥ម៉ែត្រ ប្រវែង ៤៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ បានបើកការដ្ឋានស្ថាបនា។ ក្នុងនោះអាជ្ញាធរខណ្ឌ ក៍ស្តារប្រឡាយបង្ហូរទឹក ជូនពលរដ្ឋប្រើប្រាស់ប្រវែង ៣០០ម៉ែត្រ។

នាឱកាសនោះលោក នុត ពុធដារ៉ា បាននាំយកការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានា របស់បងប្អូនរស់នៅក្នុងមូលដ្ឋាន។លោកអភិបាលខណ្ឌក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោម ដំបូលសន្តិភាព។

លោកអភិបាលខណ្ឌបានបានអះអាងថា៖ជាក់ស្តែង ផ្លូវបេតុង ១ខ្សែ ឆ្អឹងដែក ០,១៥ម៉ែត្រ ប្រវែង ៤៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានបើកការដ្ឋានស្ថាបនា នាពេលនេះ នឹងជួយសម្រួលនូវរាល់ការលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ ។ ជាមួយគ្នានោះលោកអភិបាលក៍បានអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ សូមត្រៀមឯកសារនានានឹងនាំគ្នាទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាពេលខាងមុខនេះគឺបោះជូនគណបក្សលេខរៀងទី២០ ។

បច្ចុប្បន្ននេះជាក់ស្ដែងគេមើលឃើញថា៖ នៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ភាគច្រើន គឹជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ។ ទន្ទឹមនិងនេះ ពលរដ្ឋរស់ នៅក្នុងខណ្ឌដង្កោ ក៍មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៍ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក៍បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយ តទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង