ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្តាយស្រែកដង្ហើយរកយុត្តិធម៌ ខណៈជនសង្ស័យ ម្នាក់ត្រូវបានដោះលែង ពាក់ព័ន្ធអំពើឃាតកម្មកាប់សម្លាប់មនុស្ស នៅស្រុកកោះធំ

80

ខេត្តកណ្តាល៖ជនរងគ្រោះ ដែលត្រូវក្រុមជនដៃដល់កាប់្រហារបណ្តាល ឱ្យស្លាប់ក្នុងថ្លុកឈាម នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលកាលពីអំឡុង ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះត្រូវបានតុលាការខេត្តកណ្តាល ដោះលែងអោយរួចខ្លូនហើយ ។ភាពមិនប្រក្រតីនេះបានធ្វើអោយស្ត្រីឈ្មោះ គីម ស៊្រីម ត្រូវជាម្តាយ បានស្រែកដង្ហើយសុំឱ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនកូនគាត់ ។
ជនសង្ស័យម្នាក់ដែលត្រូវបានដោះលែងនេះមានឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ។
ស្ត្រីឈ្មោះ គីម ស៊្រីម បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា កូនរបស់គាត់ឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ ឆ្នាំ ត្រូវបានក្រុមក្មេងស្ទាវតាមកាប់ប្រហារបណ្តាលឲ្យស្លាប់ រហូតមកដល់ពេលនេះ តុលាការមិនទាន់រកយុត្តិធម៌បាននៅឡើយទេ ឥឡូវបែរជាដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦ ដែលសមត្ថកិច្ចប៉ូលីសបានចាប់បញ្ជូនទៅតុលាការខេត្តកណ្តាលកាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។
ដោយឡែក ពាក់ព័ន្ធនឹងករណីតុលាការដោះលែងជនសង្ស័យនេះដែរ ស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ បានអះអាងថា គាត់ជាជនរងគ្រោះ ដោយសារក្រុមចោរលួចគាស់ផ្ទះយកអស់ទ្រព្យសម្បត្តិជាច្រើន ខណៈដែលគាត់ និងក្រុមគ្រួសារនាំគ្នាទៅសែនផ្នូរកុងម៉ាដែលបានចែកឋានទៅ ។ ករណីនេះបានកើតឡើងកាលពីឆ្នាំកន្លងទៅ ហើយសមត្ថកិច្ចប៉ូលីសបានចាប់ក្រុមចោរនោះបញ្ជូនទៅតុលាការ មិនទាន់បានប៉ុន្មានផង ក៏ត្រូវតុលាការខេត្តកណ្តាលដោះលែងក្រុមចោរនោះឲ្យនៅក្រៅឃុំ ។ ការដោះលែងក្រុមចោរនេះ បានធ្វើឲ្យក្រុមគ្រួសារគាត់មានការព្រួយបារម្ភជាខ្លាំង ។ រីឯរឿងតុលាការបានដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦នាក់ ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មខាងលើ ក្នុងនាមគាត់ជាប្រជាពលរដ្ឋម្នាក់ ក៏មានការឈឺចាប់ផងដែរ បើទោះបីគាត់មិនមែនជាសាច់ញាតិជនរងគ្រោះក៏ដោយ ។


គួរបញ្ជាក់ថា អំពើឃាតកម្មកាប់ប្រហារទៅលើយុវជនម្នាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនោះ បានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះមានឈ្មោះ ចេក ភាព ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក ។
ក្រោយពីមានអំពើឃាតកម្មកើតឡើង កម្លាំងនគរបាលស្រុកកោះធំ បានបើកិច្ចប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ឈានដល់ការចាប់ខ្លួនក្រុមជនដៃដល់៦នាក់ ខណៈដែលអ្នកចូលរួម៣នាក់ទៀត បានរត់គេចខ្លួនបាត់ ។


ក្រុមជនដៃដល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ គាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាឃាតកដៃដល់, ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម, ទី៣-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ, ទី៤-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កាប់ជ្រូកលក់, ទី៥-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ និងទី៦-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។ រីឯបក្ខពួកគេ៣នាក់ទៀតជាអ្នកចូលរួមបានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចកំណត់អត្តសញ្ញាណរួចរាល់ហើយគឺទី១-ឈ្មោះ ឈ្មោះ សិលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល, ទី២-ឈ្មោះ ជ្រុយ វុទ្ធា(ហៅធា) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ និងទី៣-ឈ្មោះ មាន លាងហ៊ី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។ ក្រោយឃាត់ខ្លួនក្រុមជនដៃដល់ សមត្ថកិច្ចដកហូតបាន ម៉ូតូ ០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង, ដាវ ០២ដើម កាំបិតចំនួន ០២ដើម និងទូរស័ព្ទចល័ត ០៦គ្រឿង ។
អំពើឃាតកម្មខាងលើ បើតាមការអះអាងពីសមត្ថកិច្ច គឺផ្តើមចេញពីរឿងគំនុំ ដែលជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្ដី ជាមួយក្រុមដែលមានរហ័សនាមថា៖ ខេធីអេស (KTS) ដែលជា ក្រុម (Group) របស់ជនដៃដល់ទាំង៩នាក់ ប្រើក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) ។


តាមចម្លើយសារភាពរបស់ជនដៃដល់ គាត សំណាង ហៅឡេង បានសារភាពថា ខ្លួនគេពិតជាបានយកដាវកាប់ប្រហារទៅលើជនរងគ្រោះ ចេក ភាព ពិតប្រាកដមែន ដោយមុនពេលកើតហេតុខ្លួនគេ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let ប្រដាប់ដោយដាវ១ដើម ហើយឱ្យឈ្មោះ មាន លាងហ៊ី ជាអ្នកឌុប ។ ចំណែកបក្ខពួកគេផ្សេងទៀតដែលមានឈ្មោះ ជ្រុយ វុទ្ធា ជិះម៉ូតូ ហុងដាឌ្រីម បិតស្កុត ខ្មៅពុំចាំម៉ាក ឌុបឈ្មោះ យឹម ឌីណា មានដាវ០២ដើម ,ហើយឈ្មោះ ហោ សោភ័ណ្ឌ ជិះម៉ូតូម៉ាកហុងដានិច ឌុបឈ្មោះ ជី សិលា មានដាវ ០១ដើម ។ ដោយពួកគេជួបជុំគ្នា និងធ្វើដំណើរក្នុងគោលបំណងទៅលេងបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តកោះទៀវ ។ ពេលនោះឈ្មោះ មាន លាងហ៊ី បានឌុបរូបគេ (ជនដៃដល់) ជិះទៅមុន លុះដល់ចំណុចខាងត្បូងស្ពានព្រែកទីវ ស្ថិតក្នុងភូមិកោះទៀវ (ខ) ឃុំសំពៅពូន ក៏ប្រទះឃើញជនរងគ្រោះ កំពុងជិះម៉ូតូម៉ាកហុងដានិចបណ្តើ និយាយទូរស័ព្ទបណ្តើ ជ្រួសផ្លូវគ្នា ។ ពេលនោះពួកគេក៏បន្តដំណើរទៅមុខទៀត រហូតដល់ជិតវត្តកោះទៀវ ក៏ឃើញមានបក្ខពួករបស់ជនរងគ្រោះឈរនៅមុខក្លោងទ្វាវត្តកោះទៀវ ដោយមានកាន់ពូថៅ និងដុំថ្ម ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ក៏បានឌុបខ្លួន (ជនដៃដល់) ជិះត្រឡប់បកក្រោយវិញ ហើយខ្លួនគេបានដកដាវពីក្រោមគូទលើ កែបម៉ូតូមកកាន់ ដោយជិះម៉ូតូយ៉ាងលឿនមកដល់ចំណុចកើតហេតុខាងលើ ហើយបានឃើញជនរងគ្រោះ ឈ្មោះ ចេក ភាព កំពុងឈប់ម៉ូតូ ឈរលើម៉ូតូដៃម្ខាងកាន់ទូរស័ព្ទនិយាយ ភ្លាមនោះ ឈ្មោះ មាន លាងហ៊ី ស្រែកថាកាប់ទៅគ្នាវាហើយ រំពេចនោះ ខ្លួនគេបានយកដាវនោះកាប់ទៅលើឈ្មោះ ចេក ភាព ០១ដាវ ត្រូវចំក រួចក៏ជិះម៉ូតូយ៉ាងលឿនគេចពីកន្លែងកើតហេតុ ។ ក្រោយជិះម៉ូតូគេចពីកន្លែងកើតហេតុ ខ្លួនគេក៏ទូរស័ព្ទប្រាប់ឈ្មោះ យឹម ឌីណា ថាខ្លួនបានកាប់គេ (ជនរងគ្រោះ) បានហើយ មិនដឹងស្លាប់ ឬរស់ទេ រួចបានបន្តដំណើរទៅជួបជុំគ្នាជាមួយបក្ខពួកគេ នៅវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ហើយខ្លួនក៏និយាយពីរឿងហេតុកាប់ឈ្មោះ ចេក ភាព ជាមួយនិងបក្ខពួក តើគួរធ្វើយ៉ាងណាបើកាប់គេហើយ? បន្ទាប់មកពួកគេ ក៏បាននាំគ្នាយកដាវដែលកាប់ និងដាវ ០១ទៀត ទៅផ្ញើនៅនិងមិត្តភក្ដិពួកគេម្នាក់ទៀតឈ្មោះ វ៉ាន់ សំណាង ឲ្យយកទៅទុក ។ លុះព្រឹកឡើងថ្ងៃទីជនដៃដល់ គាត សំណាង បានទទួលដំណឹងថា ជនរងគ្រោះដែលខ្លួនកាប់ពីយប់នោះ បានស្លាប់បាត់ហើយ រួចជនដៃដល់រូបនេះបានទូរស័ព្ទទៅឈ្មោះ វ៉ាន់ សំណាង ឲ្យយកដាវនោះទៅបោះចោលទៅ ព្រោះឈ្មោះ ចេក ភាព ដែលខ្លួនកាប់នោះស្លាប់បាត់ហើយ ។
រហូតដល់វេលាម៉ោងជាង៧យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកកោះធំ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបក្ខពួកជនសង្ស័យខាងលើជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង