ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥទ្ធិពលសារធាតុថ្នាំញៀន​ ប្តីប្រើអំពើហិង្សាលើប្រពន្ធ កូន រហូតរត់ចេញពីផ្ទះ

85

(បន្ទាយមានជ័យ)៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី នៅចំណុចភូមិភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១០ និង ០០នាទី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផាត​ ចន្ថា ភេទ ស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យ មានឈ្មោះ ពរ​ សុខា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិ/សង្កាត់កើតហេតុខាងលើ ត្រូវជាប្តីរបស់ខ្លួន​ តែងតែឈ្លោះជាមួយអ្នកជិតខាង​ និងរករឿងខ្លួនជាប្រពន្ធរៀងរាល់ថ្ងៃ​ នៅថ្ងៃកេីតហេតុ​ ពេលជនសង្ស័យមកដល់ផ្ទះ​ ស្រាប់តែជេរប្រមាថមកលេីរូបខ្លួន​ ហេីយបានស្ទុះមកវាយខ្លួនដោយកណ្តាប់ដៃចំក្បាល​ ខ្លួនភ័យពេកក៏នាំកូនរត់ទៅផ្ទះម្តាយដែលនៅទល់មុខគ្នា​ តែជនសង្ស័យមិនព្រមឈប់​ បានយកពូថៅសៀតនឹងចង្កេះមកតាមជេរប្រមាថខ្លួន​ ម្តាយ​ និងពូរបស់ខ្លួនថែមទៀត​ ហេីយបានយកដំបងឈេីមកវាយទម្លាយទ្វារផ្ទះ​ និងគប់ដុំថ្មជាច្រេីនដុំមកលេីផ្ទះម្តាយរបស់ខ្លួនទៀតផង​ ដោយខ្លួនស៊ូទ្រាំលែងបាន ទើបមកដាក់ពាក្យបណ្តឹងតែម្តង ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានកោះហៅជនសង្ស័យមកសាកសួរ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធ​ និងវាយទ្វារផ្ទះម្តាយក្មេក​ ពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង យោងតាមការបំភ្លឺរបស់ជនរងគ្រោះ​ និងធ្វេីតេស្តរកឃេីញមានសារធាតុញៀននៅក្នុងទឹកនោមរបស់ជនសង្ស័យ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ។ បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង