តាមទាន់ប្រពន្ធនៅជាមួយប្រុសសហាយ ជាលើកទី២
ភ្នំពេញ ៖ ប្តីតាមទាន់ ប្រពន្ធរបស់ខ្លួន កំពុងជិះម៉ូតូជាមួយនឹងប្រុសស្នេហ៍ ក៏ត្រូវបុរសជា
ឃាត់សួរនាំ ឈ្លោះគ្នាយ៉ាងតឹងសរសៃកដាក់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចទល់មុខនឹងមន្ទីពហុព្យាបាល ហុងអ៊ិន ជិតនឹងស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ នេះជាលើកទី 2 ហើយតែប្ដីតាមទាន់ប្រពន្ធ ហើយក៏ធ្លាប់ធ្វើកិច្ចសន្យាឲ្យឈប់ ទាក់ទងគ្នា រួចហើយដែរ ប៉ុន្តែស្រីនេះនៅតែមិនចោលគំនិត នៅតែនោះទាក់ទងជាមួយប្រុសសាហា ផិតក្បត់ប្ដីស្របច្បាប់ខ្លួនឯង ។
បុរសជាប្តីមានឈ្មោះ នីម អាយុ៣១ឆ្នាំ មុខរបរជួយលក់ម៉ូតូ ស្នាក់នៅផ្ទះជួលម្តុំផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសៀនអង្គ្រង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកស្ត្រីជាប្រពន្ធដែលផិតក្បត់ប្តីឈ្មោះ ចក់ ណែត អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយប្តី មានស្រុកកំណើតនៅភូមិក្អិន ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មានកូនស្រីម្នាក់អាយុ៥ឆ្នាំ ។ ដោយឡែកបុរសជាសហាយ ឈ្មោះ ឆែន មានស្រុកកំណើត មានស្រុកកំណើតនៅភូមិស្រង់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ។ បុរសសហាយនេះមានប្រពន្ធ នៅខេត្តកំពង់ធំ ។
តាមសម្តីបុរសជាប្តីបានឱ្យដឹងថា រូបគាត់ចាប់ដៃជាមួយនឹងប្រពន្ធរយៈពេលជាង១០ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់អាយុ៥ឆ្នាំ រស់នៅជាមួយយាយ ហើយរូបគាត់បានជួលផ្ទះនៅទីក្រុងភ្នំពេញ ដើម្បីប្រកបររកស៊ីផ្សេងគ្នា ដោយប្រពន្ធធ្វើការរោងចក្រ ចំណែករូបគាត់ជាប្តីរកស៊ីជួយលក់ម៉ូតូគេនៅគីរីរម្យ ខណ្ឌ៧មករា ។
ប្តីរូបនោះ បាននិយាយថា ដោយសារតែរវល់ការងារមិនសូវមានពេលយល់ចិត្តប្រពន្ធឱ្យបានគ្រប់គ្រាន់ ដោយគិតតែពីការងាររកស៊ី ទើបបណ្តាលឱ្យប្រពន្ធរយកពេលវេលាលេងហ្វេសប៊ុកទាក់ទងគ្នាជាមួយនឹងបុរសជាសហាយ រហូតរហូតដល់ស្គាល់គ្នាស្អិតល្មួត ហើយរូបគាត់ក៏តាមទាន់ម្តងរួចមកហើយ និងឱ្យសមត្ថកិច្ចធ្វើការអប់រំណែនាំឱ្យឈប់ទាក់ទងគ្នា ជាមួយនឹងបុរសជាសហាយយទៀត ពីព្រោះរូបគាត់អាណិត និងស្រឡាញ់ប្រពន្ធកូន ។ លុះរហូតមកដល់ ថ្ងៃកើតហេតុ រូបគាត់បានទៅអង្គុយផឹកទឹកត្នោតជូរនៅកន្លែងមួយម្តុំផ្លូវវ៉េងស្រេងជាមួយនឹងមិត្តភក្តិ ក៏ស្រាប់តែឃើញ ប្រពន្ធរបស់គាត់ជិះម៉ូតូជាមួយនឹងបុរសជាសហាយ ទើបរូបគាត់បានជិះម៉ូតូដេញតាមរហូតដល់ជិតស្ពានអាកាសស្ទឹងមានជ័យ ក៏ឃាត់សួរនាំតឹងសរសៃកដាក់គ្នាជាមួយនឹងស្ត្រីជាប្រពន្ធ និងបុរសជាសហាយ ផ្អើលប្រជាពលរដ្ឋចោមរោមមើលព្រោងព្រាត ។
ក្នុងហេតុការណ៍នេះ ស្ត្រីជាប្រពន្ធមិនបាននិយាយបកស្រាយច្រើនទេ គ្រាន់តែនិយាយថា គាត់និងបុរសជាសហាយបានជិះម៉ូតូឌុបគ្នាគោលបំណងទៅស្រុកខេត្តកំពង់ធំ ហើយហៅបុរសជាប្តីទៅដោះស្រាយគ្នាឱ្យដាច់ស្រេច តែបុរសជាប្តីថា មិនបានទៅតាមការណាត់គ្នានោះទេ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីឈ្លោះគ្នាពេញផ្លូវរួចមក បុរសជាប្តីបានទូរសព្ទ័ទៅអ្នកផ្ទះនៅខេត្តកំពង់ធំឱ្យដឹងរឿង ហើយក៏បានឱ្យស្ត្រីជាប្រពន្ធ និងបុរសជាសហាយជិះម៉ូតូទៅស្រុកមុន ហើយរូបគាត់ជាប្តីជិះរថយន្តតាក់ស៊ីទៅតាមក្រោយ ដើម្បីធ្វើការដោយស្រាយគ្នាឱ្យចប់៕