បង្រ្កាបគ្រឿងញៀននៅកាសុីណូឡាក់គី ចាប់មនុស្សជាង 100 នាក់និងថ្នាំញៀនមួយចំនួនធំ
បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការបង្ក្រាបកាស៊ីណូឡាក់គីឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន១៥៥នាក់ ក្នុងនោះមេខ្លោងគ្រឿងញៀន៥នាក់ និងរឹបអូសយកវត្ថុតាងគ្រឿងញៀនជាច្រើនច្រើន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។
លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា “សមត្ថកិច្ចបានឃាត់ខ្លួន 155 នាក់ (ស្រី២នាក់) ក្នុងខ្នែងការស៊ីណូឡាក់គី រកឃើញ មុខសញ្ញា ចែកចាយ 5 នាក់រួមវត្ថុតាង និង ធ្វើតេស្តរកឃើញ អ្នកប្រើប្រាស់ 144 នាក់ ។ និតិវិធី បញ្ជូនទៅតុលាការ “។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៩ថា ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលខេត្ត និងក្រុងបាន ប្រតិបត្តិការបង្ក្រាបកាស៊ីណូយីហោ ឡាក់គី ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបចាប់ពី ម៉ោង៣នឹង៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់យប់លងអធ្រាតចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅក្នុងបរិវេណកាស៊ីណូឡាក់គី ឃាត់បានចំនួន១៥៥នាក់ និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា និងម្សៅពណ៌សថ្លា ហៅខេទឹកកក និងថ្នាំទឹកជាប្រភេទថ្នាំក្រវី ព្រមទាំងវត្ថុតាងជាច្រើនទៀត បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទាំងកណ្តាលយប់៕