ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លេចបង់រុំរបួសក្នុងស្បូនស្រ្តីម្នាក់ ពេលឆ្លងទន្លេ នៅពេទ្យបង្អែកតាកែវ

69

តាកែវ ៖នៅយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ផ្នែកសម្ភព ដោយពេទ្យឆ្មបភ្លេចបង់រុំរបួសក្នុងស្បូនក្រោយសម្រាលកូនរួច តែសំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិតស្រ្តីរូបនោះ។

នេះបើតាមគណនីហ្វេសប៊ុក នួន ឈិន ដែលជាប្តីរបស់ស្ត្រីម្នាក់អាចឆ្លងទន្លេនោះ បានសរសេរលើហ្វេសប៊ុក ឲ្យដឹងថា ភរិយាខ្ញុំរួចផុតពីគ្រោះថ្នាក់ហើយ ខ្លាចហើយពេទ្យផ្នែកសម្ភព នៅមន្ទីពេទ្យបង្អែកខេត្តតាកែវ សំអាតមិនស្អាតហើយថែម ទាំងមានបង់រុំរបួសក្នុងស្បូនទៀត។

គណនីហ្វេសប៊ុកឈ្មោះនួន ឈិន បានបង្ហោះរៀបរាប់អំពីភរិយារបស់ខ្លួន ដែលបានបងសម្រាលកូន ហើយពេទ្យផ្នែកសម្ភពនៅមន្ទីពេទ្យបង្អែកខេត្តតាកែវ ក្នុងនោះដែរគាត់បានសរសេររៀបរាប់ថា៖
«(18/06/2019)ពេលនេះភរិយាខ្ញុំរួចផុតពីគ្រោះថ្នាក់ហើយ ខ្លាចហើយពេទ្យផ្នែកសម្ភពនៅមន្ទីពេទ្យបង្អែកខេត្តតាកែវ សំអាតមិនស្អាតហើយថែមទាំងមានបង់រុំរបួសក្នុងស្បូនទៀត ពិតជាខកចិត្តខ្លាំងណាស់ដែលសំរេចចិត្តទៅសំរាលនៅពេទ្យនោះ ខ្លាចហើយរៀងហើយ»។

លោកបានបន្តថា ស្វាគមន៍កូនប្រុស និន វិសុទ្ធារ័ត្ន ទំងន់ 3,3kg ប្រសូតវេលាម៉ោង 10:50នាទីព្រឹកថ្ងៃសុក្រទី7ខែមិថុនាឆ្នាំ2019 ត្រូវនិងថ្ងៃ៥កើត ខែជេស្ធ ឆ្នាំកុរ ព.ស២៥៦៣
 ជូនពរកូនប្រុសសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ រៀនពូកែ ក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ដើម្បីជួយដល់គ្រួសារយើងនិងសង្គមជាតិ នាពេលអនាគត។

លោកបានបន្ថែមថា “ខ្ញុំសូមបញ្ចប់រឿងត្រឹមនេះចុះ មិនដេញដោលអ្វីទៀតទេ ចំពោះខ្ញុំគ្រាន់តែចង់សំណូមពរឲ្យគ្រូពេទ្យទាំងអស់ បន្ថែមការយកចិត្តទុកដាក់ និងប្រុងប្រយត្ន័ឲ្យបាន ខ្ពស់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យអ្នកជំងឺទាំងអស់ មានភាពកក់ក្តៅ ទុកចិត្ត និងគ្មានការព្រួយបារម្ភ…”។

វាជារឿងនឹកស្មានមិនដល់មួយដែលពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែស ដោយបង្កើតកូនភ្លេចយកបង់រុំរបួស (កំប្រេស) ពីដៃស្បូនស្រី្តឆ្លងទន្លេ បណ្ដាលឲ្យស្រ្តីជាអ្នកជំងឺ មានឈាមហូធ្លាក់ច្រើន ហើយត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោក មុន ឈិន ជាប្ដីស្រ្តីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានមកឆ្លងទន្លេកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយឆ្លងទន្លេធម្មតា ដោយមានពេទ្យឆ្មបស្រ្តីម្នាក់ឈ្មោះ សុធា ជាអ្នកបង្កើត។

លុះបង្កើតហើយបាន ៣ថ្ងៃ ខ្លួននាំប្រពន្ធមកសម្រាកនៅផ្ទះក្នុងស្រុកសំរោង បានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់ខ្លួនចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រូសារបានយកទៅពេទ្យកជនក្នុងឃុំ ត្រូវពេទ្យពិនិត្យឃើញកំប្រេសនៅក្នុងស្បូន ហើយក៏វះយកតែហូឈាមចេញច្រើនពេក ពេលនោះក្រុមគ្រូសារ ក៏បានបញ្ជូនបន្តមកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

បុរសជាប្ដីស្រ្តីរងគ្រោះ បានអះអាងថា នៅមន្ទីរពេទ្យកាល់ម៉ែត ពេទ្យបានប្រាប់ថា ប្រពន្ធរបស់ខ្លួនមានមេរោគឆ្លងនៅក្នុងស្បូន ហើយត្រូវបញ្ចូលឈាមអស់ជាច្រើន និងកំពុងសំរាកព្យាបាល ក្នុងសភាពធ្ងន់ធ្ងរ។

លោក នុត សីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់ថា មន្ទីរកំពុងតែធ្វើការស្រាវជ្រាវ ហើយនៅថ្ងៃនេះ អាចនឹងដឹងរឿងប្រាកដ ហើយបើពិតដូចជាការបង្ហោះ របស់បុរសជាប្ដីស្រីរងគ្រោះ មន្ទីរមានវិធានការទៅលើគ្រូពេទ្យ ដែលធ្វើការធ្វេសប្រហែស៕

អត្ថបទដែលជាប់ទាក់ទង