ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបស់ប្រល័យពូជសាសន៍
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅតំបន់កោះថ្ម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ។
ការប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតគឺចង់បញ្ជាក់ថាជាចំណុចចាប់ផ្តើមដំបូងបង្អស់ និងរម្លឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ក្នុងការស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត ដើម្បីប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត។
នៅក្នុងឱកាសនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងរៀបចំពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវប្រវត្តិសាស្ត្រសម្តេចតេជោដែលជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង៩៩០០ម៉ែត្រ ធ្វើពិធីរំឮកគុណ គោរពព្រះភូមិ ទេពបង្ហាញផ្លូវ ទេវតាថែរក្សាទឹកដី ពិធីដាំដើមជ្រៃ ជានិមិត្តរូប។ បន្ទាប់មកសម្តេចពិជ័យសេនា នឹងគណៈប្រតិភូធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនចេញសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនកោះថ្ម ទៅកាន់ព្រំប្រទល់កម្ពុជា-វៀតណាម ចំណុចអាងដាច់ X16 «ដើមត្រយឹង» និងធ្វើពិធីទាញស្បៃសម្ពោធដាក់តាំងផ្ទាំងសិលាចារឹក នៅចំណុចអាងដាច់X16 «ដើមត្រយឹង»។
ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈហ្វេសប៊ុកថា
ថ្ងៃ ២០ មិថុនា ២០១៩ នេះ ជាខួបលើកទី ៤២ ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)។
ទោះបីពេលនេះ ខ្លួនខ្ញុំនិងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសអោយល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
សម្តេចបានថ្លែងថា ដើម្បីរំលឹកដល់ការឈឺចាប់នាពេលនោះ ខ្ញុំបានរៀបចំចម្រៀងមួយបទមានចំណងជើងថា (សំបុត្រដែលពិបាកសរសេរបំផុត) ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ។
ថ្ងៃ២០មិថុនានេះ ជា ខួប ៤២ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំយុទ្ធមិត្ត ៤រូបទៀត ភៀសខ្លួនទាំងគ្រោះថ្នាក់ ចាកចេញពីទឹកដីកម្ពុជា នៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ( សព្វថ្ងៃខេត្តត្បូងឃ្មុំ ) ឆ្ពោះទៅកាន់ទឹកដីវៀតណាម ដើម្បីរៀបចំចលនាតស៊ូ វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ទទួលបានជ័យជម្នះទាំងស្រុង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ចំណុចទី១៖
ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១:០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិ ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។
ដោយសារប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពមានជម្លោះប្រដាប់អាវុធជាមួយគ្នា វៀតណាមលំបាកបែងចែករវាងជនភៀសខ្លួន និងទាហានខ្មែរក្រហម ដែលមានបំណងចូលទៅវាយឆ្មក់។
ដោយបានគិតដល់បញ្ហានេះ ជាមុន សមមិត្ត ហ៊ុន សែន បានសម្រេចចិត្តយកតែមនុស្សបួននាក់ទេ ទៅជាមួយ ព្រោះក្រុមធំមួយនឹងបង្កការយល់ច្រឡំថា ជាក្រុមវាយឆ្មក់របស់ ប៉ុល ពត អាចបណ្តាលអោយការវាយប្រហារពីវៀតណាម។
ធម្មជាតិ ក៏បានចូលរួមចំណែកក្នុងការធ្វើដំណើរ ដោយចន្លោះវេលាម៉ោង ២២:០០នាទី ដល់វេលាម៉ោង ០១:០០នាទី រំលងអាធ្រាត្រ មានភ្លៀងផ្លេកបន្ទោរ និងផ្គរលាន់ ម្យ៉ាងត្រូវការពុះពារទ្រាំទ្រនឹងអាកាសធាតុដ៏លំបាក ប៉ុន្តែម្យ៉ាងទៀតក៏អាចធ្វើអោយមានសុវត្ថិភាពការពារខ្លួន ក្នុងពេលធ្វើដំណើរនេះ។
ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ពាំងខ្ត័រ និងអាងដាច់ដែល មានដើមទ្រយឹងធំស្កឹមស្កៃនៅក្បែនោះ។ នៅទល់ខាងមុខ គឺជាស្រុកទុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម។
មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាង ទឹកដីកម្ពុជា ទាំងទឹកភ្នែក ដោយនិយាយក្នុងចិត្តថា អាយុ ១៣ឆ្នាំ បែកពីស្រុកកំណើត ដោយអត់សាលារៀន អាយុ ២៥ឆ្នាំបែកពីប្រទេសដោយពួកឃាតក។
ចំណុចទី២៖
វេលាម៉ោង ០២:០០នាទី ទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នា ក៏បានសម្រាករង់ចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅ សម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទាននោះឡើយ។
សំណួរមួយចំនួន ដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាម ឬទេ? តើអាចត្រូវជាប់គុក ដោយសារការឆ្លងដែនខុសច្បាប់ ឬទេ? តើវៀតណាមជឿ ហើយសុខចិត្តជួយក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ? ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺតើវៀតណាម អាចចាប់បញ្ជូនមកអោយ ប៉ុល ពត វិញ ឬទេ?
ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ ៥ខែ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាក អាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។
នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។
ដោយនៅមានភ្លៀងតិចៗ និងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសអោយចំ ដោយពុំមានត្រីវិស័យ ដូចនេះ ត្រូវរងចាំ រហូតដល់ពេលភ្លឺច្បាស់ថ្ងៃរះ ទើបចេញដំណើរ នៅម៉ោងប្រមាណ ០៨:០០នាទីព្រឹក។
សមមិត្ត ហ៊ុន សែន និងក្រុមយុទ្ធមិត្ត បានសម្លឹងមើលទៅទិស ដែលព្រះអាទិត្យរះ នោះគឺទិសខាងកើត ជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់ប្រទេសវៀតណាម។
ចំណុចទី៣៖
ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាម បានប្រមាណជិត ៦គីឡូម៉ែត្រ វេលាម៉ោង ១១:០០ នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានទៅជួបផ្លូវលំមួយក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុងទៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម។
ហេតុអ្វីបានជាក្រុមសមមិត្តសម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួន? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះអោយតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារព្រំដែនវៀតណាម ឬកងឈ្លប អាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមយុទ្ធមិត្ត មិនអាចធានាបានឡើយ។
ចំណុចទី៤៖
វេលាម៉ោង ១៤:០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ សមមិត្ត ហ៊ុន សែន និងក្រុមយុទ្ធមិត្ត បានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះ នឹងកម្មករចម្ការកៅស៊ូវៀតណាម ដែលកំពុងធ្វើដំណើរ សមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះ ក៏អោយក្រុមសមមិត្ត រង់ចាំនៅទីនោះសិន។
បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាម មកដល់ ដោយមានអាវុធមកជាមួយផង។
ដំបូង វៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ។
ចំណុចទី៥៖
ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះ លើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេ ភាគីវៀតណាម ក៏បានដាំបាយឆ្នាំងលេខ១០ និងធ្វើម្ហូប ជូនសម្រាប់មនុស្ស ៥នាក់ ដែលធ្លាប់តែហូបបបរជាង ១ឆ្នាំហើយ។ ក្រោយពីបានទទួលទានរួច ជនកម្ពុជាទាំងប្រាំរូប ត្រូវគេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦:៤៥នាទី។
ចំណុចទី៦៖
ជនកម្ពុជាទាំងប្រាំ ត្រូវបានសាកសួរព័ត៌មានម្តងទៀត នៅទីនោះ ពីសំណាក់បញ្ជាការកងអនុសេនាធំម្នាក់របស់វៀតណាម។
វេលាម៉ោង ១៧:១៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំងប្រាំ ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង ១៨:០០នាទី។
ចំណុចទី៧៖
ក្រោយពីបរិភោគអាហារពេលល្ងាចរួច ដែលមានបាយ និងបន្លែត្រកួនហើយ សមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំងបួននាក់ ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មានសាជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។
នោះគឺជាពេលវេលា ដែលតានតឹង ភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំងបួន ដែលធ្វើដំណើរមកជាមួយដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ។
ពួកគាត់ទាំងបួន មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរង់ចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។
ដោយសារការសាកសួរដេញដោលព័ត៌មាន ធានាតាមលំដាប់ថ្នាក់ ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើអោយភាគីវៀតណាម ឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំង សម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំងបួននាក់ បាន ចេញដំណើរទៅខេត្តសុងប៊ែរ តាមរថយន្តដឹកអុស។ វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំហើយ មិនមែនជាក្រុម ដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។
ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់ នៃរបត់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំកងកម្លាំងកម្ពុជា អញ្ជើញទៅកាន់តំបន់តស៊ូទាំង ៧ចំណុច នៅទឹកដីកម្ពុជា និងបានឆ្លងដែនចូលទឹកដីវៀតណាម ដើម្បីរំលឹកប្រវត្តិតស៊ូរបស់សម្តេច កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។
ក្នុងថ្ងៃរំលឹកពីប្រវត្តិតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយមួយចំនួន ទាំងនៅក្នុងទឹកដីកម្ពុជា និងក្នុងទឹកដីវៀតណាម៕