ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី អបអរសាទរ ខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និង១ឆ្នាំនៃប្រាសាទសម្បូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

276

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍អបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧កក្កដា២០០៨-៧កក្កដា២០១៨) និងការដាក់ចូលប្រាសាទសម្បូរព្រៃគុក គម្រប់ខួប១ឆ្នាំ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលារាជធានីភ្នំពេញ ក្នុងពិធីនេះមានការចូលរួមពីមន្រ្តីរាជការ ចំណុះឲ្យសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ហើយលោកអភិបាលរាជធានី និងលោកប្រធានក្រុមប្រឹក្សា ក៏បានទូងស្គដើម្បីអបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ចំណែកអាជ្ញាធរខេត្តព្រះវិហារ ក៏បានរៀបចំពិធីនេះដែរ នៅលើខ្នង​ភ្នំដងរ៉ែក នៃប្រាសាទព្រះវិហារ។ នៅល្ងាចថ្ងៃទី១៥ខែកក្កដានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក រួមជាមួយពលរដ្ឋកម្ពុជា រាប់ពាន់នាក់។

ថ្ងៃ​៧​កក្កដា ឆ្នាំ​២០១១​នេះ ជា​ខួបគម្រប់ ១០​ឆ្នាំ ថ្ងៃ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ពិធី​សាទរ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រាសាទ​ព្រះវិហារ​។ តាម​វត្ត​អារាម និង​សាលារៀន​ នៅ​ទូទាំង​ប្រទេស បាន​ទូងស្គរ និង​វាយ​ជួង ដើម្បី​ជា​សញ្ញា​ឧទ្ទិស​ដល់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ។ ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨​។ នៅ​ថ្ងៃ​៧​កក្កដា ២០១១​នេះ ជាថៃ​ខួប ១០ឆ្នាំ​។ មន្ត្រី​រដ្ឋាភិបាល កងទ័ព​នៅ​សមរភូមិមុខ និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស បាន​ប្រារព្ធ​​ពិធី​ជួបជុំ​យ៉ាង​អធិកអធម ដើម្បី​សាទរ​ថ្ងៃ​ដ៏​វិសេសវិសាល ជា​ប្រវត្តិសាស្ត្រ​នេះ។​

​ដើម្បី​សាទរ​ថ្ងៃ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ព្រឹក​ថ្ងៃ​ទី​៧​កក្កដា​នេះ តាម​វត្ត​អារាម​នានា ក៏​បាន​ទូងស្គរ​ព្រមៗ​គ្នា​។ ​ដោយឡែក​ នៅរាជធានី​ភ្នំពេញ ពិធី​សាទរ​ត្រូវបាន​អាជ្ញាធរ​ក្រុង​រៀបចំ​ធ្វើ​នៅ​ម៉ោង ៩​ព្រឹក។ នៅ​តាម​វត្តអារាម ​គ្រឹះស្ថាន​រដ្ឋ និង​​​សាលារៀន មាន​ពិធី​ជួបជុំ​ព្រះសង្ឃ មន្ត្រីរាជការ និង​សិស្សសាលា ដើម្បី​ទូងស្គរ និង​វាយ​ជួង​ នៅ​ម៉ោង ៩ ព្រឹក​។​ ​មន្ត្រីរាជការ និង​សិស្សសាលា ក៏​បាន​ប្រមូលផ្តុំ​តាម​ស្ថាប័ន​នីមួយៗ ដោយ​មាន​កាន់​ទង់ជាតិ និង​ទង់​អង្គការ​យូណេស្កូ​លើក​គ្រវី ព្រមទាំង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​។

ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនឹងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។ ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ៖

ចេញពី ខេត្តសៀមរាបតាមផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ឆ្ពោះទៅកាន់ ស្រុកអន្លង់វែង រហូតមកដល់វង្វង់មូលស្រអែម រួចបន្តដំណើរប្រហែល ២០គីឡូម៉ែត្រទៀត និងដល់ចំណតគ១ ដែលជាកន្លែងលក់សំបុត្រឡើងប្រាសាទ។
ចេញដំណើរពី រាជធានីភ្នំពេញ ទៅ ខេត្តកំពង់ធំ បន្ទាប់មកដល់ថ្នល់បំបែកសៀមរាប-ព្រះវិហារ រួចបត់ស្តាំកាត់តាម រមណីយដ្ឋានសំបូរព្រៃគុក ប្រាសាទសំបូរព្រៃគុក រហូតដល់ផ្លូវបំបែកភ្នំដែករួចបត់ឆ្វេងមកទីរួម ខេត្តព្រះវិហារ ហើយបន្តដំណើររហូតដល់វង្វង់មូលស្រអែម។

នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់អាជ្ញាធរជាតិព្រះវិហារ។

កាលបរិច្ឆេទសំខាន់ៗ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។ ថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨៖ អង្គការយូនីស្កូបានសម្រេចដាកើប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោមសេចក្តិសម្រេច 32 COM 8B. 102 ។ ថ្ងៃទី១០ខែតុលាឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជាមានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូនីស្កូ។ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០០៦៖ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោកយូនីស្កូប៉ារីស។ ថ្ងៃទី២៣-២៩ខែតុលាឆ្នាំ២០០៦៖ បេសកម្មបច្ចេកទេសរបស់តំណាងក្រុមព្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបនើប្រាសាទព្រះវិហារ។ ថ្ងៃទី២១ខែមករាឆ្នាំ២០០៧៖ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។ ថ្ងៃទី២៣ខែមិថុនា-ថ្ងៃទី២ខែកក្កដាឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅហ្គ្រីសឆឺច(Christchuech) ប្រទេសណូវែលហ្សេឡង់។

លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើង នៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅឡើយទេ។ ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។

តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន សរសេរក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះ ហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់ នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារមានដូចជា៖

ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)
ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០)
ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)
ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ -១០៥០)
ព្រះបាទទ័យទិត្យវរ្ម័នទី១ (១០៦០-១០៥៦)
ព្រះបាទហស៌វរ្ម័នទី២ (១០៥០-១០៨០)
ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩)
ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)

ព្រះមហាក្សត្រដែលបានកសាងប្រាសាទព្រះវិហារ និងជួសជុលប្រាសាទ ដែលលេចធ្លោមានដូចជា៖

ព្រះបាទយសោវរ្ម័នទី១៖ ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។
ព្រះបាទសូរ្យវរ្ម័នទី១៖ ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាង្គកណ្តាល កំពែងព័ន្ធជុំវិញ និងគោបុរៈទី៣។ យោងតាមសិលាចារឹករបស់ប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី១ បានរៀបចំពិធីដើម្បីអញ្ចើញទេវៈ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវ) មកគង់នៅជាមួយនិងទេវៈ ស្រីសិខរិស្វរៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្រ្ត។
ព្រះបាទជ័យវរ្ម័នទី៦៖ ព្រះអង្គបានសាងសង់ហោត្រៃ ឬបណ្ណាល័យពីរ និងជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
ព្រះបាទសូរ្យវរ្ម័នទី២៖ ព្រអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គបានរៀបចំពិធីសម្ពោធប្រាសាទ និងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) ឬ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។ ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរនៅ ប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ អ្នកដែលសរសេរសិលាចារឹកគឺមានឈ្មោះ ហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី១ គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ បានសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរបុរាណ ។ បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខ រិស្វរៈ មកតាំងមកប្រតិស្ឋនៅទីនេះៗ គឺប្រាសាទព្រះវិហារនេះ។ ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធិឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅក្រុងឡាអេ។

​ក្រុម​ប្រាសាទសម្បូរព្រៃគុក គឺជា​ក្រុម​ប្រាសាទ​ធ្វើំ​ពី​ឥដ្ឋតាន់​/​ថ្មបាយក្រៀម និង​ថ្មភក់ ដែល​ស្ថិតនៅ​ភូមិ​សម្បូរ ស្រុក​សម្បូរ ប្រមាណ​ជា ២៥​គីឡូក្រាម ពី​ទី​រួម​ខេត្តកំពង់ធំ​។ ក្រុម​ប្រាសាទសម្បូរព្រៃគុក​ត្រូវបាន​ស្ថាបនា​ឡើងជា​លើកដំបូង​បង្អស់ ដោយ​ព្រះមហាក្សត្រ​ខ្មែរ នា​សម័យ​ បុ​រេ​អង្គរ​បី​ព្រះអង្គ​ ដ៏​ខ្លាំង ពូកែ គឺ​ព្រះបាទ​ ភ​វរ្ម័នទី​១ ព្រះបាទ ​ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា និង​ព្រះបាទ​ឥសាន​វរ្ម័ន។
ហើយ​បន្ទាប់មកទៀត ត្រូវបាន​ស្ថាបនា​បន្ថែម ជា​បន្ទាប់ៗ​រហូតដល់​ដើម​សតវត្សរ៍​ទី ១០​នៃ​គ​.​ស មុន​ការ ផ្លាស់​ទីតាំង​នៃ ​ព្រះរាជ​ធានី​ ចេនឡា​ ទៅកាន់ ​តំបន់​ គូលែន នៅ​ខេត្ត សៀមរាប​បច្ចុប្បន្ន​។​ ក្រុម​ប្រាសាទសម្បូរព្រៃគុក ដែល​ត្រូវបាន​ចែកចេញជា​បី​ក្រុម​ធំៗ និង​ក្រុម​ឧបសម្ព័ន្ធ មិនមែនជា​ទីក្រុង​ឥសាន​បុ​រៈ ឬ​ឥសាន​បុរី​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី ១ (៦១៥-៦៣៥ គ​.​ស​) នោះទេ​។
ក៏​ប៉​ន្តែ គឺ​ក្រុម​ប្រាសាទ​ទាំងឡាយ​នៃ​ទីក្រុង​ឥសាន​បុ​រៈ ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​នៃ​ក្រុម​ប្រាសាទ​ទាំង ៣​ខាងលើនេះ​។​

​ម្យ៉ាងវិញទៀត ការសរសេរ​ ពាក្យ​ គុ​ហ៍ ដោយ​អ្នក និពន្ធ​ខ្លះ គឺជា​ពាក្យ​ មិន​សមស្រប ​នឹង​អត្ថន័យ​ដើមឡើយ ពោលគឺ​ជាការ​ខុសឆ្គង​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​បំភ្លឺ​នៅទីនេះ​។
​ជាបឋម សូមបញ្ជាក់ថា សម្បូរ ព្រៃ​គុក គឺជា​អក្សរ​ផ្សំ​រវាង​ពាក្យ​ទាំង ៣​ម៉ាត់ គឺ​ពាក្យ​សម្បូរ​ ព្រៃ និង គុក​។
អ្នកស្រាវជ្រាវ​បារាំង​ដំបូងបង្អស់​ពីរ​នាក់​គឺ លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ និង​លោក ហង់​រី ប៉ារ​ម៉ាំង​ទី​យេ ដែល​បាន​សិក្សា​ក្រុម​ប្រាសាទសម្បូរព្រៃគុក​មុនដំបូង​បង្អស់​បានសរសេរថា គុក (Kuk) ដែល​មានន័យថា ប៉ម​យាម ប្រាសាទ​, កុ​ដ​, វិហារ (tour) ហើយ​នេះ​ជា​អ្វីមួយ​ដែល​អ្នកស្រាវជ្រាវ ក្រោយមកទៀត​ដូចជា លោក ដឺ​ឡា​ហ្សុ​ង​គី​យ៉ែ​រ៍ និង​ហ្គ្រោ​លី​យេ​រ៍ បាន​គោរព​ប្រតិបត្តិ​តាម​រហូត​បច្ចុប្បន្នភាព​។​
​​ដូច​ទើប​ពោល ពាក្យ​ថា គុក (Kuk) ជា​ពាក្យ​ខ្មែរ ដែល​តាម​ធម្មតា មានន័យថា ប្រាសាទ​ជា​ហូរហែ​។
រីឯ​ពាក្យ​ សម្បូរ គឺជា​ឈ្មោះ​ របស់​ភូមិ​មួយ ​ដែល​ស្ថិត​ជិត ​ក្រុម​ប្រាសាទ ​ទាំងនោះ​។ ចំណែក​ពាក្យ​ព្រៃ​វិញ សំដៅ​ព្រៃឈើ​។
សេចក្តី​ត្រង់នេះ មាន​សារសំខាន់​ណាស់ ព្រោះ​ពាក្យ​គុក ត្រូវ​បានឮ​ហើយ កត់ត្រា​នៅ​ចុង​សតវត្សរ៍​ទី ១៩ និង ដើម​សតវត្សរ៍​ទី ២០ មកម្ល៉េះ ដោយ​ប្រវត្តិវិទូ​ដ៏​ល្បីៗ ដែល​បាន​អញ្ជើញ​មក​ស្រាវជ្រាវ​ក្រុម​ប្រាសាទ​ទាំងនោះ​មុនគេ​។​

ដូចនេះ ពាក្យ​ទាំងបី​ម៉ាត់ សម្បូរ​ព្រៃ​គុក​នេះ មានន័យ​យ៉ាង​ជាក់ច្បាស់​ថា ​​​”ព្រៃស្តុក ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​” (La foret aux tours) ហើយ​សំដៅយក​ក្រុម​ប្រាសាទ​ទាំងឡាយ ដែលមាន​នៅលើ​ទីតាំង​នេះ​ទាំងមូល​។
ជា​អវសាន ពាក្យ​គុក​នេះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​ជាតិ​យើង ប្រើប្រាស់​ជា​ផ្លូវការ​រហូតដល់​សព្វថ្ងៃ​ដែរ ម្ល៉ោះហើយ ពាក្យ​គុ​ហ៍ ត្រូវ​ទុក​ថា​ជា​មោ​ឃៈ​។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ធំ។ រមណីយដ្ឋាន​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​បរទេស​សន្និដ្ឋាន​ថា គឺ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា ដែល​មាន​ឈ្មោះ​ថា ឥសាន​បុរៈ ឬ​ឥសាន​បុរី ក្នុង​រាជ្យ​ព្រះបាទ ឥសាន​វរ្ម័នទី១ នា​ដើម​សតវត្សរ៍​ទី​៧ ដោយ​ដាក់​ឈ្មោះ​ស្រប​តាម​ព្រះនាម​របស់​ទ្រង់។ ចំណែក​អ្នក​កសាង​បន្ត​ទៀត គឺ​ព្រះបាទ​ភវវរ្ម័នទី២ ដោយ​ដាក់​នាម​ថា ភវបុរៈ គឺ​ដូច​គ្នា​ទៅ​នឹង​បច្ឆា​មរណនាម​របស់​ព្រះអង្គ​ដែរ រួម​នឹង​ក្សត្រ​មួយ​ចំនួន​ទៀត។ នៅ​ក្នុង​បរិវេណ​រាជធានី​បុរាណ​ខ្មែរ​មួយ​នេះ គឺ​មាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ (២៩៣) លើ​ទំហំ​ផ្ទៃដី​បច្ចុប្បន្ន​ប្រមាណ ៣០​គីឡូម៉ែត្រ​ការ៉េ។ ប្រាសាទ​ទាំង​នោះ ត្រូវ​បាន​គេ​បាន​បែង​ចែក​ជា​បី​ក្រុម​ធំៗ រួម​មាន​ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទ​តោ និង​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ។ លើស​ពី​នេះ​ទៀត តំបន់​រាជធានី​ខ្មែរ​បុរាណ​មួយ​នេះ គេ​បែង​ចែក​ជា​បី​តំបន់ គឺ​តំបន់​ស្នូល តំបន់​ទ្រនាប់ និង​តំបន់​រណប៕

 

អត្ថបទដែលជាប់ទាក់ទង