អភិបាលរាជធានីជម្រុញឱ្យមន្រ្តីជំនាញ និងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់បន្ថែមលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់និងអនាម័យបរិស្ថាន នៅជុំវិញវិមានឈ្នះឈ្នះ
ភ្នំពេញ៖លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៦ខែកក្កដានេះបានដឹកនាំមន្រ្តីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលសណ្តាប់ធ្នាប់សាធារណៈនិងអនាម័យនៅជុំវិញបរិវេណវិមានឈ្នះឈ្នះស្របពេលដែរកំណើនទេសចរជាតិនិងអន្តរជាតិបានមកទស្សនាកំសាន្តមានការកើនឡើងឥតឈប់ឈរ។
ក្នុងឱកាសនោះលោកអភិបាលរាជធានីភ្នំពេញបានជម្រុញឱ្យមន្រ្តីជំនាញនិងអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើបញ្ហាសន្តិសុខសណ្តាប់សាធារណៈនិងបញ្ហាបរិស្ថានអនាម័យនៅជុំវិញតំបន់នោះឱ្យបានល្អប្រសើរថែមទៀត។
លោកបានបន្តថាក្រៅពីបញ្ហាសណ្តាប់ធ្នាប់និងអនាម័យការដាំនិងថែទាំដើមឈើនៅក្នុងតំបន់នេះក៏ជាសំណុចសំខាន់មួយដែលអាជ្ញាធរនិងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ជាពិសេសត្រូវដាំជួសឡើងវិញទាំងអស់ចំពោះដើមឈើដែលបានងាប់ទៅព្រោះថាបរិស្ថាននិងទេសចភាពធម្មជាតិក៏ជាចំណុចទាក់ទាញមួយបន្ថែមទៀតបន្ទាប់ពីគេបានទស្សនានិងស្វែងយល់ពីវិមានប្រវត្តិសាស្រ្តមួយនេះ។
លោកឃួងស្រេងក៏បានរំលឹកផងដែរថាវិមានឈ្នះឈ្នះជាមជ្ឈមណ្ឌលឯកសារប្រវត្តិសាស្រ្តរបស់កម្ពុជាជាតំបន់សិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រផងក៏ជាតំបន់សក្កដានុពលទេសចរណ៍ថ្មីដែលជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ជាតិនិងអន្តរជាតិមកទសនសនាកំសាន្តក្រៅពីនេះតំបន់នេះក៏នឹងទទួលបដិសណ្ឋារកិច្ចចំពោះវត្តមានម្រមុខដឹកនាំប្រទេសថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសជាមិត្តមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីកម្ពុជាផងដែរ។ដូច្នេះនៅជុំវិញបរិវេណវិមានឈ្នះឈ្នះក៏ដូចជាជុំវិញតំបន់នេះត្រូវតែធានាបានយ៉ាងល្អបំផុតទាំងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបរិស្ថាននិងអនាម័យជាប់ជាប្រចាំ។
លោកបញ្ជាក់ទៀតថានៅពេលខាងមុខតំបន់នោះក៏នឹងមានកម្មវិធីជាតិធំៗកម្មវិធីអាស៊ានស៊ីហ្គេមនិងកម្មវិធីអន្តរជាតិសំខាន់ៗជាច្រើនដែលនឹងត្រូវមកប្រារពធ្វើនៅក្នុងតំបន់ដ៏មានវិសាលភាពក្នុងរាជធានីភ្នំពេញមួយនេះ៕