សម្តេចតេជោ ជូនចៅស្រី ទៅរៀននៅបរទេស
ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៦ ខែកក្កដានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំ ត្រឡប់ទៅរៀនវិញ បន្ទាប់ពីនាងបានមកសម្រាកមួយរយៈនៃវិស្សមកាល។ ដោយសារភរិយាខ្ញុំជាជីដូន និងកូនស្រីខ្ញុំ
ជាម្តាយជាប់ការងារ មិនអាចជូនដំណើរបានតម្រូវឱ្យខ្ញុំជាជីតាឆ្លៀតពេលជូនដំណើរចៅដើម្បីជៀសវាងអារម្មណ៍
ឯកោរបស់ចៅស្រី។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា កាលពេលមុនខ្ញុំ និងភរិយា រួមនិងឪពុកខ្ញុំផង ធ្លាប់ជូនដំណើរកូនៗខ្ញុំពេលពួកគេ
ចេញទៅរៀននៅបរទេស។ ពេលនេះដល់ពេលត្រូវជូនដំណើរចៅម្តង ដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹកចិត្តសម្រាប់ការសិក្យារបស់ពួកគេ។
សម្តេច បានរំលឹករឿងចាស់នាពេលកន្លងមកថា និយាយដល់រឿងនេះ ខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបររទេះគោ រាប់គីឡូម៉ែត្រ មកកាន់កំពង់ផែ ដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ទឹក មករៀននៅភ្នំពេញ។ ទោះនៅនឹងខ្លួនខ្ញុំមានលុយត្រឹមតែ១២រៀល និងបាយខ្ចប់ស្លឹកចេកមួយកញ្ចប់ក្តី តែខ្ញុំមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ ដែលបានឪពុកម្តាយជូនដំណើរ ដែលខ្ញុំមើលពីកប៉ាល់ឃើញ
ពួកគាត់ឈរមើលមកកប៉ាល់រហូតផុតកន្ទុយភ្នែកមើលលែងឃើញ។
កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះ ក៏បានសន្យាជាជួយខ្ញុំថា ចៅនឹងយកថ្នាក់បណ្ឌិតឱ្យបាន។ ខ្ញុំសង្ឃឹមថា ចៅមួយនេះនឹងជោគជ័យ ក្នុងការសិក្សារបស់គេ ដើម្បីជំរុញឱ្យចៅ១៩នាក់ផ្សេងទៀតយកជាគំរូតាម៕