ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលយកដីកា កោះហៅលោក សម រង្ស៊ី ទៅបិទនៅអតីតទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិ ដើម្បីឲ្យចូលខ្លួនឆ្លើយបំភ្លឺ រឿងកាត់ទឹកដីឲ្យបរទេស

91

(ភ្នំពេញ)៖កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះបានដីការបស់លោករស់ ពិសិដ្ឋ ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ ដែលកោះហៅលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ឱ្យចូលបំភ្លឺចំពោះ បទល្មើសក្បត់ជាតិកាត់ទឹកដី យកទៅបិទនៅអតីតទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៨ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្តឹងសុំឲ្យបើកការស៊ើបសួរលើជនត្រូវចោទ ឈ្មោះសម រង្ស៊ី។ជនត្រូវចោទ ឈ្មោះសម រង្ស៊ី ត្រូវបានដាក់ក្រោមការពិនិត្យពីបទ “ប៉ុនប៉ងប្រគល់ឲ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក” ប្រព្រឹត្តនៅរាជធានីភ្នំពេញ ​និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឲ្យផ្ទន្តាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌ។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឱ្យ លោក សម រង្ស៊ី ឲ្យចូលមកនាក់សាលាដំបូងភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ តាមកាលកំណត់ ដើម្បីសួរចម្លើយពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដែលប៉ុនប៉ងកាត់ទឹកដីកម្ពុជាឱ្យទៅជនជាតិដទៃ។ “ក្នុងករណីមិនចូលខ្លួនតាមកាលកំណត់ ខាងលើនេះទេ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន ឬដីកាបង្គាត់ឲ្យចាប់ខ្លួន” លោកចៅក្រមបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសកម្មជនរបស់ខ្លួនទម្លាយ អំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូរបស់លោកចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយមេដឹកនាំជនជាតវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដើម្បីប្រគល់ឱ្យជនជាតិភាគតិចវៀតណាមទាំងនោះ គ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិបើសិនជាគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត នៅឆ្នាំ២០១៣។ ខេត្តកម្ពុជាចំនួន៤ ដែលលោកសម រង្ស៊ី ប៉ុនប៉ងកាត់ទៅឱ្យជនជាតិភាគតិចវៀតណាមនេះ រួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ជាដើម។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែមិនមានវត្តមានលោកសម រង្ស៊ី ចូលខ្លួនមកបំភ្លឺនោះទេ៕

អត្ថបទដែលជាប់ទាក់ទង