ការប្រកួតកីឡា អត្តពលកម្មជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ចាប់ផ្តើមប្រកួតជាផ្លូវការ
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ផ្តើមប្រកួតជាផ្លូវការហើយ បន្ទាប់ពីពន្យារពេលអស់២អាទិត្យដោយសារមេរោគCOVID-19 រៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្រោមការឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំមានក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាកចូលរួម។
លោក ផៃ សុខ អនុប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាក់មកពី១៦រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងការពារជាតិកើនជាងឆ្នាំមុខ ដោយឆ្នាំនេះអត្តពលិកចូលរួមច្រើនជាងកាលពីឆ្នាំមុខដែលកីឡាករ-កីឡាការិនីអត្តពលកម្មត្រឹមតែចំនួន១២៤នាក់មកពី១២រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងការពារជាតិ។
លោកបានបន្តថា ការប្រកួតនេះសហព័ន្ធមានការប្រុងប្រយ័ត្នខ្ពស់ដោយកីឡាករ-កីឡាការិនីអត្តពលកម្មមុនចូលទីលានត្រូវវាស់កម្តៅ លាងដៃអាល់កុលយ៉ាងត្រឹមត្រូវ និងរក្សាគម្លាតពីគ្នាយ៉ាងហោចណាស់១ទ២ម៉ែត្រតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19ឡើយ។
លោកអនុប្រធានបានបន្ថែមទៀតថា ការប្រកួតខាងនេះសហព័ន្ធរៀបចំតាមកម្រិតអន្តរជាតិដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡា SEA GAMES 2023 កម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានផ្លែផ្កាល្អជាទីគាប់ចិត្ត ព្រមទាំងរៀបចំផែនការ និងយុទ្ធសាស្ត្រជាច្រើនសំណើរឆ្ពោះទៅ SEA GAMES 2023 ឆ្នាំ២០២៣៕