ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែខារ៉ាអូខេ វិមានទ្រព្យ ចង់លេបយករង្វាន់រថយន្តរបស់កម្មករ , ស្នងការខេត្តត្បូងឃ្មុំ​ ដកហូតយកគម្របដបត្រូវរង្វាន់ពីថៅកែ​ មកទុកឲ្យម្ចាស់រង្វាន់វិញ​

228

 

ត្បូងឃ្មុំ៖ បុរសម្នាក់ដែលត្រូវរង្វាន់រថយន្តមួយគ្រឿង ពីគម្របដបភេសជ្ជៈ​ អូឈិ ​បានទទួលយុត្តិធម៌ហើយ​ បន្ទាប់ពីថៅកែខារ៉ាអូខេ វិមានទ្រព្យ យកគម្របទៅលាក់ទុក និងនិយាយគំរាម ហើយដកហូតទូរស័ព្ទទុក។​ គម្របដប​នោះ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តត្បូងឃ្មុំ​ ដកហូតពីថៅកែខារ៉ាអូខេ​ យកមករក្សាទុកបណ្ដោះអាសន្ន ដើម្បីទុកជូនជនរងគ្រោះពិតប្រាកដ​ ។​

ហេតុការណ៍នេះបានល្បីកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៨ ក្រោយពេលដែលបុរសម្នាក់ ជាម្ចាស់រង្វាន់គម្របដប បានឡាយវីដេអូ ស្វែងយុត្តិធម៌។

គម្របដបតែ​ អូឈិ​ ដែលត្រូវរង្វាន់រថយន្តភីកអាប់​ ហើយត្រូវថៅកែ យកពីកម្មករនោះ​ ពេលនេះ​ លោកឧត្ដមសេនីយ៍ទោ​ បែ​ន​ រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមេមត់ហើយ​ ដើម្បីទុកដោះស្រាយជូនប្អូនប្រុសម្ចាស់គម្របពិត​ ។​

ករណីដ៏កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកមិញនេះ ទាក់ទងនឹងបុរសម្នាក់ ត្រូវរង្វាន់រថយន្តទំនើបមួយគ្រឿង ពីគម្របដប Oishi ហើយយកទៅផ្ញើថៅកែហាងរបស់ខ្លួន ព្រោះបារម្ភពីសុវត្ថិភាព ប៉ុន្តែស្រាប់តែថៅកែហាង ចង់ស៊ីដាច់រង្វាន់ និងគំរាមបណ្តេញចេញពីការងារ ប្រសិនបើបែកធ្លាយព័ត៌មាននេះ។ រឿងរ៉ាវដ៏ក្តៅគគុកនេះ ក៏បានលេចឮដល់សមត្ថកិច្ចខេត្តត្បូងឃ្មុំ ហើយក៏បានហៅថៅកែ និង កម្មករ២នាក់ មកសួរនាំ និងធ្វើការកំណត់ហេតុ។

ក្នុងនោះដែរលោកឧត្តមសេនីយ ប៉ែន រត្ន័ ស្នងការនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា៖ “សូមជម្រាបជូន បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញ ការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១ មិថុនាភ្លាម។ ករណីនេះ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បាននិងកំពុង ដំណើរការស៊ើបអង្កេត ចម្លើយបឋម ខាងក្រោមនេះ ជារបាយការណ៍លទ្ធផល ស្រាវជ្រាវបឋម របស់ស្នងការដ្ឋានខេត្តត្បូងឃ្មុំ ។ ករណីនេះ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បាននិងកំពុងដំណើរការស៊ើបអង្កេត
ចម្លើយបឋម ដោយបានបញ្ជាក់ថា ករណីនេះជារឿងពិត ដែលមានជាប់ពាក់ព័ន្ធមនុស្ស៣នាក់ រួមមាន កម្មករ២នាក់ (ម្នាក់ពិការ) ផ្តើមចេញពីលុយធិប៥ពាន់រៀល ហើយនាំគ្នាទៅទិញទឹកអូអ៊ិឈិ១ដប ហូប២នាក់ និងថៅកែការ៉ាអូខេ វិមានទ្រព្យ ។ រង្វាន់នេះ មិនទាន់បើកបាននៅឡើយទេ ។ អ្នកទាំង៣ កំពុងបំពេញកំណត់ហេតុ នៅអធិការដ្ឋាននគរបាលស្រុកមេមត់។ យើងនិងទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីផ្អាកផ្តល់រង្វាន់សិន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់”។

បុរសដែលបានបង្ហោះសារ បានរៀបរាប់ថា នៅពេលត្រូវរង្វាន់ រូបគេមិនហ៊ានរក្សាទុកខ្លួនឯងនោះទេ ពោលយកទៅផ្ញើ នៅ​ថៅកែការ៉ាអូខេ “វិមានទ្រព្យ” ដើម្បីឲ្យជួយរក្សាទុក សម្រាប់បើករង្វាន់ ប៉ុន្ដែត្រូវថៅកែរូបនោះ ស៊ីដាច់យកទៅបើកដោយខ្លួនឯងវិញ

លោក ស៊ិន ម៉ៅ ថៅកែហាងបានរៀបរាប់ លើបណ្តាញសង្គមហ្វេសប៊ុកថា៖ “សូមបងប្អូនជ្រាប អ្នកត្រូវពិត និងមិនពិត កំពុងនៅលើដៃប៉ូលិសហើយ ចំណែកគម្របដប ក៏ខ្ញុំប្រគល់ឲ្យប៉ូលិសដែរ ចំណែកអ្នក Post ថាខ្ញុំយកក្រវឹលទៅបើកស៊ីដាច់គេនោះ ជាពាក្យកុហកមួលបង្កាច់ទេ ហើយខ្ញុំក៏កំពង់ប្តឹងសមត្ថកិច្ច ឲ្យរកខុសត្រូវផងដែរ”។ លោក ស៊ិន ម៉ៅ បានបន្តឲ្យដឹងថា តាមពិតទៅបុរសឈ្មោះ ហែម និមល និង បុរសពិការម្នាក់ទៀត បានទៅទិញភេសជ្ជៈ Oishi ម្នាក់មួយដប ហើយបុរសពិការ ជាអ្នកត្រូវរង្វាន់ពិត ហើយថា នឹងចែកឲ្យឈ្មោះ​ ហែម និមល ខ្លះ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ឈ្មោះ ហែម និមល សុំចែកម្នាក់ពាក់កណ្តាល ហើយគេមិនព្រម ក៏បង្កើតរឿងមួលបង្កាច់ ចង់បានតែ២នាក់ប្តីប្រពន្ធទៅ ដោយបង្ខូចដល់ឈ្មោះថៅកែថា ចង់ស៊ីដាច់រង្វាន់។ ទោះជាយ៉ាងណា រឿងនេះ មិនទាន់បញ្ចប់ឡើយ រង់ចាំការដោះស្រាយ ពីសមត្ថកិច្ចជាបន្តទៀត៕

     

អត្ថបទដែលជាប់ទាក់ទង