ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយសីថ្នាល៤រូប បានចេញទៅប្រកួតនៅកូរ៉េថ្ងៃនេះ

73

ភ្នំពេញ៖កីឡាករវាយសីថ្នាល៤រូប នឹងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Woncheon YONEX
Korea junior Open International Challenge 2019 នៅទីក្រុង Miryang City នៃសាធារណរដ្ឋកូរ៉េ
ថ្ងៃទី២៥តុលាស្អែកនេះ ហើយ ។
លោកឩត្តមសេនីយ៍ទោជាម សុភា អគ្គលេខាធិការស្ដីទី សហព័ន្ធបានឲ្យដឹងថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥តុលា ដល់ថ្ងៃទី២វិច្ឆិកា ។ លោកមិនបានដឹងថា មានប្រទេសប៉ុន្មាន
ចូលរួមឡើយ តែការប្រកួតបើកទូលាយ (Open) ជាលក្ខណៈបែបនេះ នឹងមានប្រទេសច្រើនចូលរួមមិនខាន ។
ម្យ៉ាងវិញទៀត ការប្រកួតសម្រាប់កម្រិតថ្នាលបែបនេះ ប្រទេសនានា នៅលើពិភពលោកនឹងបញ្ជូនកីឡាករ របស់គេ ទៅចូលរួមច្រើន ព្រោះគេចង់ឲ្យកីឡាករវ័យក្មេង របស់គេទទួលបាននូវបទពិសោធន៍ នៃការប្រកួតជាលក្ខណៈអន្តរជាតិ ។
ការចេញទៅប្រកួតនេះ ភាគីម្ចាស់ផ្ទះរ៉ាប់រងលើការស្នាក់នៅនិងហូបចុក ។ ចំពោះទិដ្ឋាការ សំបុត្រយន្ដហោះ ទៅវិញទៅមក ព្រមទាំងប្រាក់ហោប៉ៅ គឺគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣(Camsoc) ជាអ្នករ៉ាប់រង។ ការចេញទៅប្រកួតនេះ បានទទួលការយល់ព្រម ពីក្រសួងអប់រំយុវជន និង កីឡា ។
លោកឩត្តមសេនីយ៍កែវ រស់ ដែលជាសមាជិកប្រតិបត្តិ របស់សហព័ន្ធ គឺជាប្រធានប្រតិភូ លោកព្រំ សារ៉ាវុធ ជាគ្រូបង្វឹក ចំពោះកីឡាករ៤រូបនោះ មាន ភា សុថៃ កីឡាករវ៉ាត់ វណ្ណធុន កីឡាករហេង ម៉េងលាភ និង កីឡាករយ៉ាំ សំណាង ។
លោកកែវ រស់ បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកម្ពុជា ត្រូវតែចូលរួមប្រកួត ព្រោះវាជាការធ្វើតេស្ត លើសមត្ថភាពកីឡាកររបស់យើងផង និងធ្វើឲ្យកីឡាករកាន់តែមានបទពិសោធន៍ ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ពិសេសវាក៏ជាការកំដៅសាច់ដុំមុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនដែរ ៕

អត្ថបទដែលជាប់ទាក់ទង