ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យផ្តល់សេវាសង្គ្រោះបន្ទាន់ ដោយឥតគិតថ្លៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក

43

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីបណ្តាញក្រុមគ្រូពេទ្យ ផ្តល់សេវាសង្គ្រោះបន្ទាន់ ដោយឥតគិតថ្លៃ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

បើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ នឹងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញមកចូលរួមកម្សាន្តព្រះរាជពិធីបុណ្យនៅរាជធានីភ្នំពេញ។ ដើម្បីការពារកុំឲ្យមានបញ្ហាសុខភាព ក្នុងពេលដើរលេងកម្សាន្តសប្បាយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ដោយចូលរួមការពារទប់ស្កាត់ការចម្លងរោគឆ្លងនានា និងការពារការរាគរូស ឬពុលចំណីអាហារ ដោយអនុវត្តវិធានការថែរក្សាអនាម័យស្អាត ធានានូវសុវត្ថិភាពចំណីអាហារ បរិភោគចំជាអាហារឆ្អិនល្អ និងពិសារទឹកស្អាត ឬដាំពុះ ជាពិសេស សូមកុំច្រាន ឬប្រជ្រៀតគ្នាដើម្បីទប់ស្កាត់នូវការដួលសន្លប់ ដែលអាចកើតមានជាយថាហេតុ បើបងប្អូនវិលមុខ ឬស្រវាំងភ្នែកសុំអង្គុយ និងហៅរកអ្នកជួយសង្គ្រោះ។ ទន្ទឹមនឹងនេះ ក្រសួងបានចាត់ចែងឲ្យ មានសេវារថយន្តសង្គ្រោះ និងការពិនិត្យព្យាបាលនៅតាមកន្លែងតង់សុខភាព ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកប្រើប្រាស់សេវា នៅតាមទីតាំងដូចបានរៀបរាប់ ខាងក្រោមនេះបានដោយគ្មានការបង់ថ្លៃឡើយ ឬសូមទំនាក់ទំនងលេខ១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់។ លើសពីនេះ ក្រសួងក៏បានត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័តក្នុងហ្វូងប្រជាពលរដ្ឋ ដោយមានឯកសណ្ឋានពេទ្យ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលគាត់អាចមានបញ្ហាសុខភាព
ហើយមិនអាចមករកគ្រូពេទ្យនៅតាមតង់សុខភាព ឬរថយន្តសង្គ្រោះបានផងដែរ។
ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះចល័តតាមគោលដៅចំនួន៣គ្រឿង រថយន្តគ្លីនិកចល័ត ៤គ្រឿងផ្តល់សេវា២៤ម៉ោង និងមានបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោងចំនួន ១២ កន្លែងផ្សេងៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង