ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រណាំងម៉ូតូ លើវាលរាប លើកទី៤ “Total Cup Race “នឹងធ្វើនៅបាត់ដំបង

253


ភ្នំពេញ៖ទីភ្នាក់ងាររៀបចំការប្រកួត យានយន្តកម្ពុជា សហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា នឹងរៀបចំការប្រកួតប្រណាំងម៉ូតូ លើវាលរាប លើកទី៤ “Total Cup Race “ នៅអាកាសយាន្តដ្ឋានខេត្តបាត់ដំបង គឺជាកម្មវិធីប្រណាំងម៉ូតូដ៏អស្ចារ្យប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០១៩នេះ។
ក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក លោក ពៅ កិចឡេង អគ្គនាយកទីភ្នាក់ងាររៀបចំការប្រកួតយានយន្តកម្ពុជា (KARA) មានប្រសាសន៍ថា ផ្លូវនៃការប្រណាំង មានលក្ខណៈកោង កែង ដែលគ្រប់គ្រង ដោយអ្នកជំនាញលំដាប់ខ្ពស់ ពីប្រទេសថៃ ចំពោះផ្លូវប្រណាំងនេះ មានចម្ងាយសរុបជាង១.១៥០ម៉ែត្រ ផ្លូវកោងកែង លើផ្លូវរត់ក្នុងព្រលានយន្ដហោះ មានចំនួន១១។ តាមបទពិសោធន៍ពីការប្រកួតកន្លងមក កីឡាករប្រណាំងពេញចិត្តទីតំាងនេះណាស់ ដោយសារវាអំណោយផល ក្នុងការបង្ហាញបច្ចេកទេស នៃការប្រកួតរបស់ពួកគេ។
លោកមានជំនឿចិត្តថា នឹងមានកីឡាករប្រមាណ៤០ទៅ៦០នាក់ ទាំងកីឡាករក្នុងស្រុក និងបរទេស ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ អ្នកទស្សនាអាចចូលរួម ដោយទិញសំបុត្រនៅព្រលានយន្តហោះបាត់ដំបង ដោយផ្ទាល់ ក្នុងក៤០០០រៀល។ កាលពីឆ្នាំមុន យើងមានអ្នកចូលរួមយ៉ាងកុះករ រហូត៥០០០នាក់ ហើយឆ្នាំនេះ យើងជឿជាក់ថា នឹងមានកំណើនអ្នកចូលរួមច្រើនជាងមុនទៅ។
លោកអគ្គនាយក KARA បានបន្តថា ក្រុមហ៊ុន KARA តែងតែសំឡឹងឃើញ ឱកាសសម្រាប់ក្រុមហ៊ុន កីឡាករប្រណាំង និងទស្សនិកជនទូទៅ នឹងមានច្រើនក្នុងឱកាសទស្សនា កីឡាប្រណាំងយានយន្តរបស់កម្ពុជា។ ការប្រណាំងនេះ មិនត្រឹមតែជាក៏កីឡានោះទេ តែវាក៏រួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសផងដែរ។
លោកអាស៊ីហ្វ អ៊ុកបាល់ អគ្គនាយកក្រុមហ៊ុនតូតាល់កាំបូត ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះ មានប្រសាសន៍ថា ការឧបត្ថម្ភកម្មវិធីនេះ ក៏ជាផ្នែកមួយ នៃការបន្តផ្សព្វផ្សាយ សុវត្ថិភាពចរាចរផ្លូវគោក របស់ក្រុមហ៊ុនតូតាល់ ដែលជាគោលការណ៍សំខាន់ ទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន។ ការផ្សព្វផ្សាយនេះ ក៏ធ្វើតាមរយៈការលើកកម្ពស់ ការយល់ដឹងពីច្បាប់ចរាចរណ៍ ដោយសារគ្រោះថ្នាក់លើដងផ្លូវ នៅតែជាមូលហេតុចម្បង នៃការស្លាប់ក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង