ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រតិភូកីឡាស៊ីហ្គេម ចុងក្រោយរបស់កម្ពុជា បានត្រឡប់មកវិញអស់ហើយ

75
ក្រុមប្រតិភូកីឡាស៊ីហ្គេមចុងក្រោយរបស់កម្ពុជា បានត្រឡប់ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅប្រទេសហ្វីលីពីន មកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ កាលពីវេលាម៉ោង២៣និង៥៥នាទីយប់ថ្ងៃទី១២ ធ្នូ ២០១៩នេះ ។
ប្រតិភូកីឡាដែលមកលើកចុងក្រោយគេនេះ មានចំនួន១១៣នាក់ ក្នុងនោះមានប្រតិភូកីឡាជឺជីតស៊ូ សូហ្វតិន្នីស ចំបាប់ ទូកក្ដោង ប្រណាំងកង់ បាល់ទាត់ បាល់ទះក្នុងសាល បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ ឃិកបុកស៊ីង Indoor Hockey ដែលបានបាននាំមកនូវមេដាយមាស១ ដោយប្រភេទកីឡាជឺជីតស៊ូ សូហ្វតិន្នីសមេដាយសំរឹទ្ធិ២ ឃិកបុកស៊ីងមេដាយសំរឹទ្ធិ៣ និងចំបាប់មេដាយសំរឹទ្ធិ៥ មកជូនជាតិមាតុភូមិគួរជាទីមោទនៈ។
ជាមួយនឹងការមកដល់របស់ប្រតិភូកីឡាកម្ពុជានេះ ត្រូវបានការទទួលស្វាគមន៍និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំដឹកនាំកីឡាជាន់ខ្ពស់របស់កម្ពុជា ដែលរួមមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកសុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងអស់លោកអ្នកមុខ អ្នកការជាច្រើនរូបបានអញ្ជើញទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូកីឡានៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញផ្ទាល់តែម្តង ។
សម្រាប់ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននេះ កម្ពុជារក្សាតំណែងចំណាត់ថ្នាក់លេខ ៨ តែចំនួនមេដាយបានកើនឡើង គឺកម្ពុជារកបានមេដាយចំនួន ៤៦ គ្រឿង ដែលក្នុងនោះមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និង មេដាយសំរិទ្ធចំនួន ៣៦គ្រឿង ។ អ្វីដែលជាមោទនភាពនោះ គឺកីឡាបាល់ទាត់កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន ដោយបានឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ទោះបីបាល់ទាត់ មិនបានទទួលមេដាយក៏ពិតមែន តែនេះជាប្រវត្តិសាស្រ្តថ្មីរបស់បាល់ទាត់កម្ពុជា ដែលពុំធ្លាប់មានពីមុនមក ។
សូមបញ្ជាក់ថា កាលពីស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៨ដែរ តែកាលនោះកម្ពុជាដណ្ដើមបានមេដាយតែត្រឹម១៧គ្រឿងប៉ុណ្ណោះ គឺមេដាយមាស ៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿងប៉ុណ្ណោះ ។
បើតាមលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន បានបញ្ជាក់ប្រាប់ឲ្យដឹងនោះថា ស៊ីហ្គេមលើកនេះ កម្ពុជាបានចាត់ទុកថាជាឆ្នាំយុទ្ធសាស្រ្ត ដើម្បីឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ បន្ទាប់ពីស៊ីហ្គេមនេះទៅ ទាំងក្រសួងអប់រំយុវជននិងកីឡា ទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងពិនិត្យមើលពីសក្ដានុពលរបស់សហព័ន្ធជាតិនានា តើសហព័ន្ធណានៅទ្រឹង សហព័ន្ធណារកបានមេដាយ ហើយសហព័ន្ធណាធាក់ថយ ៕
អត្ថបទដែលជាប់ទាក់ទង