ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនមន្រ្តីអាវុធហត្ថខេត្តបន្ទាយមានជ័យ២រូប ករណីប្រើហិង្សាលើជនសង្ស័យម្នាក់ បណ្តាលឱ្យស្លាប់ ក្នុងរឿងដីធ្លី

62

បន្ទាយមានជ័យ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានសម្រេចឃុំខ្លួនមន្រ្តីកងរាជអាវុធហត្ថ២នាក់ ដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ន ករណីប្រើហិង្សាបណ្តាលឱ្យស្លាប់ដល់ជនសង្ស័យម្នាក់។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តបន្ទាយមានជ័យ។

សេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មន្រ្តីអាវុធហត្ថទាំងពីររូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោស និងបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះ» តាមបញ្ញត្តិនៃមាត្រា២១៨ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

កងអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩​​​ ខែមករា ឆ្នាំ២០២០នេះ បាន បញ្ជូនខ្លួន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ទៅតុលាការករណីធ្វើទារុណកម្មជនសង្ស័យម្នាក់ឲ្យស្លាប់ ។

សេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា លោកវរសេនីយឯក ស ប៊ុនសឿង ជាមេបញ្ជារង និងលោកអនុសេនីយទោ ឆយ រដ្ឋនា ជាជំនួយការការិយាល័យគ្រឿងញៀន ត្រូវក្រុមសើបអង្កេតពិសេសរកឃើញថា មានជាប់ពាក់ព័ន្ធការស្លាប់របស់ជនសង្ស័យ ឈ្មោះ ទុយ ស្រស់។

លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសុំបានថ្លែងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានជូនអ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា៖
បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តតួនាទី ភារកិច្ចបណ្តាលឱ្យស្លាប់ជនសង្ស័យដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម ៖
១- នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។ -វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង-អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
២- ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។
៣- ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៥ខែមករា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤ នៅ ពិព័រណ៍កោះពេជ្រ កាលពីម្សិលថ្ងៃទី ១៤ មករា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅ លោក កែវ រ៉េមី និងលោក សៅ សុខា ចាត់តាំងគណៈកម្មការស្រាវជ្រាវជាបន្ទាន់ លើបញ្ហាដែលមានមនុស្សស្លាប់ នៅខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ ប្រសិនបើមានករណីដូច្នោះមែន ចំពោះអ្នកដែលបានធ្វើឲ្យគេមានរបួសស្នាម រហូតដល់ស្លាប់ គឺត្រូវតែចាប់មកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន ដោយមិនមានការអត់ឱននោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ចាក់ថា ទាក់ទងរឿងរ៉ាវទំនាស់ដីធ្លី គឺមិនត្រូវបានទទួលនូវការឃុំខ្លួននោះទេ ហើយក៏មិនធ្លាក់ដល់បញ្ហារឿងព្រហ្មទណ្ឌនោះដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាសាធារណៈថាគឺ ត្រូវតែចាប់ខ្លួនអ្នកធ្វើទារុណកម្មគេឲ្យខានតែបាន។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្រាវជ្រាវ​ករណី​ប្រជា ពលរដ្ឋ​តវ៉ា​រឿង​ជម្លោះដីធ្លី​នៅ​ខេត្តបន្ទាយ មានជ័យ ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម រហូតដល់​ស្លាប់​។ ដោយ​សម្តេច​បាន​បញ្ជា​ឲ្យ​ចាប់​អ្នក​ដែល​ប្រព្រឹត្តធ្វើ​ទារុណកម្ម​លើ​ប្រជាពលរដ្ឋ​ដល់​ស្លាប់ យកមក​ផ្តន្ទាទោស​។
ចំណែក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីសម្រេច បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​ដែល​បានកើត​ឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។ ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​នាយទាហាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក្នុងការ​ប្រតិបត្តិការ​តួនាទី ភារកិច្ច​។ ​
​ក្រុមការងារ​ចំពោះ​កិច្ច​បាន​ទៅដល់​ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​។​
​ តំណាង​អ្នកមាន​ជម្លោះដីធ្លី​៣​នាក់​ដែល​នៅមាន​ជីវិត ក្រោយពេល​តំណាង​ម្នាក់ទៀត​ដែល​ជាប់ឃុំ​ជាមួយគ្នា​បាន​ស្លាប់​កាលពី​ដើមខែ​នេះ បានដាក់​ពាក្យ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ថា​បាន​វាយ​ធ្វើ​ទារុណកម្ម​លើ​ក្រុម​លោក ដើម្បី​បង្ខំ​យក​ចម្លើយសារភាព​។​
​ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ប្រជា ពលរដ្ឋ​ប្រមាណ​២០០​នាក់ តំណាងឱ្យ​៦០០​គ្រួសារ មកពី​ឃុំ​ច​ង្ហា​រ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ា​នៅមុខ​សាលាខេត្ត​ក្នុង​ជម្លោះដីធ្លី បន្ទាប់​សមត្ថកិច្ច​ចាប់​តំណាង​របស់​ពួកគាត់​៥​នាក់​ឃុំខ្លួន​។ លុះ​រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ តំណាង​ម្នាក់​ក្នុង​តំ​ណោម​នោះ ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់ ដោយ​ខេត្ត​បញ្ជាក់ថា ដោយសារតែ​បញ្ហា​ញៀន​ស្រា ប៉ុន្តែ អ្នក​ជាប់ឃុំ​ជាមួយ ចោទថា ដោយសារ​ការធ្វើ​ទារុណកម្ម​។​
​ ទោះយ៉ាងណា ជុំវិញ​ករណី​ស្លា​ប់លោក ទុយ ស្រស់​នេះ អ្នក​ជាប់ឃុំ​ជាមួយ​អះអាងថា បានឃើញ​ផ្ទាល់​ភ្នែក​ករណី​វាយ​ធ្វើ​ទារុណកម្ម​ពី​កម្លាំង​សមត្ថកិច្ច​។​
​ លោក នូវ នឿន តំណាង​ម្នាក់​ក្នុងចំណោម​មនុស្ស​៣​នាក់ ដែល​បានដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃទី​១២ ខែមករា បាន​ប្រាប់​វី​អូ​ឌី តាម​ទូរ​សព្ទ​ថា ការស្វែងរក​កិច្ច​អន្តរាគមន៍​តាមរយៈ​មេធាវី អង្គការ​មិនមែន​រដ្ឋាភិបាល​នៅពេលនេះ គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ផ្ទាល់ និង​មនុស្ស​ផ្សេងទៀត​។ បើតាម​លោក នឿន ក្នុងអំឡុងពេល​ចាប់ និង​ឃុំខ្លួន​នោះ គឺ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​វាយ​ធ្វើបាប​ពួកគាត់​ស្ទើរ​ស្លាប់។
​លោក​បន្ថែមថា​៖ ​ដាក់​ខ្នោះ​រួច​រុញ​ចូលក្នុង​ឡាន វ៉ៃ​បន្ថែម បុក​បន្ថែម កាច់ក និង​វ៉ៃ​ពីមុខ​។ អ៊ីចឹង ពួក​ខ្ញុំ​ត្រូវបាន​គេ​រុញ​ចូលក្នុង​ឡាន​ទាំង​៥​នាក់ រួច​យក​ពួក​ខ្ញុំ​ទម្លាក់​នៅមុខ​ដងទង់​ជាតិ​។ ខ្ញុំ​ស្មានថា ឱ្យ​ពួក​ខ្ញុំ​គោរព​ទង់ជាតិ​។ ពួក​ខ្ញុំ គេ​តម្រូវឱ្យ​អង្គុយ​នៅមុខ​ដងទង់​ជាតិ​ហ្នឹង​តែម្ដង​។ បន្ទាប់មក គេ​ឱ្យ​តម្រៀបជួរ​គ្នា ហើយ​ចាប់ផ្ដើម​ទាត់​វ៉ៃ​ម្នាក់ៗ​បី​បួន​ជើងៗ​។ បើ​ខ្ញុំ​វិញ​គេ (ប៉េអឹម​) ទាត់​បី​ជើង រួច​ថែម​១​ដៃ​ទៀត របូត​ធ្មេញ​មួយ​ចំហៀង​ ។​
​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា សកម្មជន​ដីធ្លី ៣​នាក់ រួមមាន លោក អាន រួន លោក នូវ នឿន និង​លោក ហ៊ឹម គី​រី បាន​ស្នើសុំ​មេធាវី​ពី​ខាង​សមាគម​អាដហុក​។ លោក អាន រួន បញ្ជាក់ថា ការពឹង​ពាក់​មេធាវី​ពី​អង្គការ​សង្គម​ស៊ីវិល​នៅពេលនេះ គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​ពួកគាត់ អាចមាន​លទ្ធភាព​ក្នុងការ​តតាំង​តាមផ្លូវ​ច្បាប់​នៅ​តុលាការ នាពេលខាងមុខ​។​
​លោក នូវ នឿន បញ្ជាក់ថា ក្នុងចំណោម​តំណាង​៥​នាក់ ដែល​ត្រូវបាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន គឺមាន​តែ​៣​នាក់​ប៉ុណ្ណោះ សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ប្រឆាំង​ការធ្វើ​ទារុណ​កម្មនេះ ចំណែក​អ្នក​ផ្សេងទៀត លោក​មិនបាន​ដឹងថា មាន​មូល​ហេតុអ្វី​បាន​ពួកគេ​មិន​ប្តឹង​។ លោក​ដាក់​ការសង្ស័យថា អ្នក​ទាំងនោះ​មានការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​។​
​ អ្នកស្រី ប៊ុ​យ គីម​ឡាក់ ភរិយាលោក ទុយ ស្រស់ និង​លោក យិ​ប ម៉ក់ តំណាង​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​៥​នាក់ គឺ​មិនអាច​ទាក់ទង​តាម​ទូរ​សព្ទ​ដើម្បី​សាកសួរ​ជុំវិញ​មូលហេតុ​មិន​ដាក់ពាក្យ​ប្តឹង​បានទេ ដោយ​ទូរ​សព្ទ​ហៅ​មិន​ចូល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​
​ទាក់ទង​នឹង​សុវត្ថិភាព​នេះដែរ តំណាង​ទាំង​៣​នាក់ ដែល​មក​ស្នើសុំ​មេធាវី និង​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ អាដហុក អះអាងថា ពេលនេះ​មាន​មនុស្ស​ស្លៀក​ស៊ីវិល តាមឃ្លាំមើល​ពួកគាត់​ជាប្រចាំ​។​
​ ទាក់ទង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ សកម្មជន​ដីធ្លី​បាន​អះអាងថា អ្នក​ដែល​បញ្ជា​ឱ្យ​វាយ​ធ្វើបាប និង​ទាត់​ធាក់​ពួកគេ គឺជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ឈ្មោះ សរ ប៊ុន​សឿង​។ ប្រភព​បន្ថែមថា លោក ប៊ុន​សឿង ក្រៅពី​បញ្ជា​ឱ្យ​កូនចៅ​វាយ និង​ធ្វើ​ទារុណកម្ម​យក​ចម្លើយ​ហើយ មន្ត្រី​រូបនេះ បាន​ប្រើ​ហិង្សា​ដោយ​ខ្លួនឯង​មកលើ​ពួកគាត់​ជា​អ្នក​តវ៉ា​រឿង​ដីធ្លី​ផ្ទាល់​ថែមទៀត​។​
​លោក អាន រួន តំណាង​ម្នាក់​ក្នុងចំណោម​សកម្មជន​ទាំង ៥​នាក់ ថ្លែងថា លោក​ត្រូវបាន​លោក សរ ប៊ុន​សឿង ចាប់​ទះកំផ្លៀង និង​វាយ​បត់​ក​ក្នុង​បំណង​ឱ្យស្លាប់ មុននឹង​ត្រូវបញ្ជូន​ចូលទៅក្នុង​រថយន្ត​។ លោក​បន្តថា ក្នុងអំឡុងពេល​ឃុំខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការរង​រូបនេះ បាន​បញ្ជា​ឱ្យ​កូនចៅ វាយ​សួរចម្លើយ​បន្ថែមទៀត ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​មកលើ​ពួកគាត់​។​
លោក​បន្ថែមថា​៖ គ្នា​គេ​បី​បួន​នាក់ រើ​ម៉េច​ឈ្នះ​។ គេ​ដាក់​យកៗ (​វាយ​) ខ្ញុំ​ឡើង​ឈាម​ក្បាល​ជោគ​អាវ​អស់​។ ​វាយ​ខ្ញុំ​ឡើង​រយៈ​ត្របកភ្នែក​អស់​។ អុក​ជង្គង់ អុក​ជង្គង់​ឡើង​ឆ្អឹងខ្នង និង​អូស​វ៉ៃ​ពីលើ​ក្បាល​ថែមទៀត រួចហើយ​ដាក់​មួកសុវត្ថិភាព រួច​អូស ហើយ​កាច់ក​ខ្ញុំ​បំបាក់​។ វ៉ៃ​នេះ​វ៉ៃ​មែនទែន វ៉ៃ​យក​ឱ្យ​ងាប់​តែម្ដង​។ មកដល់​ខាងក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ លោក ប៊ុន​សឿង គេ​វ៉ៃ​ថែមទៀត​។ ម្នាក់​ថែម​បី​បួន​ជើង​ទៀត ទប់​គ្នា​ហ្នឹងឯង​
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ពន្យល់ករណីពលរដ្ឋម្នាក់ ឈ្មោះ ទុយ ស្រស់ ដែលបានស្លាប់ក្រោយពីមានការឃាត់ខ្លួន ពាក់ព័ន្ធទំនាស់ដីធ្លីរួម និងបញ្ជូនទៅតុលាការ ហើយតុលាការបង្គាប់ឲ្យឃុំខ្លួន។ ក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ទុយ ស្រស់ មានសភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាន។

ពាក់ព័ន្ធករណីខាងលើនេះ មានគណនីហ្វេសប៊ុក ឈ្មោះ Sopheak Sum បានសរសេរថា អូ!…លើលោកនេះមានអ្នកញៀនស្រាដាច់មិនបាន គាំងបេះដូងស្លាប់បែកមុខ បែកមាត់ ជាំក្បាល ឈាមតាមត្រចៀកដែរ។ នេះនិយាយតែរបួសលើមុខ លើក្បាល មិនដឹងថាលើដងខ្លួនរបួសអីខ្លះទៀតទេ។ យើងធ្វើការសន្និដ្ឋានតាមភ្នែកមើលឃើញថាជនរងគ្រោះមិនមែនស្លាប់ដូចការសន្និដ្ឋានរបស់រដ្ឋបាលខេត្តបានបំភ្លឺទេ ប្រសិនបើវិភាគតាមវេជ្ជសាស្ត្រ ដោយធ្វើកោសល្យវិច័យលើសាកសព នឹងកាន់តែច្បាស់ជាងនេះទៀត។

រឿងនេះអយុត្តិធម៌លើជនរងគ្រោះខ្លាំងណាស់ បើពលរដ្ឋខ្មែរដែលមិនទាន់ប៉ះលើខ្លួន នៅឈអោបដៃមើលចំពោះរឿងដ៏អយុត្តិធម៌មួយនេះដោយបណ្តែតបណ្តោយឲ្យវាស្ងាត់កប់បាត់ទៅតាមពេលវេលា នោះរឿងអយុត្តិធម៌បែបនេះនឹងរីករាលដាលទៅដល់កន្លែងផ្សេងៗទៀតដែលបងប្អូនកំពុងតែរស់នៅ នៅថ្ងៃណាមួយជាក់ជាមិនខានឡើយ។

បណ្តាញសង្គមហ្វេសប៊ុក មួយចំនួន បានលើកឡើងថា ពេលទើបចាប់ខ្លួនលោក ទុយ ស្រស់ មុខគាត់ស្រស់ថ្លា មានកំលាំងរឹងមាំ មិនមែនហើមស្ពុល ដូចសេចក្តីប្រកាសព័ត៌មានបំភ្លៃរឿងពិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និយាយថា “លោក ទុយ ស្រស់ មានសភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាននោះទេ។ ច្បាស់ណាស់គាត់ត្រូវបានរងការធ្វើទារុណកម្មពីកងកំលាំងខេត្ត បណ្តាក់គ្នាវាយយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងវេទនាបំផុត។ បង្កការឈឺចាប់ដល់ជនរងគ្រោះផង និងក្រុមគ្រួសារផង។ រឿងនេះ បើនៅប្រទេសដែលពលរដ្ឋស្អប់ខ្ពើមទង្វើអាក្រក់ នឹងមិនលើកលែងឲ្យអ្នកធ្វើទង្វើឃោរឃៅយង់ឃ្នងបែបនេះ រួចខ្លួនបានទេ។ យើងមិនត្រូវបណ្តោយឲ្យរឿងដ៏សាហាវឃោរឃៅមួយនេះស្ងាត់កប់បាត់តាមពេលវេលាឡើយ៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង