ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មណ្ឌលហែលទឹកខេត្តបាត់ដំបង សាងសង់ទទួល បានប៉ុន្មានហើយ?

270

ភ្នំពេញ៖មណ្ឌលហែលទឹកមួយកន្លែងដែលមានលក្ខណៈស្តង់ដារអន្តរជាតិនិងមានតម្លៃប្រមាណ២លានដុល្លារអាមេរិកនោះនឹងលេចចេញជារូបរាងឡើងនៅក្នុងទឹកដីខេត្តបាត់ដំបងនាពេលខាងមុខបន្ទាប់ពីបានសាងសង់រយៈពេល២ខែទទួលបានលទ្ធផល៣០ភាគរយហើយគិតត្រឹមពេលនេះ ។

លោកហែម គិរីអគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានឲ្យដឹងថាមណ្ឌលហែលទឹកខេត្តបាត់ដំបងនាពេលនេះយើង

ទទួលបានលទ្ធផល៣០ភាគរយក្នុងការវាយតម្លៃយើងអាចប្រើពេល១ឆ្នាំតាមគម្រោងឆ្នាំ២០២០របស់សហព័ន្ធគឺគម្រោងថ្មីមួយដែលធ្វើឲ្យ

វិស័យកីឡាហែលទឹករីកចម្រើនក្នុងរចនាសម្ព័ន្ធរបស់ខ្លួន។ ការសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ លើផ្ទៃដីសាងសង់ទំហំ១១២ម៉ែត្រ គុណនឹង៦៥ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបានបន្តថាការសាងសង់អាងហែលទឹកនេះឡើងចង់ឲ្យកីឡាហែលទឹកខេត្តបាត់ដំបង់មានសកម្មភាពឡើងវិញឬរស់ឡើង

វិញដូច្នេះយើងត្រូវការអាងហែលទឹកថ្មីហើយអាងហែលទឹកមានទំហំដូចអាងហែលទឹកខេត្តកំពង់ចាមមានអាងសម្រាប់ប្រកួតមានទំហំ២៥ម៉ែត្រគុណ៥០ម៉ែត្រ និងជម្រៅ២ម៉ែត្រ។ អាងលោតទឹកទំហំ២០ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ។ ប៉មលោតទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកម្ពស់៣,៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ។

អាងទាំងបីនិងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ៤០ម៉ែត្រគុណ១១២ម៉ែត្រខ្ពស់ជាងដីកំណើត១,៥ម៉ែត្រ។អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបី ទំហំ១០ម៉ែត្រ គុណ១៥ ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ។ កន្លែងអង្គុយទស្សនាទំហំ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន៥០នាក់។

 

បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ៧ម៉ែត្រ គុណ១៣ម៉ែត្របន្ទប់ឃ្លាំងទំហំ៧ម៉ែត្រ គុណ១០ ម៉ែត្របន្ទប់ផ្លាស់សំលៀកបំពាក់ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន៣បន្ទប់  ព្រមទំាងបន្ទប់ទឹកកីឡាករ២បន្ទប់ កីឡាការិនី ២បន្ទប់។បន្ទប់ទឹកសាធារណៈ២កន្លែង បុរស៦បន្ទប់ នារី៦ បន្ទប់ជនពិការ១បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត៧០០ម៉ែត្រការេ។

អគារពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ៣៥ម៉ែត្រ ពីរជាន់ ចែកជាបន្ទប់ពិសេសគណៈ អធិបតីទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ។បន្ទប់ពហុប្រើប្រាស់ទំហំ៧ម៉ែត្រគុណ១៥ម៉ែត្របន្ទប់បញ្ជាការប្រកួតទំហំ៣ម៉ែត្រគុណ៥ម៉ែត្រ។បន្ទប់ឃ្លាំងជាន់ទី១ទំហំ៤ម៉ែត្រគុណ៥ម៉ែត្របន្ទប់សង្គ្រោះបន្ទាន់ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ។ បន្ទប់អាជ្ញាកណ្ដាល ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រកន្លែង សម្រាករយៈពេលខ្លី ក្នុងពេលប្រកួតទំហំ៤ម៉ែត្រ គុណ២៤ម៉ែត្រ។បន្ទប់ស្នាក់នៅសម្រាប់កីឡាករនាក់ទាំងពីរភេទ ចំនួន៩ ទំហំ៣,៥ម៉ែត្រ គុណ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្ក្រាន ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ និងសាងសង់រយៈពេល២៤ខែ។

លោកអគ្គលេខាធិការបានប្រាប់ថាអាងទឹកនេះកសាងឡើងដោយយកគំរូប្លង់តាម«មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាមដោយគំរោងប្រើប្រាស់ថវិកាប្រមាណ២,០០០,០០០ដុល្លារ(ពីរលានដុល្លារសហរដ្ឋអាមេរិក)ដើម្បីអាចឲ្យកីឡាករកីឡាការនីទាំងជាតិនិងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាហែលទឹកដើម្បីសុខភាព។ជាមួយគ្នានេះ អាងទឹកនេះ ក៏ជាកន្លែងប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិតតំបន់បាន។

ការសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលកីឡាករ-កីឡាការនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាកីឡាថ្នាក់ខេត្តថ្នាក់ជាតិនិងការប្រកួតកីឡាស៊ីហ្គេម២០២៣( SEA GAMES 2023 ) នាពេលខាងមុខ។

សូមបញ្ជាក់ថាមណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក៕

 

អត្ថបទដែលជាប់ទាក់ទង