ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថវិការាជរដ្ឋាភិបាល៣៣៤លានរៀល សម្រាប់រង្វាន់Special Olympics World Games ABU DHABI 2019 នៅអារ៉ាប់រួម

76

ភ្នំពេញ៖លោក សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជានាំយកថវិការាជរដ្ឋាភិបាល ៣៣៤លានរៀលប្រគល់ជូនជ័យលាភីកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជាដែលឈ្នះមេដាយពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 នៅអារ៉ាប់រួម នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយ ១០គ្រឿងដែលរួមមានមេដាយ មាស៣ ប្រាក់៣ និងសំរិទ្ធ៤គ្រឿង ។

លោក ឃ្លាំងចន្ធូអគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានឲ្យដឹងថាថវិកាដែលផ្តល់ជូនអត្តពលិក៧នាក់ ក្នុងនោះមេដាយមាស៣គ្រឿង ៩០លានរៀល មេដាយប្រាក់៣គ្រឿង ៦០លានរៀល និងមេដាយសំរិទ្ធ៤គ្រឿង៦៤លានរៀល   គ្រូបង្វឹក២នាក់ ក្នុងម្នាក់៣០លានរៀល និងគ្រូជំនួយ២នាក់ ក្នុងម្នាក់ ២១លានរៀល រួមទាំងអ្នកដឹកនាំម្នាក់ និងអ្នកថែទាំម្នាក់ ក៏ទទួលបានប្រាក់រង្វាន់ពិសេសនេះដែរ ដែលសរុបទឹកប្រាក់ទាំងអស់ចំនួន ៣៣៤ លានរៀល ។

លោកសែមសុខាបានណែនាំឲ្យកីឡាំករកីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្ដើមមេដាយពីការប្រកួតអន្ដរជាតិមកជូនជាតិ ។ ជាមួយនេះ លោកបានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ សូមរួមគ្នាយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឲ្យអត្តពលិកខ្សោយសតិបញ្ញា បានហ្វឹកហាត់ ត្រួតពិនិត្យសុខភាព និងចូលរួមការប្រកួតនានា ពិសេសក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកនៅជិតបំផុតរបស់កីឡាករកីឡាការិនីខ្សោយសតិបញ្ញា ដែលជាកត្តាសំខាន់ ក្នុងការបំផុសជម្រុញលើកទឹកចិត្តដល់ពួកគាត់ដើម្បីចូលរួមប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិក ប្រតិភូ គ្រូបង្វឹក និងគ្រូជំនួយ ចំនួន១៥នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិក ពិភពលោក លើកទី១៥  នៅទីក្រុង Abu Dhabi ដែលការប្រកួតនេះ បានធ្វើឡើងពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ៕

 

អត្ថបទដែលជាប់ទាក់ទង