ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម គិរី ៖ការសាងសងមណ្ឌល ហែលទឹកខេត្តបាត់ដំបង ទទួលបានលទ្ធផល៦០ភាគរយហើយ

94

 

ភ្នំពេញ៖ការសាងសងមណ្ឌលហែលទឹកខេត្តបាត់ដំបងដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានតម្លៃប្រមាណ២លានដុល្លារអាមេរិកនោះនឹងលេចចេញជារូបរាងឡើងនៅក្នុងទឹកដីខេត្តបាត់ដំបង នាពេលខាងមុខ បន្ទាប់ពីបានសាងសង់រយៈពេល៨ខែទទួលបានលទ្ធផល៦០ភាគរយ ហើយគិតត្រឹមខែនេះ។
លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានឲ្យដឹងថា មណ្ឌលហែលទឹកខេត្តបាត់ដំបងនេះបានបើកដំណើរការចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ គិតត្រឹមពេលនេះយើងចំណាយពេលអស់៨ខែក្នុងការសាងសង ដោយយើងទទួលបានលទ្ធផល៦០ ភាគរយក្នុងការវាយតម្លៃសម្រេចបានធំៗតួអាងទំាង៣រួមមានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំចេញជារូបរាងហើយ ចំណែកគ្រោងអាគារទំាងអស់ក៏រួចរាល់ផងដែរ។
លោកបានបន្តថា ការសាងសងនេះអាចបញ្ចប់តាមផែនការកំណត់ ឬអាចនឹងមុន ប្រសិនមិនមានការរាំស្ទុះដោយដំណើរការសាងសងយ៉ាងរលូន ចំពោះគម្រោងដំណើរការសាងសងមណ្ឌលហែលទឹកខេត្តបាត់ដំបងចំណាយពេល២៤ខែ (ស្មើ២ឆ្នាំ) ។ ការសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ លើផ្ទៃដី សាងសង់ទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកបានបន្តថា ការសាងសង់អាងហែលទឹកនេះឡើង ចង់ឲ្យកីឡាហែលទឹកខេត្តបាត់ដំបង់ មានសកម្មភាពឡើងវិញ ឬរស់ឡើងវិញដូច្នេះយើងត្រូវការអាងហែលទឹកថ្មី ហើយអាងហែលទឹកមានទំហំដូច អាងហែលទឹកខេត្តកំពង់ចាម មានអាងសម្រាប់ប្រកួត មានទំហំ២៥ម៉ែត្រគុណ៥០ ម៉ែត្រ និងជម្រៅ២ម៉ែត្រ ។ អាងលោតទឹកទំហំ២០ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ។ ប៉មលោតទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោតកម្ពស់៣,៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ ។
អាងទាំងបី និង ប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ ៤០ ម៉ែត្រ គុណ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ ម៉ែត្រ ។ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹក អាងទាំងបី ទំហំ១០ម៉ែត្រ គុណ១៥ ម៉ែត្រ ជម្រៅ ២,៥ ម៉ែត្រ ។ កន្លែងអង្គុយទស្សនាទំហំ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន៥០នាក់ ។
បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ៧ម៉ែត្រ គុណ១៣ម៉ែត្រ បន្ទប់ឃ្លាំងទំហំ៧ម៉ែត្រ គុណ១០ ម៉ែត្របន្ទប់ផ្លាស់សំលៀកបំពាក់ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន៣បន្ទប់ ព្រមទំាងបន្ទប់ទឹកកីឡាករ២ បន្ទប់ កីឡាការិនី ២បន្ទប់ ។ បន្ទប់ទឹកសាធារណៈ២កន្លែង បុរស៦បន្ទប់ នារី៦ បន្ទប់ជនពិការ ១បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត៧០០ម៉ែត្រការេ។
អគារពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ៣៥ម៉ែត្រ ពីរជាន់ ចែកជាបន្ទប់ពិសេសគណៈ អធិបតីទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ។បន្ទប់ពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ១៥ម៉ែត្របន្ទប់បញ្ជាការប្រកួតទំហំ៣ម៉ែត្រ គុណ៥ម៉ែត្រ។ បន្ទប់ឃ្លាំងជាន់ទី១ទំហំ៤ម៉ែត្រគុណ៥ម៉ែត្របន្ទប់សង្គ្រោះបន្ទាន់ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ។ បន្ទប់អាជ្ញាកណ្ដាល ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រកន្លែង សម្រាករយៈពេលខ្លី ក្នុងពេលប្រកួតទំហំ៤ម៉ែត្រ គុណ២៤ម៉ែត្រ។បន្ទប់ស្នាក់នៅសម្រាប់កីឡាករនាក់ទាំងពីរភេទ ចំនួន៩ ទំហំ៣,៥ម៉ែត្រ គុណ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្ក្រាន ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ និងសាងសង់រយៈពេល២៤ខែ។
លោកអគ្គលេខាធិការបានប្រាប់ថា អាងទឹកនេះកសាងឡើងដោយយកគំរូប្លង់តាម«មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម ដោយគំរោងប្រើប្រាស់ថវិកាប្រមាណ ២,០០០, ០០០ ដុល្លារ(ពីរលានដុល្លារសហរដ្ឋអាមេរិក) ដើម្បីអាចឲ្យកីឡាករ-កីឡាការនីទាំងជាតិនិងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាហែលទឹកដើម្បីសុខភាព។ជាមួយគ្នានេះ អាងទឹកនេះ ក៏ជាកន្លែងប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិតតំបន់បាន។
សាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលកីឡាករ-កីឡាការនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ ។
សូមបញ្ជាក់ថា មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបង ដែលមានទីតាំង ស្ថិតនៅក្នុងបរិវេណ នៃសាកលវិទ្យាល័យខេត្តបាត់ដំបងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក៕

អត្ថបទដែលជាប់ទាក់ទង