ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់​សម្រេចចិត្ត​លាឈប់​ពី​អាជីព​កីឡា​ប៉េតង់​

75

 

​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយ មាស​ជើងឯក​ពិភពលោក​៤​ជំនាន់ បានប្រកាស​លាឈប់​ពី​អាជីព​កីឡា​ប៉េតង់​ហើយ ដោយសារ​បញ្ហា​សុខភាព​របស់លោក​ស្រី​មិនអាច​ទ្រាំទ្រ​ត​ទៅមុខទៀត​បាន​។​
​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​លោកស្រី កែ ឡេង បាន​បញ្ជាក់ថា ការសម្រេចចិត្ត​លាឈប់​ពី​វិស័យ​កីឡា​ប៉េតង់​នេះ គឺ​អាស្រ័យ​ដោយ​ស្ថានភាព​សុខភាព​របស់លោក​ស្រី​ផ្ទាល់​ចុះខ្សោយ​មិនអាច​បន្ត​ស៊ូទ្រាំ​នឹង​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​ត​ទៅមុខទៀត​បាន​។​
​ស្ថិតនៅក្នុង​វ័យ ៥៧​ឆ្នាំ លោកស្រី កែ ឡេង បាន​អះអាងថា បច្ចុប្បន្ន​វ័យ​កាន់តែ​ចាស់​ទៅហើយ​ពុំ​អាច​បន្ត​ការចូលរួម​ប្រ​កួ ត​លើ​ឆាក​អន្តរជាតិ ដណ្តើម​កិត្យានុភាព​ជាតិ​មេដាយមាស ដូច​កាលពីមុនៗ​ទៀតឡើយ ពីព្រោះ​ការត្រៀម​ចូលរួម​ប្រកួត​ម្តងៗ ត្រូវតែមាន​ការហ្វឹកហាត់​យូរ​ម៉ោង​ក្នុង ១​ថ្ងៃៗ​។ ម្យ៉ាងទៀត​លោកស្រី​ក៏​ជាប់រវល់​ច្រើន​នៅ​អង្គភាព​របស់ខ្លួន​ក្រោម​ចំណុះ​ក្រសួងការពារជាតិ ក្នុងឋានៈ​ជាម​ន្ត្រី​យោ ធា​ផ្កាយ​ពីរ​។ ទោះ​យ៉ាងនេះ​ក្តី ក៏​លោកស្រី​មិនទាន់​បញ្ជាក់ថា ក្រោយពី​បញ្ចប់​អាជីព កីឡាការិនី​ប៉េតង់​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​នេះ​ទៅ លោកស្រី​នឹងធ្វើ​ជា​គ្រូបង្វឹក ឬ​យ៉ាងណា​នោះដែរ​។​
​កន្លងមក វីរ​កីឡាការិនី​ប៉េតង់​កម្ពុជា លោកស្រី កែ ឡេង ដែល​លេចធ្លោ​យ៉ាងខ្លាំង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​តែងតែ​ប្រាប់ថា ការហ្វឹកហាត់ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ម្តងៗ លោកស្រី​សម្លឹងមើល​គោលដៅ (​ប៊ី​) ដើម្បី​វាយ​ឲ្យ​ចំ​គោលដៅ ហើយ​លោកស្រី​តែងតែ​ទទួលបាន​ការកោតសរសើ​រ​ពី​មហាជន​ថា ម្ចាស់​មេដាយមាស​៤​ជំនាន់​ជាប់ៗ​គ្នា​របស់​ពិភពលោក​រូបនេះ វាយ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ​បំផុត ដោយ​មិនទាន់មាន​កីឡាការិនី​អន្តរជាតិ​ណា​ម្នាក់​បំបែក​កំណត់ត្រា គ្រប់គ្រង​ម្ចាស់​មេដាយមាស​ពី​ការប្រកួត​ជើងឯក​ពិភពលោក​រហូតដល់​៤​សម័យកាល​ជាប់ៗ​គ្នា​បែប​នេះឡើយ​។ លោកស្រី​បន្ថែមថា មកដល់ពេលនេះ​លោកស្រី​មិនទាន់​សម្លឹង​ឃើញ​មាន​កីឡាការិនី​ប៊ូល និង​ប៉េតង់​កម្ពុ​ជាណា ម្នាក់​អាច​ស្នង​ដំណែង​របស់​លោកស្រី​បាន​នៅឡើយ​ទេ​។​
​សូម​រម្លឹកថា វីរ​កីឡាការិនី កែ ឡេង បានឈ្នះ​មេដាយមាស​ពី​ការប្រកួត​ជើងឯក​ពិភពលោក​៤​ជំនាន់​ជាប់ៗ​គ្នា ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​រហូតដល់​ឆ្នាំ​២០១៩ ដែល​ភាពល្បីល្បាញ​នេះ បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​កីឡា​ប៉េតង់​មាន​ភាព​លេចធ្លោ​យ៉ាងខ្លាំង ហើយ​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​បានផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ជើងឯក​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​។​
​នៅក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ជើងឯក​ពិភព លោក​យុវជន និង​ស្ត្រី លើក​ទី​១៧ ឆ្នាំ ២០១៩ កីឡាការិនី​ជម្រើសជាតិ កែ ឡេង បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា វាយយក​ពិន្ទុ ដែលជា​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៤ ចុងក្រោយបង្អស់​របស់​លោកស្រី​។​
​ក្រៅពី​ការ​ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក លោកស្រី​កែ ឡេង ក៏​ធ្លាប់​បានឈ្នះ​មេដាយ​ស៊ី​ហ្គេម និង​ការប្រកួត​អន្តរជាតិ​មួយចំនួនទៀត​ដែរ​៕​

អត្ថបទដែលជាប់ទាក់ទង