ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមរម្លែកទុក្ខគ្រួសារ គ្រូបង្វឹកហែលទឹក ហែម លំផាត់

98

ភ្នំពេញ៖លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ដោយក្តីក្តុកក្តួលថា តាំងនាមគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានទុក្ខជាទម្ងន់ដោយលោក ហែម លំផាត់ អាយុ៤៩ឆ្នាំ ជាគ្រូបង្វឹកជម្រើសជាតិ អត្តពលិក អូឡាំពិកនិងប៉ារ៉ាឡាំពិកកម្ពុជាបានទទួលមរណៈភាព នៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ។
ទោះជាមានការជ្រោមជ្រែងអស់លទ្ធភាពរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតយ៉ាងណាក៏ដោយមិនអាចស្រោចស្រង់ជីវិតលោកគ្រូដ៏មានតម្លៃនិងជាទីគោរពបានឡើយ។ ខ្ញុំបាទយកឱកាសដ៏មានតម្លៃបន្ថែមថា លោកគ្រូ ហែម លំផាត់ មានភរិយា និងកូនប្រុស៣នាក់កូនច្បងអាយុទើបបាន១០ឆ្នាំ។ លោកគ្រូមានស្នាដៃជូន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងអត្តពលិកជនពិការផ្នែកហែលទឹកជាច្រើន។
លោកបានបន្តថា ឆ្នាំ២០១១លោកបានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៦ ប្រទេស ឥណ្ឌូនេស៊ី បានទទួល មេដាយ ប្រាក់១គ្រឿង សំរឹទ្ធិ៤គ្រឿង ឆ្នាំ២០១៤ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ប្រទេស ភូមា បានទទួល មេដាយមាស១គ្រឿង ហើយឆ្នាំ២០១៥ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៨ ប្រទេស សឹង្ហបុរី មេដាយ សំរឹទ្ធិ១គ្រឿង និងឆ្នាំ២០១៧ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ប្រទេស ម៉ាឡេស៊ី មេដាយ ប្រាក់១គ្រឿង សំរឹទ្ធិ១គ្រឿង។
លោកអគ្គបានបន្ថែមទៀតថា សរុបមកក្នុងការដឹកនាំរបស់ លោកគ្រូ ហែម លំផាត់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានទទួលមេដាយផ្នែកហែលទឹកសរុប មាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ៦គ្រឿង។ អាស្រ័យដូចបានគោរពជម្រាបសូមអញ្ជើញ គ្រូបង្វឹក អត្តពលិកជនពិការ និងសាធារណៈជនមេត្តាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយយើងខ្ញុំ ដើម្បីចាត់ទុក ជាការដឹងគុណ សម្តែងនូវការអាឡោះអាល័យជាពន់ពេកនិងបួងសួងសូមដួងវិញ្ញាណខ័ន្ត លោកគ្រូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នឹកជារៀងរហូត…៕

អត្ថបទដែលជាប់ទាក់ទង