ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បង្ហាញសមាសភាព ក្រុមជម្រើសជាតិ សម្រាប់ការហ្វឹកហាត់រដូវកាលថ្មី

87

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបង្ហាញសមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីបើករដូវកាលហ្វឹកហាត់ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ តទៅ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ជាក់ថា ការជួបជុំបង្ហាញសមាសភាពកីឡាករ កីឡាការរិនីជម្រើសជាតិកីឡាទ្រីយ៉ាត្លុងនេះ រួមមាន៖ ត្រៀមបើករដូវកាលហ្វឹកហាត់ថ្មីរបស់ក្រុមជម្រើសជាតិឈុតធំ ដែលមានចំនួន៨នាក់ ក្នុងនោះកីឡាការិនីម្នាក់ និងថ្នាល៨នាក់ ព្រមទាំងមានបម្រុងចំនួន៨នាក់ ដែលជាគោលដៅដ៏ធំចម្បងក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំថ្មីនេះមានការផ្លាស់ប្តូរកីឡាករ២រូប ដោយបានជ្រើសរើសចេញពីក្រុមយុវជន២រូប ដែលជាប់ការធ្វើតេស្តក្នុងចំណោម១០រូប ឲ្យចូលក្នុងក្រុមជម្រើសជាតិឈុតធំ។ ការជួបជុំត្រូវបានបែងចែកម៉ោងពេលហ្វឹកហាត់ ជា២ពេល ក្នុង១ថ្ងៃៗ គឺព្រឹក ម៉ោង ៦ដល់ម៉ោង៨ព្រឹក និងពេលល្ងាចព ម៉ោង៤:៣០ ដល់ ម៉ោង៧យប់។ ចំពោះទីតាំងហ្វឹកហាត់មាន៣កន្លែង ទី១-ពហុកីឡដ្ឋានជាតិអូឡាំពិក ទី២-ពហុកីឡដ្ឋានជាតិមរតកតេជោ និង ទី៣-ជិះកង់តាមផ្លូវជាតិ 6A។ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានត្រួតពិនិត្យសម្ភារៈ និងការបែងចែកកង់ សម្ភារៈ និងសំលៀកបំពាក់ឈុតថ្មី ដល់ជម្រើសជាតិទាំង២ក្រុម គឺឈុតថ្នាលយុវជន និងក្រុមឈុតធំ។

អគ្គលេខាធិការរូបនេះបញ្ជាក់បន្ថែមទៀតថា ការហ្វឹកហាត់នេះនឹងបង្កើនបាននូវគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិទាំងពីរឈុតនេះ ដើម្បីត្រៀមការប្រកួតជើងឯកថ្នាក់ជាតិកីឡាទ្រីយ៉ាត្លុង នាចុងឆ្នាំ២០២០ នៅខេត្តកែប។ ចំពោះការប្រកួតអន្តរជាតិនានា ត្រូវបានលុបចោលអស់ហើយ សម្រាប់ឆ្នាំ២០២០នេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបន្តរីករាលដាលនៅឡើយ។

សូមបញ្ជាក់ថា ទ្រីយ៉ាត្លុង គឺជាប្រភេទកីឡាអូឡាំពិក ដែលមានវិញ្ញាសាចំនួន៣បូកបញ្ជូលគ្នា គឺរត់ ជិះកង់ និងហែលទឹក។ ប្រភេទកីឡាទ្រីយ៉ាត្លុង (Triathlon) មាន ៣វិញ្ញាសាធំៗ ១-ទ្រីយ៉ាត្លុង គឺហែលទឹក ១,៥០០ម៉ែត្រ បូកជិះកង់ ៤០គីឡូម៉ែត្រ និងបន្តរត់ ១០គីឡូម៉ែត្រ។ ២- ឌូយ៉ាត្លុង (Duathlon) គឺរត់១០គីឡូម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ។ ទី៣-វិញ្ញាសាអាគ័រត្លុង (Aquathlon) រត់២,៥គីឡូម៉ែត្រ បូកហែលទឹក ១,០០០ម៉ែត្រ និងបន្តរត់ ២,៥គីឡូម៉ែត្រ ដែលទាំងអស់នេះគឺកំណត់ចម្ងាយនៃការប្រកួតស្តង់ដារអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង