ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជាជនស៊ីវិលម្នាក់ បានដកកាំភ្លើងភ្ជង់ និងវាយទៅលើកម្មករសំណង់ម្នាក់ ឲ្យរងរបួស រួចក៏រត់គេចខ្លួន

65

 

(ភ្នំពេញ)៖​ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានជនស្លៀកពាក់ស៊ីវិលម្នាក់ដកកាំភ្លើងភ្ជង់ និងវាយទៅលើជនរងគ្រោះរបួស ក្រោយពីបង្កហេតុជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចការដ្ឋានសំណង់ មួយកន្លែងខាងកើតក្រសួងការបរទេស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឃុន ឈីន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិចំបក់ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។​ ចំណែកឯជនសង្ស័យ​ មិនត្រូវបានស្គាល់អត្តសញ្ញានោះទេ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅធ្វើការនៅក្នុងការដ្ឋានសំណង់ខាងលើដូចសព្វមួយដង តែថ្ងៃនេះ បែបជាបុរសជាជនស្លៀកពាក់ស៉ីវិលខាងលើ បានហាមឃាត់មិនឲ្យចូលទៅក្នុងកន្លែងការដ្ឋាននេះ ដោយសារតែជនរងគ្រោះជាកម្មករសំណង់រូបនេះ មិនមានស្លាកសញ្ញាសំគាល់នៅលើមួក ទើបឃាត់មិនឲ្យចូល។ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នា ស្រាប់តែពេលនោះ ជនសង្ស័យដែលស្លៀកពាក់ស៊ីវិលខាងលើបានទះកំភ្លៀងទៅលើជនរងគ្រោះដែលជាកម្មករសំណង់នោះចំនួន ២កំផ្លៀង និងបានដកកាំភ្លើងភ្ជង់គំរាមបាញ់។ ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់កម្មករសំណង់ផ្សេងទៀត ដែលធ្វើការនៅទីនោះ រួចក៏រាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍ឲ្យចុះមកដល់ទីតាំងខាងលើ។

ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការសួរនាំ។

ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានប្រគល់ជនរងគ្រោះទៅឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដោយសារតែជនសង្ស័យខាងលើនេះជាមន្ត្រីយោធា ដើម្បីស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង