ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទព្រឹត្តិការណ៍ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក រាជធានីភ្នំពេញប្រចាំឆ្នាំ២០២០

75
ភ្នំពេញ៖ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២០ បន្ទាប់ក្រុមនេះបានយកឈ្នះក្រុមបាល់ទះវិទ្យាល័យ ជា ស៊ីម សាមគ្គី នៅវគ្គផ្តាច់ព្រ័ត្រដូច្នេះ ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យមន្ទីរអប់រំកាយ និងកីឡាចូលរួមការប្រកួតថ្នាក់ជាតិនានា ក្នុងឳកាសបិទដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំកាយ និងកីឡារាជធានីភ្នំពេញ និងនាយកសាលានានាក្នុងរាជធានីភ្នំពេញនៅវិទ្យាល័យបឹងកេងកង។
លោក អ៊ុក ចន្ថា បានប្រសាសន៍ថា ដោយផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឲ្យឃើញថា លទ្ធផលដែលក្រុមកីឡាទាំងអស់ទទួលបានប្រសើរគួរឲ្យកត់សម្គាល់ទាំងវិន័យ និងបច្ចេកទេស នាពេលនេះ ស្តែងឲ្យឃើញនូវការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិការបស់ប្រធានសមាគម និងក្លិបកីឡា ថ្នាក់ដឹកនាំ គ្រូបង្វឹក ក្នុងការដឹកនាំក្រុម របស់ខ្លួនចូលរួមប្រកួត។ ម្យ៉ាងទៀត ដោយមានការយកចិត្ត ទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងន័យជួយអភិវឌ្ឍវិស័យកីឡានៅក្នុងរាជធានីភ្នំពេញកំដូចជាក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកបានបន្តថា រាល់ការសម្រេចបាន ជោគជ័យនេះផងដែរ ក៏អាស្រ័យដោយគណៈកម្មការរៀបចំការប្រកួតបានខិតខំបំពេញការងារបានល្អ និងមានជំហរជាអ្នកកណ្តាល ដោយផ្អែកលើច្បាប់ នៃប្រភេទកីឡានីមួយៗ ជាពិសេសកីឡាករ ទាំងអស់ អនុវត្តបានល្អនូវវិន័យសណ្តាប់ធ្នាប់ គោរពគ្នាទៅវិញទៅមក ទទួលស្គាល់លទ្ធផលឈ្នះចាញ់ និងចេះ អនុគ្រោះគ្នាដោយផ្អែកលើច្បាប់ និងបទបញ្ជានៃការប្រកួតដែលសហព័ន្ធកីឡាជាតិបានកំណត់។
ចំពោះលទ្ធផលៈកីឡាបាល់ទះ៖ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានគ្រងតំណែងជើងឯក ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គីជើងឯករង ក្រុមវិទ្យាល័យ ហ៊ុន សែន ប៊ុន រានី ផ្សារដើមថ្កូវលេខ៣ ហើយបាល់បោះវិញក្រុម វទ្យាល័យវត្តកោះគ្រងតំណែងជើងឯក ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិជើងឯករង ក្រុមយុវជនភូមិស្រែញរលេខ៣ និងកីឡាប៉េតង់៖កីឡាករ ផាំង ភក្តីគ្រងតំណែងជើងឯក កីឡាករ ប៉ក់ បញ្ញាគ្រងតំណែងជើងឯករង កីឡាករ សេង រតនា លេខ៣ ចំណែកក្រុម៖ ក្រុមវិទ្យាល័យជា ស៊ីម សាមគ្គី១ គ្រងតំណែងជើងឯក ក្រុមបាល់ទះវិទ្យាល័យ ជា ស៊ីម សាមគ្គី២ ជើងឯករង ក្រុមបាល់ទះវិទ្យាល័យ ព្រះយុគន្ធរ។
កីឡាបាល់ទាត់៖ក្រុមយុវជនមានជ័យគ្រងតំណែងជើងឯក ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិជើងឯករង និងក្រុមវិទ្យាល័យ ច្បារអំពៅលេខ៣ រីឯកីឡាវាយកូនឃ្លីលើតុ៖កីឡាករ ហួន កុសល គ្រងតំណែងជើងឯក កីឡាករ ហេង ចាន់ធីរិទ្ធ គ្រងតំណែងជើងឯករង កីឡាករ ហេង ស៊ុនលី លេខ៣ ចំណែកជាក្រុម៖ ក្រុមវិទ្យាល័យជា ស៊ីម សាមគ្គី១ គ្រងតំណែងជើងឯក ក្រុមអនុវិទ្យាល័យ ហ៊ុន សែន ពោធិចិនតុង ជើងឯករង ៕
អត្ថបទដែលជាប់ទាក់ទង