ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរខួប១០ នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន

64

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរខួប១០នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ានដែលប្រព្រឹត្តិថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ដោយមានការអញ្ជើញចូលរួមពិធីបើកជាផ្លូវការពីសំណាក់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងលោក ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិ។
លោក អ៊ុក សំណាង អនុប្រធានក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ានបានប្រាប់ឲ្យដឹងថា ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ហៅកាត់ថា «ក្លិបអាស៊ាន» ស្ថិតនៅក្រោមសមាគមយុវជនកម្ពុជា-អាស៊ាន ត្រូបានបង្កើតឡើង នៅឆ្នាំ២០១០ ក្រោមការផ្តួចផ្តើម និងគាំទ្រដោយលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបច្ចុប្បន្ន ក្លិបអាស៊ាន មានកីឡាករ ចំនួន៩៩នាក់ ដែលមានអាយុចាប់ពីវ័យកណ្តាលឡើងទៅ ជាមន្ត្រីរាជការមកពីបណ្តាក្រសួង-ស្ថាប័ននានា ហើយភាគច្រើនជាមន្ត្រី បម្រើការងារ នៅក្នុងស្ថាប័នអប់រំតែម្តង ។
លោកបានបន្តថា ការបង្កើតក្លិបអាស៊ាននេះឡើង ក្នុងគោលបំណងចម្បង គឺចូលរួមចំណែកលើកស្ទួយ និងជួយជំរុញវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងដើម្បីរឹតចំណងមិត្តភាពរវាងក្រុមកីឡាករវ័យចំណាស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជា បានចូលរួមជាកម្លាំងចលករ ក្នុងការជម្រុញ-លើកទឹកចិត្ត ប្រជាពលរដ្ឋខ្មែរគ្រប់វ័យ ឲ្យស្រឡាញ់ និងចូលរួមលេងកីឡា ដើម្បីថែរក្សា សុខភាព បង្កើតមិត្តភាព សាមគ្គីភាព ក្រោមពន្លឺសន្តិភាព នៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច សនិ្តភាព ចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន។
សម្រាប់ការប្រកួតខាងលើនេះមានក្លិបចំនួន៦គឺក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លិបកីឡាបាល់ទាត់មេធាវីទីប្រឹក្សា ក្លិបកីឡាបាល់ទាត់បូរីរ៉ាត់ VIP (ខេត្តកំពត) ក្លិបកីឡាបាល់ទាត់គ្រុឌមាស (ខេត្តសៀមរាប) ក្លិបកីឡាបាល់ទាត់វ័យចំណាស់ដើម្បីសុខភាព និងក្លិបកីឡាបាល់ទាត់HANWOORI FC។
លោក ហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនលោកផ្ទាល់សូមវាយតម្លៃខ្ពស់ចំពោះការបង្កើតក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ានដោយក្រោមការផ្តួចផ្តើម និងគាំទ្រដោយលោក ស៊ាន បូរ៉ាត និងសូមកោតសរសើរចំពោះកីឡាករទំាងអស់ចូលរួមក្នុងក្លិបបាល់ទាត់នេះ។ ការបង្កើតមានគោលទិសពង្រឹងមិត្តភាពក៏ដូចជាលើកកម្ពស់នូវសុខភាពផងដែរ ហើយតាមរយៈការប្រកួតរាល់សប្តាហ៍របស់ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ានពិតជានាំមកនូវសាមគ្គីភាពដោយសារការប្រកួតគោរពតាមច្បាប់បាល់ទាត់៕

អត្ថបទដែលជាប់ទាក់ទង