ថាន់ ប៊ុនរ៉ុងបញ្ចប់ភួង ពិសិដ្ឋទឹកទី៣
ភ្នំពេញ៖អ្នកប្រដាល់សូដាម៉ាឡាកាំងក្លិបគោព្រៃគុនខ្មែរដែលកំពុងតែចាញប្រៀបអ្នកប្រដាល់ពេជ្រកក្កដាក្លិបចលនាយុវជន១៥៧គុនខ្មែរនោះបែរជាមានសំណាងដោយបញ្ជូនកណ្ដាប់ដៃតែមួយដៃធ្វើឲ្យគូប្រកួតរបស់ខ្លួនដួលសន្លប់ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នានាយប់ថ្ងៃទី២៦ធ្នូក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ ស្ថានភាពនៃការប្រកួត២ទឹកដំបូងទោះបីគ្មាននរណាលើនរណាក៏ពិតមែនតែចាប់ពីទឹកទី៣ទៅកក្កដាមានប្រៀបលើម៉ាឡាកាំងដាច់តែម្ដង។ការទាត់ចេញរបស់គេសុទ្ធតែចំគោលដៅបានល្អទាំងកណ្ដាប់ដៃ កែង និងជង្គង់របស់គេវ៉ៃចេញចំគោលដៅបានយ៉ាងល្អ ។
ទោះបីស្ថានភាពនៃការប្រកួតបែបនេះក៏ដោយក៏ម៉ាឡាកាំងនៅតែមិនបោះបង់ចោលស្មារតីតស៊ូឡើយ ។គេបានផ្លាស់ប្ដូរឥរិយាបទប្រកួតជាញឹកញាប់ ។មកដល់ទឹកទី៥ពួកគេប្រកួតគា្នកាន់តែសាហាវហើយនៅសល់តែ៣០វិនាទីនឹងត្រូវបញ្ចប់ទឹកទី៥នោះម៉ាឡាកាំងបានបញ្ចេញកណ្ដាប់ដៃរបៀបផ្សងព្រេងបានយ៉ាងល្អធ្វើឲ្យពេជ្រ កក្កដាសន្លប់ក្រោកលែងរួចតែម្ដង ។
ឆួន បួនក្លិបទ័ពពិសេសឆ័ត្រយោង៩១១ប្រកួតចាញ់អ្នកប្រដាល់សយ សុខក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។រវាងអ្នកប្រដាល់ទាំង២រូបនេះឆួន បួនស្គាល់សង្វៀនប្រដាល់ក្រោយសយ សុខទេតែស្ថានភាពនៃការប្រកួតសយ សុខមិនអាចធ្វោះអ្វីបានដោយស្រេចនឹងចិត្តឡើយ ។ក្នុងការប្រកួតចំនួន៥ទឹកនោះពួកគេវ៉ៃគ្នាទៅវិញទៅមកយ៉ាងជក់អារម្មណ៍ ។
ការប្រកួតយ៉ាងតឹងតែងបំផុតទោះបីការប្រកួតនេះសយ សុខជាអ្នកឈ្នះក៏ពិតមែនតែឈ្នះទាំងប្រផិតប្រផើយប៉ុណ្ណោះ ។ពួកគេទាំងអ្នកចាញ់ និង អ្នកឈ្នះសុទ្ធតែទ្រមខ្លួនដូចគ្នា ។
ថាន់ ប៊ុនរ៉ុងក្លិបកងយោធពលខេមរភូមិន្ទប្រើពេលតែ៣ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ភួង ពិសិដ្ឋក្លិបខេត្តរតនគីរីឲ្យដួលសន្លប់ក្រោកលែងរួច ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ពិសិដ្ឋជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់រហ័សតែជង្គង់របស់ប៊ុនរ៉ុងបានធ្វើឲ្យពិសិដ្ឋដួលសន្លប់មិនអាចបន្តការប្រកួតបានទៀតនៅមុនស្នូរជួងបញចប់ទឹកទី៣ ។នៅទឹកទី២ជង្គង់ប៊ុនរ៉ុងបានធ្វើឲ្យពិសិដ្ឋចុករមួលម្ដងហើយតែបន្ទាប់ពីអាជ្ញាកណ្ដាលរាប់៨ចប់គេនៅបន្តការប្រកួតបានទៀត ។
មកដល់ទឹកទី៣ពិសិដ្ឋដែលមានបំណងស្ដារដើមឡើងវិញនោះគេព្យាយាមបញ្ចេញកណ្ដាប់ដៃវាយ់សន្ធាប់លើប៊ុនរ៉ុងតែលើកនេះជង្គង់របស់ប៊ុនរ៉ុងមិនប្រណីដល់ពិសិដ្ឋឡើយគេវាយសន្ធាប់កាន់តែខ្លាំងធ្វើឲ្យពិសិដ្ឋបង្ខំចិត្តបោះបង់ចោលការប្រកួតមុនស្នូរជួងបញចប់ទឹកទី៣តែម្ដងទៅ ។
រឿង ឌីណាក្លិបម្កុដរាជសីហ៍ប្រើពេលតែ៤ទឹកប៉ុណ្ណោះធ្វើឲ្យអ្នកប្រដាល់ខ្លើយ ណានក្លបជ្រៃសែនជ័យខេត្តកំពង់ត្រូវអាជ្ញាកណ្ដាលបញ្ឈប់មិនឲ្យប្រកួតបន្តមុនស្នូរជួងបញ្ចប់ទឹកទី៤ ។
ខ្លើយ ណានពិតជាក្លាហានមែនគេសម្រុកចូលរហូតតែចូលឲ្យគូប្រកួតវ៉ៃ ។នៅទឹកទី៣ខ្លើយ ណាមត្រូវរឿង ឌីណាវាយឲ្យមានរបួសចុងភ្នែកស្ដាំ និងត្រូវអាជ្ញាកណ្ដាលរាប់៨ ។មកដល់ទឹកទី៤អ្នកប្រដាល់រូបនេះត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀតមុននឹងត្រូវបញ្ឈប់ដោយសារតែអសមត្ថភាព ៕