ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអូឡាំពិក វាយតម្លៃខ្ពស់ចំពោះក្រុមការងារ សាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងដំណាក់កាលកូវីដ-១៩

102

ភ្នំពេញ៖ឯកឧត្តមថោង ខុន ប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២៩ខែធ្នូបានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់នៃកីឡដ្ឋានធំ (Main Stadium) និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសារជូនពរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់ថ្នាក់ដឹកនាំសាងសង់ វិស្វករ និងកម្មករទាំងភាគីចិន និងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខផងដែរ។
ឯកឧត្តមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ពិសេសក្រុមហ៊ុនសាងសង់ រួមទាំងកម្មករសរុប ៥៣៤នាក់ ដែលបានខិតខំប្រឹងប្រែងសាងសង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ដោយបន្ដការសាងសង់ធម្មតានិងជំរុញឲ្យសំណង់ជាប្រវត្តិសាស្ដ្រលេចរូបរាងឡើងរហូតមកទល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដំណាច់ខែឧសភា ឆ្នាំ២០២១ ខាងមុខ។
ឯកឧត្តមបានថ្លែង ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ហើយអរគុណពួកគាត់ និងកោតសរសើរដល់កិច្ចខិតខំរបស់គាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសយើងសង្កេតឃើញក្នុងដំណាក់កាលកូវីដ-១៩ ការសាងសង់អត់មានឈប់ទេ គាត់គ្រប់គ្រងបានល្អណាស់ ទាំងកម្មករខ្មែរ និងកម្មករចិន»។
«ក្នុងដំណាក់កាលកូវីដ-១៩ ក៏ត្រូវការអ្នកជំនាញចិនប្រហែល ៥៩នាក់ ដើម្បីរៀបចំដំបូល និងការងារមួយចំនួនដែរ ហើយយើងបានសម្រួលជាមួយគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ដើម្បីឲ្យពួកគាត់បានមកតែត្រូវអនុវត្តវិធានក្រសួង
សុខាភិបាលយ៉ាងម៉ត់ចត់ ដោយធ្វើចត្ដាឡីស័ក ១៤ថ្ងៃ។ ដូច្នេះការសាងសង់នៅទីនេះ គឺអត់មានយឺតទេ ទោះការងារខ្លះយឺតតិចតួច ដោយសារសម្ភារៈមួយចំនួន ត្រូវដឹកមកពីក្រៅប្រទេស ដូចជាដំបូល ដែលដឹកនាំពីប្រទេសអាល្លឺម៉ង់ជាដើម»។
ផ្អែកលើសមិទ្ធផលដែលកំពុងបង្ហាញរូបរាងដ៏ទាក់ទាញនេះ ឯកឧត្តមបណ្ឌិតថោងខុនបានចាត់ទុកនេះគឺជាមោនទភាពជាតិមួយសម្រាប់ចំណងមិត្តភាព សាមគ្គីភាពរវាងចិន និងកម្ពុជា ហើយក៏ជាសម្បត្តិដ៏អស្ចារ្យដែលជាអនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០% បច្ចុប្បន្នក្រុមការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០% និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល បានសម្រេចលទ្ធផលប្រមាណជាង ៩០%។ រីឯការតុបតែងបន្ទប់ និងការសាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទីលានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង