ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន ដេវីដ និង យ៉ន ពិសីនរណាលើកពាន ?

360

 

ភ្នំពេញ៖វគ្គប្រកួតផ្ដាច់ព្រ័ត្រដ៏កក្រើកនៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Card បានឈានមកដល់ហើយ នៅយប់ថ្ងៃទី២មករា២០២១នេះ ។

អ្នកប្រដាល់ជើងខ្លាំង២រូប ដែលមិនទាន់ស្គាល់ពាក្យថា ចាញ់នៅក្នុងព្រឹត្តិការណ៍នេះ នឹងឡើងមកប្រជែងគ្នា លើពានដែលមានប្រាក់រង្វាន់ អមចំនួន៤.០០០ដុល្លារ រី ឯអ្នកចាញ់បាន២.០០០ដុល្លារ ។

អ្នកខ្លាំងស្រករក្រោយរិន ដេវីដ ក្លិបនាគរាជចតុមុខ ត្រូវតស៊ូជាមួយអ្នកប្រដាល់ ចាស់វស្សាយ៉ន ពិសីក្លិបសាលវ័ន្ដកីឡា ។ពួកគេសុទ្ធតែជាអ្នកខ្លាំងដូចគ្នា ដែលការប្រកួតនេះ ទោះបីនរណាឈ្នះនរណាចាញ់ ក៏ត្រូវទៅសម្ងំដេកលេបថ្នាំគ្រាំដូចគ្នាដែរ ។ដេវីដជាអ្នកប្រដាល់វ័យក្មេង ដែលមានចរឹកឆេវឆាវបន្តិច នៅលើសង្វៀនគេមិនដែលអនុគ្រោះ ឲ្យគូប្រកួតឡើយ គឺបើគេស៊ីបាននោះគេស៊ីភ្លាមដោយមិនរង់ចាំយូរឡើយ ។ គេជាអ្នកប្រដាល់ ដែលចូលចិត្តវ៉ៃប្ដូរកែង និង ជង្គង់ជាមួយគូប្រកួត ដោយគ្មានញញើត ។ ចំពោះពិសីវិញ គេវ៉ៃតាមរបៀមមនុស្សចាស់ ដោយមិនឆេវឆាវឡើយ ព្រោះកម្លាំងរបស់គេ មិនដល់ដេវីដ ។
តែសម្រាប់ការប្រកួត ដែលមានតែ៣ទឹកបែបនេះ ទំនងជាមិនជាឧបសគ្គដល់ពិសីឡើយ ។ ពិសីគេមានប្រវត្តិប្រកួត ចំនួន៤០ដង ឈ្នះ៣០ដង ចាញ់៧ដងស្មើពិន្ទុ៣ដង និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់បានចំនួន១២ ដង ។ ចំពោះរិន ដេវីដវិញ គេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៤៥ដង ចាញ់១២ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួត ឲ្យសន្លប់បានចំនួន២ដង ។

ជើងខ្លាំងទាំង២រូបនេះ មិនដឹងថារិន ដេវីដ ជាអ្នកលើកពាន ឬ ក៏យ៉ន ពិសីជាអ្នកលើកពាននោះឡើយ ។ សម្រាប់ពួកគេទាំង២រូបនេះសុទ្ធតែអះអាងថា គេត្រៀមខ្លួនបានល្អណាស់ សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះ ពិសេសនៅក្នុងក្លិប ដើម្បីហ្វឹកហាត់មិនដែលប្រហែសនោះទេ ។ ពួកេសុទ្ធតែត្រូវការរង្វាន់ ៤.០០០ដុល្លារដូចគ្នា តែបើចាញ់ក៏បាន២.០០០ដុល្លារដែរ ។

ចំពោះការប្រកួតដណ្ដើម ចំណាត់ថ្នាក់លេខ៣វិញនោះ អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់សាន់ សំអុន ក្លិបអារុណរះកីឡា ជួបប្រកួតជាមួយ អ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធ ។
អ្នកប្រដាល់ទាំង២រូបនេះ ក៏សុទ្ធតែអះអាងថា គេត្រៀមខ្លួនបានល្អដូចគ្នា ព្រោះទោះបីគេបាត់បង់ឱកាស ប្រជែងយកចំណាត់ថ្នាក់លេខ១ ក៏ពិតមែនតែគេក៏ត្រូវការ ចំណាត់ថ្នាក់លេខ៣ដែរ ។សម្រាប់ចំណាត់ថ្នាក់លេខ៣ បានទទួលរង្វាន់ចំនួន៧៥០ដុល្លារ ចំពោះអ្នកចាញ់ហើយបានចំណាត់ថ្នាក់លេខ៤នោះ មានរង្វាន់លួងចិត្តចំនួន៥០០ដុល្លារដែរ ។ ចាំមើលនរណា ប្រជែងបានចំណាត់ថ្នាក់លេខ៣ ?

ចំពោះគូប្រកួតអម ក្រៅព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Card វិញនោះ អ្នកប្រដាល់ឯម ដារ៉ូក្លិបថ្មគោលខ័ណ្ឌពោធិសែនជ័យ ប្រកួតជាមួួអ្នកប្រដាល់សោម វិឆ័យ ក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

ដារ៉ូមិនសូវមាននរណាស្គាល់ទេ តែចំពោះវិឆ័យវិញ គេជាអ្នកប្រដាល់ ដែលមានជើងរន្ទះ ។ មានអ្នកប្រដាល់មិនតិចទេ ដែលដួលសន្លប់ ដោយសារស្នៀតទាត់ផ្កាប់ចាន របស់វិឆ័យ ។ មន្ត្រីផ្គូផ្គងនិយាយថា ដារ៉ូមិនអន់ទេគេ អាចនឹងធ្វើឲ្យវិឆ័យ វេទនាផងក៏មិនដឹង ចាំមើលនរណាឈ្នះ ?

ខ្លាចាស់ថា សារុនក្លិបពុទ្ធសេរីវង្ស ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយ អ្នកប្រដាល់ជើងចាស់ដូចគ្នា គឺឆាយ មាស មកពីក្លិបសំរោងកោងខេត្តបាត់ដំបង ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង