ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជាការដ្ឋានទ័ពពិសេស មានវិសាលភាពធំធេង ក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម

93

 

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់បចេ្ចកទេសលោតឆត្រយោង សម្ពោធសមិទ្ធផល បិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០, ខេត្តកំពង់ស្ពឺ, ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១៖

១. សូមនាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ច កាល តែងគិតគូរអំពីសុខទុក្ខ ហើយយកចិត្តទុកដាក់ចំពោះយោធិនទាំងអស់ព្រមទាំងក្រុមគ្រួសារ និងបានជួយជ្រោម ជ្រែងដល់កិច្ចការហ្វឹកហ្វឺន។ ជាក់ស្តែងសមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធថ្ងៃនេះមាន អគារស្នាក់នៅរបស់សិក្ខាកាម និងអគារអាហារដ្ឋាន រួមទាំងអគារសំណង់បច្ចេកទេសឆត្រយោងដែលទើបត្រូបានបញ្ចុះបឋម សិលាសាងសង់ ជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាផ្នែកមួយនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់បម្រើឱ្យការងារហ្វឹកហ្វឺនជំនាញទ័ពពិសេស ដែលស្ថិត នៅក្នុងលំដាប់ការងារអាទិភាពមួយរបស់កងទ័ពជើងគោក។

២. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយទីនេះឲ្យទៅជាកន្លែងហ្វឹកហ្វឺនក្នុងការលោតឆត្រដែលជាមូលដ្ឋានរឹងមាំ ដើម្បីកសាងនូវទីតាំងយូរអង្វែង ហើយស្របពេលដែលអង្គភាព៩១១ បាន ប្រែក្លាយខ្លួនពីកងពលតូចទៅ ជាបញ្ជាការដ្ឋានទ័ពពិសេស ដោយបង្កើននូវវិសាលភាពតួនាទី និងភារកិច្ចកាន់តែធំ ជាងមុន។ ទីតាំងនេះ នឹងជាមូលដ្ឋានសម្រាប់ជួយពង្រឹងជំនាញទ័ពពិសេសសម្រាប់គ្រប់អង្គភាពចំណុះ ក៏ដូចជាគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានទ័ពពិសេសមានវិសាលភាពធំធេងក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដោយហេតុថាជំនាញទ័ពពិសេសនេះគឺជាតម្រូវការចំាបាច់សម្រាប់បរិបទថ្មីនៃសង្រ្គាមបែបមិនប្រពៃណីដូចជាគ្រោះមហន្តរាយធម្មជាតិ និងអំពើភេរវកម្ម ជាដើម។

៣. សូមអរគុណ និងកោត សរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលកន្លងមកបានចាត់វិធានការប្រុងប្រយ័ត្នរឹងមាំ និងបានអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ដោយមិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩ នៅ ឡើយ។ ស្ថានភាពទូទៅក្នុងពិភពលោកបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរ ស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួនកំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះយើងមិនអាចមើលស្រាល ឬធ្វេស ប្រហែសនឹងបញ្ហានេះឡើយ។ យើងត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ ស្កាត់ការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយ តបតាមផែនការទិសដៅការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ។

៤. សូមអបអរសាទរ និងកោត សរសើរចំពោះសិក្ខាកាមទាំង អស់ដែលបានហែលឆ្លងបញ្ចប់វគ្គហ្វឹកហ្វឺនដ៏លំបាកនេះ។ ជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយ សម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការជម្នះនូវការលំបាកគ្រប់បែបយ៉ាង ហើយគឺមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់រូប ជា មួយការសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្តរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅបំពេញរាល់ភារកិច្ចឱ្យទទួលបានជោគជ័យនិងកាន់ តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។

៥. សូមអរគុណចំពោះថ្នាក់ ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ ភាគីមិត្ត និងសប្បុរសជនទាំងអស់ ដែលបានជ្រោម ជ្រែងក្នុងកិច្ចការកសាងសមត្ថភាពកងទ័ពលើគ្រប់ផ្នែកទាំងការកសាងហេដ្ឋាចរនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងការធានាផ្សេងៗ។ ទាំងអស់នេះបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ និយាយបកត្រឡប់ទៅវិញ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ជាការផ្តល់នូវឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ ជាពិសេសក្នុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក៕

អត្ថបទដែលជាប់ទាក់ទង