ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ជាគោលការណ៍​សំខាន់ សម្រាប់​រក​អ្នកមាន​ជំនាញ និង​សក្តានុពល​ខ្ពស់​

70

ភ្នំពេញ​៖​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ចំបាប់​បុរាណសម័យ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​ក្លិប​កីឡា​ចំបាប់​ក្រសួងមហាផ្ទៃ​ដណ្តើម​ឈរ​លំដាប់​លេខ​១​កំពូល​តារាង​ប្រកួត​ដោយ​ដណ្តើមបាន​មេដាយ​ទាំងអស់​២១​គ្រឿង ខណៈ​ក្លិប​កីឡា​ចំបាប់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទទួលបាន​ជើងឯក​រង​។

ក្នុង​ឳ​កាស​ពិធី​បំពាក់​មេដាយ និង​ប្រគល់​ប្រាក់រង្វាន់​ជ័យលាភី​នា​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​តំណាង​ឲ្យ​ឯកឧត្តម​វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​លោកស្រី​មនោ រម្យ អនុប្រធាននាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ។

​លោក​ខេ​ស៊ី​បា​ណេ​ត​បាន​មានប្រសាសន៍ថា​ចំបាប់​ជា​ប្រភេទ​កីឡា​ដែលមាន​សក្តានុពល​ដោយ​តាមរយៈ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​មួយ​នេះ​គឺជា​ការចាប់ផ្តើម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​ជាមួយនឹង​ក្តី​រំពឹងថា​នឹង​ឈ្នះ​មេដាយ​ផងដែរ​។
​ដូច្នេះហើយ​យើង​ត្រូវ​ត្រៀមខ្លួន​បន្ត​ការហ្វឹកហាត់​ដើម្បី​នាំយក​នូវ​មោទនភាព​ជាតិ​ពី​ការប្រកួត​នេះ​ក៏ដូចជា​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​ចំបាប់​កម្ពុជា​ដូចគ្នា​ផងដែរ​។ លើសពី​ការរៀបចំ​ប្រកួត SEA GAMES ឆ្នាំ​២០២៣ នៅ​កម្ពុជា យើង​មិន​ភ្លេច​ពី​ការចូលរួម​ថែរក្សា​វប្បធម៌​ខ្មែរ​យើង​ផងដែរ ដោយសារ​ប្រភេទ​កីឡា​ចំបាប់​កម្ពុជា គឺមាន​វិញ្ញាសា​ចំបាប់​អន្តរជាតិ (​សម័យ​ទំនើប​) និង​វិញ្ញាសា​ចំបាប់​បុរាណ ជា​វប្បធម៌​ខ្មែរ ដោយ​នៅលើ​ប្រាសាទបុរាណ​របស់​ខ្មែរ​ក៏បាន​ចម្លាក់​នូវ​ចំបាប់​បុរាណ​នេះដែរ​។

​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​រូបនេះ​ក៏បាន​លើកឡើង​ទាក់ទង​នឹង​ការត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ​នៅ​ក្នុ​ព្រឹត្តិការណ៍​SEA GAMES​លើក​ទី​៣១​នា​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​នៅ​ប្រទេស​វៀតណាម​ដែរ​ដោយ​សហព័ន្ធ​នឹង​រៀបចំខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​តាមរយៈ​ការស្វែងរក​បន្ថែម​នូវ​គ្រូបង្វឹក​អន្តរជាតិ​និង​គម្រោង​បញ្ជូន​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​បន្ថែម​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បង្កើន​គុណភាព បទពិសោធន៍ ក្នុងការ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ផង និង​នាំយក​គ្រូបង្វឹក​អន្តរជាតិ​មក​បង្ហាត់បង្រៀន កីឡាករ​-​កីឡាការិនី នៅក្នុង​ស្រុក​ផង​។

​សម្រាប់​បេក្ខភាព SEA GAMES នៅ​ប្រទេស​វៀតណាម គឺ​ការជ្រើសរើស​កីឡាករ​-​កីឡាការិនី​ចេញពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ហើយ​គោលការណ៍​សំខាន់​និង​ក្រមសីលធម៌​គឺថា​អ្នកណា​ដែលមាន​ជំនាញ​ខ្ពស់​ជាងគេ​មាន​សក្តានុពល​ខ្ពស់​ជាងគេ​នឹងត្រូវ​ជ្រើសរើស​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​SEA GAMES ឆ្នាំ​២០២១៕​

អត្ថបទដែលជាប់ទាក់ទង