ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អូស្ត្រាលី​នឹង​ផ្តល់​ជំនួយឥតសំណង ប្រមាណ​ជា​២៨​លាន​ដុល្លារ សម្រាប់​ការធ្វើ​លទ្ធកម្ម និង​ការចាក់​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ក្នុងប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៣

50

​ភ្នំពេញ ៖ ប្រទេស​អូស្ត្រាលី​នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន​៣៥.៧​លាន​ដុល្លារ​អូស្ត្រាលី​(​ស្មើនឹង​ចំនួន​ប្រមាណ​ជា​២៨​លាន​ដុល្លារ​អា​មេ​រិច​) សម្រាប់​ការធ្វើ​លទ្ធកម្ម និង​ការចាក់​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ក្នុងប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៣​។​

​ឯកឧត្តម​អគ្គរាជទូត Kang បាន​មានប្រសាសន៍ថា “​ជំនួយ​របស់​យើង​នឹង​ជួយ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​កម្ពុជា​យ៉ាងហោចណាស់​ចំនួន​១.៥​លាន​នាក់ ហើយ​និង​ជួយឧបត្ថម្ភ​កម្ពុជា ក្នុងការ​ទទួលបាន​ទូទាំងប្រទេស​នូវ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​”​។​

​ថ្ងៃនេះ ឯកឧត្តម​អគ្គរាជទូត Kang និង​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានរួម​គ្នា​ធ្វើ​សេចក្តីប្រកាស​អំពី​ជំនួយ​ខាងលើនេះ​។​

​ជំនួយ​ថ្មី​បំផុត​នេះ នឹង​ជាការ​បន្ថែម​ទៅលើ​ថ្នាំ​វ៉ាក់សាំង​ដែល​កម្ពុជា​នឹង​ទទួលបាន​ដោយ​មិន​គិតថ្លៃ​តាមរយៈ​យន្តការ​ពហុភាគី (COVAX) ដែល​អាច​គ្របដណ្តប់រ​ហូត​ដល់​២០​ភាគរយ នៃ​ប្រជាជន​កម្ពុជា​។ ប្រទេស​អូស្ត្រាលី​ក៏បានផ្តល់​ជំនួយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​យន្ត​ការ​នេះ​ផងដែរ​។​

​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម​ស្តីពី ការគាំទ្រ​របស់​អូស្ត្រាលី​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។​

​នា​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ កម្ពុជា និង​អូស្ត្រាលី សូម​ប្រកាស​ជា​ផ្លូវការ​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្តល់​ហិរញ្ញ ប្ប​ទាន​ឥត​សំណង​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣៥,៧ លាន​ដុល្លារ​អូស្ត្រាលី (​ស្មើនឹង​ប្រមាណ ២៨ លាន​ដុល្លារ​អាមេរិក​) សម្រាប់​ចូលរួមចំណែក​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក នៅ​កម្ពុជា​។​

​ហិរញ្ញប្បទាន​ឥត​សំណង​របស់​អូស្ត្រាលី​នេះ អាច​នឹង​រួមចំណែក​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ១,៥ លាន នាក់​។ ការរួមចំណែក​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​កាន់តែ​ឆាប់រហ័ស​នូវ​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ជូន​ប្រជាជន​កម្ពុជា​ឱ្យបាន ៨០% នៃ​ចំនួន​ប្រជាជន​សរុប​។

​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹងត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​សម្រាប់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផ្តល់ជូន​ប្រជាជន​កម្ពុជា និង​មួយចំនួន​តូច​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បែងចែក និង​គ្រប់គ្រង​វ៉ាក់សាំង​, ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​, និង​ដើម្បី​ធានាថា ប្រជាជន​កម្ពុជា​អាច​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់ អំពី​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​នេះ​។

​ឯកឧត្តម ផា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងនាម ជា​អ្នកជិតខាង និង​ជា​មិត្ត​ដ៏​យូរអង្វែង​របស់​កម្ពុជា អូស្ត្រាលី​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង ការគាំទ្រ​កម្ពុជា​ក្នុង​គ្រា​លំបាក​នេះ​។ អូស្ត្រាលី​ទទួលស្គាល់ថា គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាព​ទេ ប្រសិនបើ​គ្រប់គ្នា​មិនទាន់មាន​សុវត្ថិភាព ហើយ​ការគាំទ្រ​របស់​អូស្ត្រាលី​នឹង​ការជួយ​ដល់​កម្មវិធី ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​-១៩ ជូន​ប្រជាជន​កម្ពុជា​បាន​យ៉ាងហោចណាស់​ចំនួន ១,៥ លាន​នាក់ និង ការចាក់​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក នៅ​កម្ពុជា​។​

​ដ្បិត​កម្ពុជា​បាន​ចៀសផុត​នូវ​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ការផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ប្រជា​ជាន​កម្ពុជា​ឱ្យបាន​ទូទាំងប្រទេស នៅតែ​ជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ទប់ស្កាត់ និង​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ នាពេល​អនាគត និង​ការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​អូស្ត្រាលី ដែល​ឆ្លើយតប​នឹង​តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាជន និង​សេដ្ឋកិច្ចកម្ពុជា​។ ឯកឧត្តម​បាន​បន្តទៀតថា យើងខ្ញុំ​សូម​សារ​ទរ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ចំពោះ​ស្មារតី​សាមគ្គីភាព និង​ការប្តេជ្ញាចិត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​រួមគ្នា ដែលនាំឱ្យ​យើង​អាច​ស្តារ​សេដ្ឋកិច្ច និង​វិបុលភាព​របស់​យើងទាំងអស់គ្នា​ឡើងវិញ ។

​ការផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ គឺជា​ជំនួយ ដែល​បន្ថែម​លើ​ជំនួយ​អភិវឌ្ឍន៍​ចំនួន ៦៦ លាន​ដុល្លារ​អូស្ត្រាលី (​ស្មើនឹង​ប្រមាណ ៥០ លាន​ដុល្លារ​អាមេរិក​) ដែល​រដ្ឋាភិបាល​អូស្ត្រាលី នឹង​ផ្តល់ជូន​កម្ពុជា​ក្នុង​ឆ្នាំ ២០២១ ស្ថិតក្រោម​ផែនការអភិវឌ្ឍន៍​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ -១៩ កម្ពុជា​-​អូស្ត្រាលី ដែល​បានប្រកាស​ដាក់ឱ្យអនុវត្ត​ការ​ជា​ផ្លូវការ កាលពី​ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​មានប្រសាសន៍ថា ការផ្តល់​មូលនិធិ​សហប្រតិបត្តិការ សម្រាប់​ការអភិវឌ្ឍ​ជាប្រចាំ​របស់​យើង នឹង​ផ្តោតលើ​ការគាំទ្រ​ដល់​ការឆ្លើយតប​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅនឹង​ជំងឺ​រាតត្បាត ហើយ​ការ​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ -១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ នឹង​បំពេញបន្ថែម​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ផងដែរ​ថា ការផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ -១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ គឺជា​ការបង្ហាញ​ជាថ្មី អំពី​ការប្តេជ្ញាចិត្ត ដ៏​យូរអង្វែង និង​ការគាំទ្រ​ប្រកបដោយ​និរន្តរភាព​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​អនាគត​ដ៏​រុងរឿង​របស់​កម្ពុជា​។

​ការផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ ជាការ​បំពេញបន្ថែម​លើ​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​នឹង​ទទួលបាន​ពី CovAX ដែល​
​គ្រោង​សម្រាប់ ២០% នៃ​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ ។ រដ្ឋាភិបាល​អូស្ត្រាលី ក៏បាន​រួមចំណែក​ផ្តល់​មូលនិធិ​ដល់ covAX ដែរ​៕

អត្ថបទដែលជាប់ទាក់ទង